(ខេត្តកំពត)៖ នៅក្នុងឱកាសបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិក នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត ក៏មានមតិណែនាំក្រើនរំលឹកចំពោះមន្ត្រីថ្នាក់ដឹកនាំសាលាខេត្ត- ក្រុង ឲ្យអនុវត្តទៅតាមទម្រង់បែបបទដែលថ្នាក់លើបានណែនាំកន្លងមក។
លោកស្រីយូ សុគន្ធអភិបាលរងខេត្តបានលើកបញ្ជាក់ទៀតថា៖ ដើម្បីធានាប្រសិទ្ធភាពការងារ និងពង្រឹងការគ្រប់គ្រង ចាត់ចែងមន្ត្រីបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិបានល្អលុះត្រាតែទាមទារឲ្យមានការគោរពអនុវត្តបានត្រឹមត្រូវស្របតាមគោលការណ៍ បែបបទនិងនីតិវិធីរដ្ឋបាលថ្នាក់ក្រោមជាតិដែលបានកំណត់ ពោលគឺការតម្លាភាព គណនេយ្យភាព អព្យាក្រឹតនិងសមធម៌ហើយត្រូវជៀសវាងឲ្យបាននូវវប្បធម៌អន្តរាគមន៍ បក្សពួកនិយមនិងគ្រួសារនិយម។
លោកស្រីយូ សុគន្ធ ក្នុងនាមតំណាង លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនាឱកាសនោះក៏បានបញ្ជាក់ទៀតថា៖ ដើម្បីឆ្លើយតបនិងប្រសិទ្ធភាពការងារទាំងអស់ខាងលើនេះនាយករដ្ឋបាលសាលាខេត្តនិងនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស ព្រមទាំងអភិបាលនិងនាយករដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីធ្វើជាសេនាធិការជូនក្រុមប្រឹក្សានិងគណៈអភិបាល ក្នុងការផ្ដល់យោបល់និងរៀបចំការងារផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅថ្នាក់រដ្ឋបាលរបស់ខ្លួនអោយបានស្របតាមគោលការណ៍បែបបទនិងនីតិវិធីកំណត់។
ទន្ទឹមនេះនាយករដ្ឋបាលខេត្តនិងនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស ព្រមទាំងមន្ត្រីដែលទទួលបន្ទុកការងារបុគ្គលិក ត្រូវអភិវឌ្ឍន៍សមត្ថភាពនិងយល់ដឹងជំនាញការងាររបស់ខ្លួនឲ្យច្បាស់លាស់ថែមទៀត ។ ពិសេសច្បាប់រៀបចំអង្គការ ព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនដែលបានប្រជុំផ្សព្វផ្សាយនាពេលនេះ។
ជាមួយឱកាសនោះលោកស្រី យូ សុគន្ធ ក៏បានណែនាំថែមទៀតដល់ថ្នាក់ដឹកនាំនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗត្រូវផ្ដល់ការគាំទ្រដល់ទីចាត់ការគ្រប់គ្រងធនធានមនុស្ស ទាំងមធ្យោបាយនិងសម្ភារៈដើម្បីឲ្យអង្គភាពនេះអាចមានលទ្ធភាពដំណើរការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព រីឯចំពោះអង្គភាពទីចាត់ការគ្រប់គ្រងធនធានមនុស្សនិងការិយាល័យគ្រប់គ្រងបុគ្គលិក ក៏ត្រូវថែរក្សាទុកដាក់និងរៀបចំប្រព័ន្ធគ្រប់គ្រងឯកសារនិងទិន្នន័យបុគ្គលិកអោយបានគត់ហ្មត់ល្អដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងបុគ្គលិក ការធ្វើផែនការនិងការពិនិត្យ វាយតម្លៃទៅលើមន្ត្រីបុគ្គលិកក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកស្រីអភិបាលរងខេត្តក៏បានបន្តក្រើនរំលឹកដល់មន្ត្រីរដ្ឋបាលថ្នាក់ខេត្ត ក្រុង ស្រុក ត្រូវប្រមូលចងក្រង ឯកសារក្នុងកិច្ចប្រជុំនេះ ដើម្បីទុកបំពេញការងាររបស់ខ្លួន និងបន្តប្រជុំផ្សព្វផ្សាយដល់មន្ត្រីទទួលបន្ទុកការងារបុគ្គលិករបស់រដ្ឋបាលក្រុង ស្រុក ឲ្យបានយល់ដឹងអំពីខ្លឹមសារនៃកិច្ចប្រជុំនេះដើម្បីមានមូលដ្ឋានអនុវត្តការងារដែលពាក់ព័ន្ធនឹងការងារនៅថ្នាក់រដ្ឋបាលក្រុង ស្រុកឲ្យទទួលបានប្រសិទ្ធភាពល្អប្រសើរថែមទៀត៕ សេង ណារិទ្ធ
