ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្វពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកសំពះព្រះខែប្រពៃណីជាតិលើកទី១៦ក្នុងឱកាសអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា នៅដងស្ទឹងសង្កែនារសៀលថ្ងៃទី៤និងទី៥ខែតុលាឆ្នាំ២០១៧ក្រោមអធិបតីភាព លោក ងួន រតន: អភិបាលស្តីទីខេត្តបាត់ដំបង លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ គណប្រតិភូខេត្តសុរិន្ទព្រះរាជាណាចក្រថៃឡងដ៍ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងនិង ប្រតិភូខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន សៀមរាប ថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរស្ថាប័នរដ្ឋ ឯកជននានា ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កីឡាក កីឡាកានី ទូកសរុបប្រមាណ១,០៩៥នាក់ មានទូកចំនួន៣០ទូកនិងភ្ញៀវជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។
បន្ទាប់ពីរបាយការណ៍និងមតិស្វាគមន៍របស់លោក ងួន រតន: អភិបាលស្តីទីនិងជាប្រធានគណកម្មការរៀបចំអុំទូកខេត្ត បានបញ្ជាក់នៅក្នុងរបាយការណ៍ថា ខេត្តបាត់ដំបងបានរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្តនេះបានធ្វើឡើងចាប់តាំងពីឆ្នាំ២០០០មក និងបន្តធ្វើជារៀងរាល់ឆ្នាំរហូតមក នៅក្នុងឆ្នាំ២០១៧នេះ។
គណកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញាតិឱ្យធ្វើពិធីបុណ្យអុំទូកថ្នាក់ខេត្ត និងថ្នាក់ជាតិនេះឡើងវិញរួចមក ខេត្តបាត់ដំបងយើងបានប្រារពពិធីបុណ្យអុំទូកនេះឡើងវិញ ដើម្បីអបអររំលឹកខួបដល់វីរកងទ័ពជើងទឹកដ៏អង់អាចខ្លាហានដែលបានប្រយុទ្ធយកជ័យជំនះលើខ្មាំងសត្រូវដែលមានស្នាដៃជាប្រវត្តិសាស្ត្ររបស់កងទ័ពជើងទឹកខ្មែរយើងកាលពីសម័យមុនផងដែ។
លោក ងួន រតន: បានបញ្ជាក់ថា ទូកដែលរដ្ឋបាលខេត្តបានរៀបចំប្រកួតនាឆ្នាំនេះ គឺមាន៣០ទូក កីឡាករ កីឡាការនី ចំនួន១,០៩៥ នាក់ មានកីឡាករបម្រុងមានចំនួន២៨២នាក់ ក្នុងនោះ មានទូកវែងប្រពៃណីជាតិបុរស់៧គ្រឿងទូកនារី៣គ្រឿង ទូកខ្លីប្រពៃណីជាតិ១២គ្រឿង ទូកង.ប្រពៃណីជាតិ៥គ្រឿង និងទូករបស់ខេត្តសុរិន្ទប្រទេសថៃ១គ្រឿង និងប្រតិភូខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង ដោយមានក្រុមប៉ារ៉ាទ័រ(គោមហោះ)មិត្តភាពកម្ពុជាថៃ ចំនួន១២គ្រឿងផងដែរ
ហើយរយៈពេល២ថ្ងៃគឺថ្ងៃទី៤និង៥ខែតុលាឆ្នាំ២០១៧ដើម្បីអបអរសាទេថ្ងៃបុណ្យចេញព្រះវស្សា គឺថ្ងៃ១៤-១៥កើតពេញបរមី ខែភទ្របទដើម្បីភ្ជាប់ទៅនិងប្រពៃណីរបស់បងប្អូនខ្មែរយើងនៅខេត្តបាត់ដំបង ដែលតែងតែធ្វើជារៀងរាល់ឆ្នាំរហូតមក។
លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ស្វាគមន៍ទៅកាន់អង្គពិធីនិងបានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំរៀបចំពិធីនេះឡើងនាពេលនេះដើម្បីអបអរសាទរបុណ្យអុំទូកថ្នាក់ខេត្ត នេះឡើងដើម្បីជ្រើសរើសចំណាត់ថ្នាក់ល្អ យកទៅប្រកួតនៅរាជធានីភ្នំពេញនាពេលខាងមុខនេះនិងបានប្រកាសបើកពិធីបុណ្យអុំទូកនេះចាប់ពីពេលនេះតទៅ។
បន្ទាប់ពីគណៈអធិបតីបានប្រកាសហើយ ក្រុមកីឡាករ កីឡាការនីទូកទាំងអស់បានចូលប្រកួតបន្ទាប់ពីគណៈកម្មការបច្ចេកទេសអុំទូកខេត្តបានរៀបតាមគូរប្រកួតដែលបានគ្រោងទុកស្រាប់ និងមានការដាក់តាំងពិពរណ៌ជាច្រើនស្តង់នៅពេលយប់ក៏មានបាញ់កាំជ្រួច បង្ហោះគោម អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ប្រគំតន្ត្រីសម័យកម្តរនៅពេលរាត្រីផងដែរ ៕





