(ខេត្តកែប)៖ ការប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ នៃការចុះបញ្ជឺដីធ្លីមានជាលក្ខណៈប្រព័ន្ធ ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានរៀបចំឡើងនៅក្នុងបរិវេនវត្តកំពង់ត្រឡាច នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធាគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត អមដំណើរដោយលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីចំណុះអង្គភាព និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ។
តាមរបាយការណ៍របស់លោក ឡាយ វណ្ណារ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានឲ្យដឹងថា ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចុះអនុវត្តការងារវាស់វែង ប្រមូលទិន្នន័យនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប តាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ ហើយក៏ត្រូវបានបញ្ចប់ជាស្ថាពរដោយសម្រេចបាន ក្បាលដីសរុបមាន ២.៣២៨ ក្បាលដី ក្នុងនោះក្បាលដី ០១បប មានចំនួន១០០ក្បាលដី និងក្បាលដីចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធមាន ២.២២៨ក្បាលដី។ដោយឡែក ចំពោះរូបភាពប្រើប្រាស់ដី ដូចជាដីលំនៅឋាន មាន ៩០៧ក្បាលដី ដីវត្តមាន០១ក្បាលដី ដីកសិកម្មមាន ១.១៤៦ក្បាលដី ដីគ្មានទិន្នន័យមាន ១៦៩ក្បាលដី ដីទំនាស់មាន០៥ក្បាលដី។លោកបានបញ្ជាក់ទៀតថា ចំណែកប្រភេទទ្រព្យតាមគ្រួសារ គឺមានទ្រព្យខាងប្តីចំនួន ១៣០ក្បាលដី ទ្រព្យខាងប្រពន្ធមាន ៣៥២ក្បាលដី និងទ្រព្យនៅលីវមាន ២០៤ក្បាលដី។
ក្នុងឱកាស់នោះ លោក កែន សត្ថា ប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ បានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាព ជីវភាពរបស់ប្រជាពលរដ្ឋស្ថិតតាមតំបន់នានាកាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ រួមជាមួយនឹងការពង្រឹងការអនុវត្តច្បាប់ និងគោរពសិទ្ធិមនុស្ស ជាពិសេសបញ្ហាវិវាទដីធ្លី ក៏ត្រូវបានដោះស្រាយជាបណ្តើរៗក្រោមការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល។លោកអភិបាលខេត្តបានបន្ថែមទៀតថា ចំពោះការប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានជាលក្ខណៈប្រព័ន្ធនារសៀលនេះ បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីត្រូវចូលរួមពិនិត្យផ្ទៀងផ្ទាត់ក្បាលដីដែលបានបិទប្រកាសនៅទីនេះជាស្រេច ហើយបើមានចម្ងល់អាចសាកសួរទៅខាងជំនាញបច្ចេកទេសដែលកំពុងបង្ហាញនៅទីនេះស្រាប់៕ សេង ណារិទ្ធ





