ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានមានប្រសាសន៍ថា បើម្ចាស់មន្ទីរពហុព្យាបាល ម្លិះដង្កោ ជាខ្មែរមិនអាក្រក់ឈាមខ្មៅបែបនេះឡើយ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋាននគរបាលវិទ្យុទាក់ទងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានធ្វើការរិះគន់នៅលើហ្វេសប៊ុកផ្លូវការរបស់លោកលើម្ចាស់មន្ទីរពហុព្យាបាល និងសម្ភព ម្លិះ ដង្កោ ថា បើម្ចាស់មន្ទីរពហុព្យាបាលនេះជាជនជាតិខ្មែរ ១០០ភាគរយ មិនអសីលធម៌ និងមិនអាក្រក់ឈាមខ្មៅបែបនេះឡើយ។
ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ថ្លែងថា កុមារនេះ ជាកូនបុគ្គលិករបស់លោកហើយកុមារនេះ លួចទៅធ្វើជាងសំណង់ទាំងខ្លួនឯងអាយុទើបតែ១៤ឆ្នាំដោយជីវភាពគ្រួសារក្រីក្រ ។
ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បន្តថា នាថ្ងៃទី០៨ ខែសីហានេះ ក្មេងនោះបានជួបគ្រោះថ្នាក់ចរាចរណ៍ តាំងពីថ្ងៃមេឃនៅមានពន្លឺថ្ងៃ និងត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពហុព្យាបាល និងសម្ភព ម្លិះ ដង្កោ ស្ថិតនៅផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ជនរងគ្រោះម្នាក់ក្នុងចំណោម២នាក់ បានបាត់បង់ជីវិតបាត់ទៅហើយនៅសល់តែកុមារម្នាក់នេះរងរបួសធ្ងន់ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ។ ប៉ុន្ទែមន្ទីរពហុព្យាបាលនេះ មិនព្រមបញ្ជូនកុមារនោះចេញឡើយដោយសារម្តាយជនរងគ្រោះពុំមានប្រាក់បង់គ្រប់ចំនួន៤២០ដុល្លារអាមេរិកតាមការចេញវិក័យបត្រ ម្តាយក្មេងរងគ្រោះបានសំពះអង្វរសុំបង់ ២០០ដុល្លារ សិន។
ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានឱ្យដឹងទៀតថា ឪពុកក្មេងនោះជាបុគ្គលិក បើកគ្រឿងចក្រធ្វើការឱ្យលោកដែលបច្ចុប្បន្នឪពុកកំពុងជាប់ភារកិច្ចជួយធ្វើប្រឡាយ និងធ្វើផ្លូវជូនប្រជាជននៅឃុំទឹកថ្លា ខេត្តព្រៃវែង ដែលមិនគិតប្រាក់សូម្បីមួយរៀល ។
ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានចោទជាសំណួរថា ឯណាទៅសីលធម៌សង្គម ? ដោយសារតែលុយ ២២០ដុល្លារសុខចិត្តទុកឱ្យក្មេងស្លាប់ឬ ? លោក ឈឿន ប៊ុនឆន ទើបតែទទួលបានព័ត៌មាន ពិតជាហួសចិត្តនឹងម្ចាស់ពេទ្យនោះណាស់តែលោកជឿថា ប្រហែលពួកគាត់ជាកូនកាត់ពីព្រោះបើជនជាតិខ្មែរពិតប្រាកដមិនអាក្រក់ឈាមខ្មៅយ៉ាងនោះទេ ។ ម្យ៉ាងលោកក៏ឆ្ងល់នឹងតម្លៃលើវិក័យបត្រនេះផងដែរ។ លោក ឈឿន ប៊ុនឆន បន្ថែមថា អ្នកក្រជួបទុក្ខ រងចាំតែស្លាប់ទៅ… នេះហើយផ្នែកមួយជាដំបៅនៃសង្គមយើងសព្វថ្ងៃ.. ។
សូមជម្រាបថា កាលពីអំឡុងឆ្នាំ២០១៦ លោក ឈឿន ប៊ុនឆន ជាអតីតអធិការស្រុកកោះធំមានស្នាដៃដឹកនាំកម្លាំងឆ្មក់បង្ក្រាបជនជាតិយួនចូលមកនេសាទខុសច្បាប់កាលនោះធ្វើឱ្យមហាជនជាច្រើនមានការគាំទ្រយ៉ាងខ្លាំង ។ ការខិតខំប្រឹងប្រែងរបស់លោកត្រូវបានថ្នាក់លើតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទងនៃអគ្គស្នងការដ្ឋាននគរបាលជាតិរហូតមកដល់ពេលនេះ ៕










