ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ គេសង្កេតឃើញផ្លូវលំ១ខ្សែ ដែលមានប្រវែង៨គីឡូ ម៉ែត្រ ទទួលរងការខូចខាតក្លាយជាជង្ហុកតូចធំ និងដាច់ខូចអស់ច្រើនកន្លែង ជាអន្លើៗ នៅត្រង់ចំ ណុចបថ្មី រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នេះ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន ម៉ៅការឱ្យក្រុមហ៊ុនឯកជនមួយមកពីខេត្តពោធិសាត់ យកគ្រឿងចក្រទៅឈូសឆាយធ្វើសារជាថ្មីឡើងវិញ សម្រាប់ងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិបតាំងស៊ូ ភូមិបយ៉ាខា និងភូមិផ្សេងៗទៀត ក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ធ្វើដំណើរចេញចូលទៅមក និងដឹកកសិផលយកទៅលក់ដូរនៅឯស្តង់ បានទាន់ពេលវេលា ។
ប្រភពព័ត៌មានពីលោក កង បូរ៉ា អាយុ៣៨ឆ្នាំ ជាមេការក្រុមហ៊ុនឯកជនមួយមកពីខេត្តពោធិ៍សាត់ បានឱ្យដឹងថា ខាងក្រុមហ៊ុនរបស់លោកបានម៉ៅការធ្វើផ្លូវលំខាងលើ ដែលទទួលរងការខូចខាតដោយសារទឹកភ្លៀង ដោយយករថយន្ត និងគ្រឿងចក្រទៅឈូសឆាយ ហើយក៏ដឹកដីចាក់ពី លើបន្ថែមទៀត ឱ្យបានខ្ពស់ជាងមុន ។
លោកបន្តទៀតថា ការធ្វើផ្លូវលំនេះ មានបណ្តោយប្រវែង៨គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រ ហើយខាងក្រុមហ៊ុន បានធ្វើស្ពានបង្ហូរទឹក ១កន្លែង ។ ផ្លូវនេះ ធ្វើភ្ជាប់ ចាប់ពីគល់ស្ពានថ្ម បតាំងស៊ូវ រហូតដល់ជាប់នឹងផ្លូវក្រវាត់ព្រំដែនកម្ពុជាថៃ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹង កាច់ តែម្តង ។
លោកបញ្ជាក់ថា ផ្លូវលំខាងលើ ទទួលរងការខូចខាតអស់រយ:ពេលជាយូរមកហើយ បណ្តាលឱ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរចេញចូលទៅមក ទើបខាងអាជ្ញាធរខេត្តប៉ៃលិន បានដាក់ឱ្យលោកដេញថ្លៃ ចុះទៅធ្វើការឈូសឆាយ ពង្រាបដីខ្ពស់ និងចាក់លុបជង្ហុក ព្រមទាំងក្រា លក្រួសក្រហម ។
ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិបតាំងស៊ូ ភូមិបយ៉ាខា សង្កាត់បយ៉ខា ដែលមានចម្ការនៅក្បែរផ្លូវខាងលើ មានការសប្បាយរីករាយយ៉ាងខ្លាំង ខណ:ឃើញអាជ្ញាធរបានរៀបចំធ្វើផ្លូវជូនពួកគាត់ប្រើប្រាស់ប្រចាំថ្ងៃ ហើយលើសពីនេះ ផ្លូវ១ខ្សែនេះ អាចជួយសម្រួលដល់ការដឹកកសិផល ដូចជាពោត ដំឡូងមី និងដំណាំហូបផ្លែផ្សេងៗ ដែលពួកគាត់បានដាំបាន យកទៅលក់យ៉ាងឆាប់រហ័ស ផងដែរ ៕
ដោយ ៖ នីយ៉ា





