(ខេត្តកំពត)៖ នៅរសៀល.ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្ត នៅសាលសន្និសីទខេត្តកំពត។
សមាសភាពអញ្ជើញចូលរួមក្នុងវិទិកានេះ ក៏មានវត្តមាន លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាល សាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត តំណាងអង្គការ សង្គមស៊ីវិល តំណាងវិស័យឯកជន និងមន្ត្រីជំនាញ សរុបចំនួន ១១៦នាក់។
ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា៖ ការរៀបចំវេទិកាពិគ្រោះយោបល់នេះឡើង ដើម្បីបង្ហាញពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។
ជាចុងក្រោយ លោកអភិបាលខេត្ត ក៏បាន ស្នើសុំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ កុំលើកគម្រោងច្រើន និងត្រូវអនុវត្តគម្រោងឲ្យបានឆាប់រហ័ស ដើម្បីមានការជឿជាក់ពីប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន៕ សេង ណារិទ្ធ








