ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោកស្រី និងអភិបាលរងរាជធានីភ្នំពេញ មន្ដ្រីរាជការរដ្ឋបាលរាជធានីសមាជិក សមាជិកា ក្រុមប្រឹក្សារាជធានី និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាេសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌទី៥ នៅវត្តលង្កាកុសមារាម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តលង្កាព្រះកុសុមារាមនេះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០ នមស្ការព្រះរតនត្រ័យ សមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យសាសនាដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ តែងគោរព ប្រណិប័តន៍ ដើម្បីឧទ្ទិសមហាកុសល់ជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តាន ដែលបានបាក់បែកចែកឋានទៅកាន់បរលោកខាងមុខ និងសូមឱ្យអ្នកមានគុណទាំងអស់នោះ បែរភ័ក្រ ងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិផងដែរ។
ប្រជាពលរដ្ឋភាគច្រើន បានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាមចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ ខែភទ្របទ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ៕