ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតបញ្ចប់ការសិក្សា និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ពិធីនេះរៀបចំឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យនានា ព្រមទាំងនិស្សិត និងមាតាបិតារបស់និស្សិត។
របាយការណ៍របស់សាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រមានចំនួន ៤ ០០១នាក់ នារី ២ ១០៣នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៣ ២៧៨នាក់ (នារី ១.៨១៣នាក់) និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៧២៣នាក់ (នារី ២៩០នាក់)។
របាយការណ៍សាកលវិទ្យាល័យ បានឱ្យដឹងដែរថា ផ្អែកលើលទ្ធផលអង្កេតពីភាពមានការងារធ្វើរបស់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបង្ហាញថា ក្នុងចំណោមនិស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនាថ្ងៃនេះ និស្សិតប្រមាណ ៩២,៧០ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ មាន ៩១,៧០ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន ៩៧,២៣ភាគរយ។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិត បានបញ្ចប់ការសិក្សាជាស្ថាពរសរុប ៧៤ ៣៣៧នាក់ (នារី ៣០ ៣៧៤នាក់) ក្នុងនោះនិស្សិតបរទេសមានចំនួន ២៦៨នាក់ (នារី ១២១នាក់)។ និស្សិតជ័យលាភីទាំងនោះ កំពុងបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងខ្លះទៀតកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។
បច្ចុប្បន្ននេះ សាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្រ្តី បុគ្គលិក គ្រូ សាស្រ្តាចារ្យ ក្របខណ្ឌ និងជាប់កិច្ចសន្យាជាតិ-អន្តរជាតិ សរុប ៨៧៣នាក់ (នារី ២៣៣នាក់) និងមាននិស្សិតកំពុងបណ្តុះបណ្តាលសរុប ២០.០១៦នាក់ (នារី ១១.២១២នាក់) ក្នុងនោះមាននិស្សិតបរទេសចំនួន ៩៣នាក់ (នារី ៥៩នាក់) ដែលរួមមាន ជនជាតិបារាំង ៤៥នាក់ (នារី ៣២នាក់) អេស្បាញ ១នាក់ (ជានារី) កាតេម៉ាឡា ១នាក់(ជាបុរស) កូរ៉េ ១នាក់(ជានារី) ចិន ៦នាក់ (ជានារី) វៀតណាម ១នាក់ (ជានារី) ហៃទី ១នាក់(ជានារី) និងឡាវ ៣៧នាក់(នារី ១៨នាក់)។
ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងនិរន្តរភាព សាកលវិទ្យាល័យបានអនុវត្តយន្តការធានាគុណភាពអប់រំ ជាពិសេសបានពង្រឹងប្រព័ន្ធវាយតម្លៃគុណភាពអប់រំជាប្រចាំដោយអនុវត្តតាមស្តង់ដាធានាគុណភាពអប់រំសម្រាប់គ្រឹះស្ថានឧត្តមសិក្សា និងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យបរទេស នៃបណ្តាប្រទេសមួយចំនួន បានចំនួន ៤៥ អនុស្សារណៈនៃការយោគយល់គ្នា ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍និស្សិត មន្ត្រី និងសាស្រ្តាចារ្យលើការសិក្សា ការបង្រៀន ការស្រាវជ្រាវ និងកម្មវិធីបណ្តុះបណ្តាលនានាក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំឲ្យកាន់តែល្អប្រសើរ។
ចាប់តាំងពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន សាកលវិទ្យាល័យបានបញ្ជូននិស្សិតទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅបរទេស តាមរយៈអាហារូបករណ៍របស់សាកលវិទ្យាល័យជាដៃគូនានាបានចំនួន ១.៩៩៣នាក់។ ក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ៩៦នាក់ (នារី ៦៤នាក់) ទៅបន្តការសិក្សា ក្នុងនោះថ្នាក់បណ្ឌិតមានចំនួន ៥នាក់(នារី ៣នាក់) ទៅសិក្សាផ្នែកនីតិសាស្រ្តនៅប្រទេសបារាំង អូស្ត្រាលី អាមេរិក និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន ១៤នាក់ (នារី ១១នាក់) ទៅសិក្សាផ្នែកនីតិសាស្រ្ត និងសេដ្ឋកិច្ចនៅប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស អាម៉េរិក ញូសឺឡេន អូស្ត្រាលី ព្រមទាំងបានបញ្ជូននិស្សិតចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាចំនួន៧៧នាក់(នារី ៥០នាក់) នៅប្រទេសបារាំង អាម៉េរិក អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ ចិន អេស្ប៉ាញ អ៊ីតាលី តួកគី ជប៉ុន សឹង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម ។
ក្រៅពីនេះ មាននិស្សិតចំនួន ៣៦នាក់(នារី ១៧នាក់) បែងចែកជា ១០ក្រុម បានចូលរួមការប្រកួតសវនការប្រឌិតអន្តរជាតិពាក់ព័ន្ធនឹងនីតិអន្តរជាតិ នៅប្រទេសអាម៉េរិក ហូឡង់ ឥណ្ឌូណេស៊ី សិង្ហបុរី ហ្វីលីពីន អាល្លឺម៉ង់ ស្វីស និងចិន។ នៅចុងឆ្នាំ២០២៦ ខាងមុខនេះ សាកលវិទ្យាល័យត្រៀមនឹងបញ្ជូននិស្សិតចំនួន ១២នាក់(នារី ៧នាក់) បែងចែកជា ៣ក្រុម ទៅចូលរួមការប្រកួតសវនការប្រឌិតអន្តរជាតិពាក់ព័ន្ធនឹងនីតិអន្តរជាតិ នៅប្រទេសចិន និងជប៉ុន។
ដោយឡែកអគារសិក្សាដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃនេះ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ អគារនេះ រួមមានអគារសិក្សា ចំណតយានយន្ត និងការិយាល័យ កម្ពស់៦ជាន់ សាងសង់លើផ្ទៃដីទំហំ ៩ ២៨៧ ម៉ែត្រការ៉េ។ អគារនេះ ចំណាយថវិកាសាងសង់ចំនួន ១៩ ៤១១ ៦០០ ០០០រៀល (ដប់ប្រាំបួនប៊ីលាន បួនរយដប់មួយលាន ប្រាំមួយរយពាន់រៀលគត់) ស្មើនឹងជិត ៥លានដុល្លារអាមេរិក ជាថវិកាផ្ទាល់របស់សាកលវិទ្យាល័យ។
អគារថ្មីនេះចែកចេញជា៖ ជាន់ផ្ទាល់ដី ប្រើប្រាស់ជាចំណត, ជាន់ទី១ ប្រើប្រាស់ជាដេប៉ាតឺម៉ង់ និងការិយាល័យ ចំណុះមហាវិទ្យាល័យទាំង៤, ជាន់ទី២ ដល់ជាន់ទី៥ ប្រើប្រាស់ជាបន្ទប់រៀន ដែលសរុបរួមមានចំនួន២៤បន្ទប់ និងជាន់ទី៦ ប្រើប្រាស់ជាសាលសន្និសីទ អាចផ្ទុកអ្នកចូលរួមបាន ៥០០នាក់៕




