(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពត ដែលសន្និបាតនេះបានធ្វើឡើងរយៈពេល២ថ្ងៃ ស្ថិតក្នុងសាលសន្និសីទខេត្តកំពត។
ពិធីនេះក៏មានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រតិភូពេញសិទ្ធិសន្និបាតក្រុមប្រឹក្សាឃុំ សង្កាត់ សរុប ៣១០នាក់ ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា អ្វីដែលសំខាន់ក្នុងការអភិវឌ្ឍឃុំ សង្កាត់ឲ្យមានភាពរីចម្រើននោះ ជម្រើសដ៏ចាំបាច់បំផុតគឺតម្រូវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរួមសហការគ្នា ពិសេសការធ្វើផ្លូវនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានផុលផុស ហើយការងារអនុវត្តនេះត្រូវមានគម្រោងច្បាស់លាស់ជាមុនសិន ដោយយកបច្ចេកទេសយកទៅអនុវត្តទើបមានប្រសិទ្ធភាព។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះផ្លូវដែលគ្រប់គ្រងដោយអភិវឌ្ឍន៍ជនបទមានជាង៣ពាន់គីឡូម៉ែត្រ ចឹងប្រសិនជាយើងមិនចូលរួមចំណែកក្នុងការអភិវឌ្ឍនោះទេ គឺខេត្តពុំមានផ្លូវល្អ ស្អាតនោះទេ ដោយការស្ថាបនានេះគឺសុទ្ធតែប្រើផ្លូវបេតុងទាំងអស់ ដាច់ខាតមិនធ្វើជាផ្លូវក្រាលក្តៅស៊ូ DBST នោះឡើយ។
ជាមួយនេះ លោកអភិបាលខេត្តក៏បានសំណូមពរដល់អង្គសន្និបាតលើចំណុចមួយចំនួន រួមមាន៖
+ស្នើសុំជួយអន្តរាគមន៍លើការបង់ថវិកាសមាជិកភាពឃុំ សង្កាត់ ក្រុង ស្រុក ពីអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ រដ្ឋបាលក្រុង ស្រុក ស្មៀនឃុំ សង្កាត់ ជូនសមាគម។
+ស្នើសុំប្រធានរតនាគារខេត្ត ជួយសម្របសម្រួលក្នុងនីតិវិធីកិច្ចការហិរញ្ញវត្ថុ ដើម្បីឲ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានភាពងាយស្រួលក្នុងការអនុវត្ត។
+ស្នើសុំកិច្ចសហការពីមន្ទីរ ស្ថាប័ន អង្គភាពជំនាញ ជួយគាំទ្រសកម្មភាពសមាគម។
ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកា ២លានរៀល ជូនដល់សមាគម ដើម្បីបម្រើយន្តការ ការងារទូទៅរបស់សមាគមផងដែរ៕ សេង ណារិទ្ធ












