ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ឋទៅនឹងករណីជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១១ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៧ម្សិលមិញនេះ នៅចំណុចភូមិក្បាលកោះសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។បើតាមលោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ជនសង្ស័យទាំង៣នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននោះរួមមាន៖ទី១/ឈ្មោះ សៀង ស្រីណែត អាយុ១៦ឆ្នាំ,ទី២/ឈ្មោះ សៀង ហួរ អាយុ១៨ឆ្នាំនិងទី៣/ឈ្មោះ ឡៃ ហួរ អាយុ៤៦ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖ការចុះប្រតិបត្តិការបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញានិងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យនិងដឹកនាំដោយលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់និងរឹបអូសបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅខេទឹកកកចំនួន១ថងទម្ងន់១០១,៩ក្រាមនិងយ៉ាម៉ាចំនួន២០ថង់ស្មើរ៤,០៣៣គ្រាប់,ម៉ូតូ១គ្រឿង,ទូស័ព្ទដៃ២គ្រឿង,គ្រាប់អាប៉ោងចំនួន៤គ្រាប់និងជញ្ជីងថ្លឹងថ្នាំញៀន១ ។
លោកបញ្ជាក់ទៀតថា ៖ ជនសង្ស័យប្រុស ស្រីទាំង៣នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១ខែតុលាឆ្នាំ២០១៧នេះដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕





