កែប ៖ ក្រុមអ្នកនេសាទក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បាននិងកំពុងប្រឈមនឹងការបាត់បង់អាជីពរបស់ខ្លួន ខណៈមានក្រុមចោរធ្វើសកម្មភាព មកលួចឧបករណ៍នេសាទជារឿយៗ ស្ថិតក្នុងដែននេសាទរបស់ពួកគាត់។ហើយករណីដដែលនេះ ក្រុមចោរតែងតែធ្វើសកម្មភាពបានសម្រេចជាច្រើនលើក ដោយគ្មានរំខានដល់សមត្ថកិច្ចជំនាញម្តងណាឡើយ។
បើតាមការអះអាងពីក្រុមអ្នកនេសាទខាងលើបញ្ជាក់ថា កាលពីយប់ឆ្លងអាធ្រាតឈានចូលថ្ងៃទី ០២ខែកក្កដា ឆ្នាំ២០១៧ មានក្រុមចោរមីនដឹងមកពីតំបន់ណាទេបានជិះទូកមកលួចយកលបប្រភេទកន្ទុយកណ្តុរ(ផូងផាង)អស់រាប់រយលប ហើយដឹកជញ្ជូនតាមទូកខ្នាតធំ ដោយគ្មានខ្លាចការប្រមាញ់របស់ជំនាញលើយ។ក្រុមអ្នកនេសាទដែលកំពុងខាតបង់ដោយសារចោរលួចលបសម្រាប់នេសាទក្តាម មឹក បង្គា ទាំងនោះមាន៤គ្រួសាររួមមាន៖ទី១.ឈ្មោះ លឹម វិត អស់៦០លប ទី២.ឈ្មោះ ពេជ្រ ណាត អស់ជាង៤០លប, ទី៣.ឈ្មោះ ខែម វ៉ា អស់៤០លប,និងទី៤.ឈ្មោះ លឹម រ៉ា បាត់អស់ជាង៦០លបផងដែរ ហើយលបប្រភេទនេះក្នុងមួយលប បើគិតជាប្រាក់មិនក្រោម៦០.០០០រៀលឡើយ។
ដោយឡែក បើតាមការឲ្យដឹងពីលោក ភឹម មឿន ដែលជាមន្ត្រីប៉ូលិស និងជាអ្នកប្រកបរបរនេសាទដែរនោះ បានឲ្យដឹងថា កន្លងមកលោកក៏ធ្លាប់បាត់បង់លបប្រភេទខាងលើ អស់ចំនួន៤៧០លបផងដែរ ហើយការបាត់បង់នេះក៏ធ្វើឲ្យលោកជំពាក់ប្រាក់កម្ចីរហូតមកដល់បច្ចុប្បន្ន ព្រោះលបនិមួយៗមានតម្លៃ៥៣.០០០ឯណោះ។
ចំពោះការបាត់ឧបករណ៍នេសាទប្រភេទកន្ទុយកណ្តុរដ៏ច្រើនលើសលប់នេះ អ្នកនេសាទរងគ្រោះខាងលើសំណូមពរដល់សមត្ថកិច្ចជំនាញ ពិសេសប៉ូលិសជើងទឹក មេត្តាជួយរកវិធានការទប់ស្កាត់និងជួយបង្ក្រាប វែកមុខរកក្រុមចោរសមុទ្រទាំងនេះផង ហើយបើគ្មានការបង្ក្រាបទាន់ពេលវេលានោះទេ ពួកគាត់ក៏គ្មានឱកាសបានប្របកការងារនេសាទទៀតដែរ។ម្យ៉ាងទៀតក្រុមអ្នកនេសាទខាងលើសុទ្ធតែយកប្រាក់កម្ចីពីធនាគារឯកជនដើម្បីធ្វើទុនសម្រាប់ផលិតឧបករណ៍នេសាទរកកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃ ចុះបើពួកគាត់ត្រូវខាតបង់ដោយសារតែក្រុមចោរមកលួចយកទៅស្រួលៗយ៉ាងនេះតើពួកគាត់មានអ្វីសងបង្វិលទៅធានាគារវិញនោះ។/
ណារិទ្ធ