—————————–
[Forwarded from សេង ណារិទ្ធ]
សេង ណារិទ្ធ:
Seng Narith
ភ្ញៀវទេសចរបាននិងកំពុងសម្រុកមកសម្រាក លម្ហែក្នុងខេត្តកែប កាន់តែទ្វេដង ខណៈសមិទ្ធផលជាច្រើនត្រូវបានបង្ហាញជារូបរាង
………………………
(ខេត្តកែប)៖ បច្ចុប្បន្នភ្ញៀវទេសចរជាតិ-អន្តរជាតិបាននិងកំពុងសម្រុកមកសម្រាក លម្ហែ កម្សាន្តកាន់តែច្រើនឡើង ខណៈសមិទ្ធផលជាច្រើនត្រូវបានរំលេចចេញជារូបរាង ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។
បើយើងសង្កេតនៅតាមដងផ្លូវសាធារណៈ ទូទាំងខេត្ត ត្រូវបានអាជ្ញាធរខេត្តជំរុញដល់ដល់ផ្នែកជំនាញរៀបចំតាក់តែង កែលម្អប្រកបដោយភាពស្រស់ស្អាត ដូចជាការស្ថាបនាផ្លូវយ៉ាងធំទូលាយប្រកបដោយគុណភាព តាក់តែងលម្អសួនច្បារនៅចំកណ្តាលទ្រូងផ្លូវ ដោយដាំផ្កាចម្រុះពណ៌ និងដាំបង្គោលភ្លើងសម្រាប់បំភ្លឺក្នុងពេលរាត្រី។
ដោយសារខេត្តកែបត្រូវបានស្ថាបនាផ្លូវជាច្រើនខ្សែសុទ្ធតែធំទូលាយ ពិតជាបានទាក់ទាញក្រុមអ្នកទេសចរណ៍ ឲ្យមកសម្រាក លម្ហែកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ព្រោះតែភាពលេចធ្លោ ខេត្តកែបត្រូវបានទទួលនូវជ័យលាភីជាបន្តបន្ទាប់ ដូចជាពានរង្វាន់ឆ្នេរស្រស់ស្អាតជាងគេលើពិភពលោក ជ័យលាភីទីក្រុងស្អាត ផ្ការំដួលបីទងផ្ទួនៗគ្នា ជាដើម។ល។
យ៉ាងណាមិញខេត្តកែប ក្រោមការដឹកនាំដ៌ឈ្លាសវៃពីសំណាក់ លោក កែន សត្ថា អភិបាលខេត្តកែប និងមានការជំរុញដល់មន្ទីរជំនាញនានា ពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែប បានពុះពារអនុវត្ត ស្ថាបនាផ្លូវជាច្រើនខ្សែ ចាប់ពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាល។
ស្តែងចេញពីការងារជាច្រើន លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើនស្អេកស្កះនៅលើទឹកដីខេត្តកែប ត្រូវបាន អាជ្ញាធរខេត្តជំរុញឲ្យអនុវត្តជាបន្តបន្ទាប់ ដូចជាកំណាត់ផ្លូវនានាស្ថិតតាមភូមិសាស្ត្រខេត្តកែប ក្រោយពីរងការខូចខាតកន្លងមក ដោយមន្ត្រីជំនាញបានខិតខំយកចិត្តទុកដាក់សម្រុកជួសជុលយ៉ាងសស្រាក់សស្រាំ បើទោះជាមានឧបសគ្គដោយសារមានភ្លៀងធ្លាក់ខ្លះៗក៏ដោយ។
លោកប្រធានបានបញ្ជាក់ទៀតថា ចំពោះកំណាត់ផ្លូវជាតិលេខ៣៣ ចំណុចគីឡូម៉ែត្រ១៩-២០-២១-២២និង២៣ ដែលកំពុងរងការខូចខាតស្ទើទាំងស្រុងនោះ ពេលនេះមន្ត្រីជំនាញចាប់ផ្តើមប្រើគ្រឿងចក្រឈូសឆាយស្ថាបនាជាថ្មីចាប់ពីពេលនេះតទៅ ដោយទីតាំងជាច្រើនត្រូវបានជួសជុលបានរួចរាល់ជាស្តាពរ។
លោកម៉ម ទូច បានបន្ថែមថា ដើម្បីជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋ ខាងមន្ទីរជំនាញក៏ត្រូវចាត់ឲ្យមានរថយន្តបាញ់ទឹកបន្សើមផ្លូវនៅចំណុចផ្លូវដែលកំពុងជួសជុល ក្នុងមួយថ្ងៃ៣ដងផងដែរ។
សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣៣អា ត្រូវបានមន្ត្រីជំនាញស្ថាបនាប្រកបដោយស្តង់ដា និងមានភាពធំទូលាយ អមដោយសួននៅកណ្តាលទ្រូងផ្លូវ និងដាំផ្កាចម្រុះពណ៌ ដោយមានដាក់បង្គោលភ្លើងបំភ្លឺពេលយប់ផងដែរ។
ដោយឡែក ចំពោះផ្លូវខេត្ត និងផ្លូវលេខ៣៣ ព្រមទាំងផ្លូវលំជាច្រើនខ្សែ នៅទូទាំងខេត្តកែប ត្រូវបានអាជ្ញាធរខេត្តជំរុញដល់មន្ត្រីជំនាញ ស្ថាបនា និងជួសជុលជាបន្តបន្ទាប់ ចាប់ពីទីប្រជុំជនរហូតដល់មូលដ្ឋាននានា នៃភូមិសាស្ត្រខេត្ត៕ សេង ណារិទ្ធ







