កំពត ៖ ក្នុងពេលថ្មីៗនេះមានប្រភពច្បាស់ការណ៍លួចទំលាយថា ស្រុកកំពង់ត្រាច គឺជាស្រុកមួយជាប់លំដាប់ខ្ពស់ ដែលមាន ល្បែងស៊ីសងកន្ទុយលេខរីកដុះដាលដូចផ្សិត ប៉ុន្តែបទល្មើសមួយនេះហាក់ពុំដែលមានការរំខានពីអាជ្ញាធរនិងសមត្ថកិច្ចឡើយ។
បើតាមប្រភពពីប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុងអាណាចក្រស្រុកកំពង់ត្រាច បានបង្ហើបថា ក្នុងទីប្រជុំជនស្រុកកំពង់ត្រាច មានមេស៊ីសងកន្ទុយលេខជាច្រើននាក់សុទ្ធតែរកស៊ីមុខរបរនេះស្ទើដុះស្លែទៅហើយ តែពុំដែលមានការព្រមានពីសំណាក់អាជ្ញាធរនិងជំនាញ ដូចជា គ្រូងួន លី កុងហ៊ ម៉ែបញ្ញា ជាដើម ដែលគេដឹងថា មេកន្ទុយលេខប៉ុន្មាននាក់ខាងលើប្រកបមុខរបរជាមេឆ្នោតជាយូរមកហើយ ដោយមានកូនកញ្ច្រែងដើរកត់កន្ទុយលេខដ៏ពពាក់ពពូន ដូចលក់ដូរនំចំណីអីចឹងដែរ ជួនកាលដើរកត់លេខតាមទីប្រជុំជននិងតាមផ្ទះប្រជាពលរដ្ឋ មើលទៅគេមិនខ្លាចក្រុមអាជ្ញាធរនិងក្រុមសមត្ថកិច្ចលើយ។ចំណែកនៅផ្លូវបំបែកឃុំអង្គសុរភី ក្នុងស្រុកកំពង់ត្រាច ក៏មានមេកន្ទុយលេខដុះស្នឹមម្នាក់ទៀតឈ្មោះពូ ប្រុស ដែលបច្ចុប្បន្នកំពុងរស់នៅសោយសុខ នឹងការប្រមូលផលពីមុខរបរល្បែងកន្ទុយលេខ ហើយគេក៏ដឹងថាពូប្រុសនេះ មានកូនកញ្ច្រែងមិនក្រោម៤០នាក់ទេ ដោយមួយថ្ងៃៗមេឆ្នោតម្នាក់នេះប្រមូលប្រាក់រាប់លាន ហើយគេដឹងថាមេឆ្នោតឈ្មោះពូប្រុសនេះ មានសាខានៅឯឃុំព្រែកក្រឹស(តន់ហន់)ដែលមានអ្នកចាំទទួលកត់លេខឆ្នោតនិងប្រមូលលុយស៊ីភាគរយនៅទីនោះ ចំណែកពូប្រុសពេលល្ងាចអង្គុយគងអន្ទាក់ខ្លានៅផ្ទះចាំទទួលប្រាក់យ៉ាងរំភើយ គ្មានភ័យព្រួយ គ្មានបារម្មណ៍អី្វឡើយ។
ប្រភពជឿរជាក់បានទំលាយទៀតថា កន្លងមកធ្លាប់ឃើញសមត្ថកិច្ចចាប់មេឆ្នោតក្នុងស្រុកកំពង់ត្រាចម្តងដែរ ប៉ុន្តែមិនបានមួយចំអិនកំពិសផងក៏ដោះលែងវិញ ហើយក្រុមមេកន្ទុយលេខក៏ចាប់ផ្តើមបើកមុខរបរកាន់តែរីកដុះដាលនិងមានសន្ទុះខ្លាំងជាងមុនទៅទៀត ដោយបញ្ហានេះគេមិនដឹងថាមានការសិះស៊ុះគ្នាតាមវិធីណារវាងមេកន្ទុយលេខនិងសមត្ថកិច្ចនោះទេ។ប្រភពខាងលើបានប្រាប់បន្ថែមទៀតថា ក្រៅពីមេស៊ីសងកន្ទុយលេខនៅក្នុងទីប្រជុំជនស្រុកកំពង់ត្រាច ក៏មានមេឆ្នោតធំៗជាច្រើននាក់ទៀតដែលកំពុងសំងំកើបលុយក្នុងរបរជាមេកន្ទុយលេខ ដូចជាក្នុងឃុំឫស្សីស្រុកខាងលិច ដែលជាឃុំស្ថិតក្នុងតំបន់ជាយដែ គឺមានបទល្មើសល្បែងស៊ីសងកន្ទុយលេខយ៉ាងពេញបន្ទុក តែអាជ្ញាធរនិងសមត្ថកិច្ចហាក់មិនដែលខ្វាយខ្វល់បន្តិចលើយ ទោះជាចង់មានអ្នកកត់លេខឆ្នោតរាប់សិបនាក់ដើរកត់បង្អួតបែបណាក៏ដោយចុះ។
ជាមួយនេះ ប្រជាពលរដ្ឋក្នុងតំបន់បានរិះគន់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចជំនាញ ហាក់គ្មានចំណាត់ការទៅលើក្រុមមេស៊ីសងកន្ទុយលេខទាំងនោះឡើយ ម្យ៉ាងទៀតអ្នកប្រកបរបរស៊ីសងកន្ទុយលេខ មើលទៅដូចជាមិនដែលខ្លាចអាជ្ញាធរនិងសមត្ថកិច្ចបន្តិចលើយ ក្រែងអាចត្រូវមន្តសណ្តំរបស់មេឆ្នោតនោះក៏មិនដឹង។
ទាក់ទិននឹងល្បែងស៊ីសងកន្ទុយលេខ កំពុងកើតឡើងយ៉ាងកក្រើកក្នុងអាណាចក្រខាងលើ អ្នកយកព័ត៌មានពុំអាចសុំការបំភ្លឺ ពីលោក សេង សុគន្ធចាត អធិការនគរបាលស្រុកកំពង់ត្រាចបានទេ នៅរសៀលថ្ងៃទី៤ខែតុលា ឆ្នាំ២០១៧ ដោយសារទូរស័ព្ទរបស់លោកស្ថិតក្នុងតំបន់ក្រៅសេវា។/ ណារិទ្ធ



