សពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ត្រូវបានជូនដំណើរទៅដល់គេហដ្ឋាន ក្នុងទីក្រុងតូក្យូ ហើយ
(តូក្យូ)៖ សារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដានេះបានរាយការណ៍ថាសពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ត្រូវបានជូនដំណើរទៅដល់ គេហដ្ឋានរបស់លោកក្នុងទីក្រុងតូក្យូហើយ។
ដោយផ្អែកលើអ្នកយកព័ត៌មានរបស់ខ្លួន ដែលកំពុងប្រចាំការនៅខាងមុខគេហដ្ឋានរបស់លោក អាបេ បានឱ្យដឹងទៀតថាភរិយារបស់លោក អាបេ គឺលោកស្រី អាគី អាបេ (Akie Abe) បានអមដំណើរសពប្ដីពីមន្ទីរពេទ្យក្នុងទីក្រុង Nara មកដល់ទីក្រុងតូក្យូ ជាទីដែលពិធីបុណ្យសពកំពុងស្ថិតនៅក្រោមការពិភាក្សា។
អ្នកយកព័ត៌មាន និងមន្ត្រីប៉ូលិសជាច្រើនបានប្រមូលផ្ដុំគ្នានៅខាងមុខគេហដ្ឋានរបស់លោក អាបេ ក្នុងទីក្រុងតូក្យូ។ លោក អាបេ ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ កំលុងថ្លែងសុន្ទរកថានៅឯយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងទីក្រុង Nara។ ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន ហើយប្រជាជនជប៉ុន ទូទាំងប្រទេស និងមេដឹកនាំពិភពលោកនានាបានចូលរួមរំលែកទុក្ខយ៉ាងសោកសៅ និងកំពុងកាន់ទុក្ខមរណភាពរបស់លោក អាបេ៕









