(ស្វាយរៀង): នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង នឹងជាប្រធានក្រុមការងារស.ស.យ.ក ចុះជួយស្រុកកំពង់រោទិ៍ តំណាងលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងលោក វ៉ ជិនទង់ថាញ់ ប្រធានសមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តឡុងអាន បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីពិនិត្យព្យាបាលជំងឺ ចែកកង់ដល់សិស្សក្រីក្រ ប្រគល់ផ្ទះមិត្តភាព និងប្រគល់ទទួលសម្ភារកំសាន្តកុមារ នៅឃុំត្នោត និងឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយមានការចូលរួមពី លោកអភិបាលស្រុកកំពង់រោទិ៍ លោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារ សសយក ចុះជួយស្រុកកំពង់រោទិ៍ លោក លោកស្រីគណៈប្រតិភូស.ស.យ.វ ខេត្តឡុងអាន លោក លោកស្រីក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាមខេត្តឡុងអាន មេឃុំ ក្រុមប្រឹក្សាឃុំត្នោត គណៈកម្មាធិការ សសយក ស្រុក សសយក ឃុំ និងបងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស យុវជនស.ស.យ.ក ជាច្រើនអ្នកទៀត ។
ក្នុងឱកាសនោះដែល លោកតូច ប៉ូលីវ៉ា បានមានប្រសាសន៍ថា៖
-ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្ដិការ រវាងខេត្ដយើងទាំងពីរ (ស្វាយរៀង-ឡុងអាន) នឹងបន្ដថែរក្សានូវប្រពៃណីទំនាក់ទំនងដ៏ល្អនេះ ហើយធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍតំបន់ព្រំដែន ខេត្តយើងទាំងពីរ
-លើកកម្ពស់ ជីវភាពរស់នៅ របស់ ប្រជាជនទាំងសងខាងឲ្យកាន់តែ ប្រសើរឡើង ស្របតាមពាក្យស្លោក “ភូមិផងល្អប្រសើរ មិត្ដភាព ជាប្រពៃណី សហប្រតិបត្ដិការ លើគ្រប់វិស័យ រឹងមាំយូរអង្វែង”
-ឆាប់ៗខាងមុខនេះ ខេត្តស្វាយរៀងយើង នឹងរៀបចំពិធីប្រណាំងទូក នៅ ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០១៩ ដើម្បីអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បង្កបរិយាកាសសប្បាយរីករាយជូន បងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត មានទាំងការតាំងពិព័រណ៍ផលិតផល ការប្រគុំតន្ត្រីស្រុកស្រែ បណ្តែតប្រទីប បាញ់កាំជ្រួច សូមបងប្អូន ចូលរួមរីករាយឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាព ។
-ជាពិសេស ថ្ងៃទី ៩ វិច្ឆិកា បុណ្យឯករាជ្យជាតិ សូម លោកតា លោកយាយ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួម ពិសារអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ ៕
ដោយ: ខ្លាខ្មៅ











