(ស្វាយរៀង): នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក អ៊ូ សុខខឿន ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងលោក ស្រី ថង លីដា ជាអនុប្រធានមន្ទីរការងារ ស្ថិតនៅសាលប្រជុំសាលាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវប្រតិភូក្រសួងការងារ ឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុងស្រុុក លោកនាយកទីចាត់ការនានាចំណុះសាលាខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តស្វាយរៀង ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហា និងបំពេញរាល់កិច្ចការនានាដែលរាជរដ្ឋាភិបាលប្រគល់ជូនបានយ៉ាងល្អ ហើយដែលបានធ្វើអោយខេត្តទទួលបានការរីកចំរើនគួរជាទីមោទនៈនិងបានកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង ដែលបានសហការយ៉ាងល្អ ជាមួយនឹងរដ្ឋបាលខេត្តស្វាយរៀង អាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចនានាក្នុងខេត្តស្វាយរៀង ក្នុងការដោះស្រាយបញ្ហាជូនបងប្អូនកម្មករនិយោជិត និងចូលរួមអនុវត្តច្បាប់ស្តីពីការងារ សំដៅធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងអនុវត្តប្រកបដោយជោគជ័យ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ទាំង១០ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមសូមអបអរសាទរចំពោះលោក អ៊ូ សុខឿន ដែលទទួលបានមុខតំណែងថ្មីនេះ ជំនួសលោក ហាស់ ប៊ុនធី ដែលត្រូវចូលនិវត្តន៍ ឯកឧត្តមសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ថ្នាក់ ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តស្វាយរៀងទាំងអស់ នឹងខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាលបន្ថែមទៀត ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ លោកប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចឱ្យបានល្អ ព្រមជាមួយនោះត្រូវ ៖
១-ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវរាល់ ភារកិច្ចដែលក្រសួង និងរដ្ឋបាលខេត្តស្វាយរៀងប្រគល់ជូន។
២-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។
៣-ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្ត្រីផ្តល់សេវាល្អ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។
៤-ត្រូវខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល។
៥-ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានា បាននូវប្រសិទ្ធភាពការងារខ្ពស់។
៦-ចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ ៕ ដោយ:ខ្លាខ្មៅ
















