(ខេត្តកែប)៖ កិច្ចប្រជុំរបស់ក្រុមការងារគ្រប់ថ្នាក់ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណតិ្តទី៣ ឆ្នាំ២០១៩ ត្រូវបានធ្វើឡើងនៅមន្ទីរគណបក្សខេត្តកែប នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកែប។កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក កែន សត្ថា សមាជិកកណៈកម្មាធិការកណ្តាល អនុប្រធានប្រចាំការក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកែប ព្រមទាំងអស់លោកជាសមាជិក សមាជិកាក្នុងជួរគណបក្សប្រជាជនកម្ពុជាខេត្តកែបយ៉ាងច្រើនកុះករ។
តាមរបាយការណ៍របស់ លោក កែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានឲ្យដឹងថា បច្ចុប្បន្នខេត្តកែបបានពង្រឹងផ្នែកសន្តិសុខ សុវត្ថិភាពជូនក្រុមអ្នកទេសចរជាតិ អន្តរជាតិ ដែលមកសម្រាក លំហែ កម្សាន្តបានល្អប្រសើរ ពិសេសរក្សាសុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូជាតិ អន្តរជាតិដែលមកបំពេញបេសកកម្មក្នុងខេត្តកែបផងដែរ។លោកបានបញ្ជាក់ទៀតថា ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យចូលទស្សនា សម្រាក លំហែ កម្សាន្ត កាន់តែច្រើនឡើង និងក្នុងគោលបំណងពង្រឹងនិងបង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តឲ្យកាន់តែប្រសើរថែមទៀត ខេត្តបានយកចិត្តទុកដាក់ខ្លាំងលើកត្តាអនាម័យ គឺការសម្អាត ដើម្បីបង្កើនសោភណភាព ក្នុងតំបន់ទេសចរណ៍ ដោយបានបំផុសជាប្រចាំឲ្យមានការចូលរួមពីប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការសម្អាតអនាម័យ បរិស្ថាន ចូលរួមថែរក្សាស្រោចទឹកដាក់ជី សួនច្បារសាធារណៈ ដើម្បីធានាសោភណភាពខេត្តកែបឲ្យកាន់តែមានភាពស្រស់បំព្រងថែមមួយកម្រិតទៀត។
ឯកឧត្តម កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកែប បានលើកឡើងថា ត្រឹមការភាពអនុគ្រោះពន្ធ(EBA)ពីសំណាក់EU តើមានអី្វត្រូវធ្ងន់ធ្ងរនោះឡើយ ថ្វីត្បិតកម្ពុជាធ្លាប់ត្រូវបានគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាងដប់ឆ្នាំ ក្នុងគ្រាមួយដែលកម្ពុជាស្ថិតក្នុងស្ថានភាពលំបាកបែបណាក៏ដោយ។ឯកឧត្តម បានបញ្ជាក់ទៀតថា វាជារឿងមួយដែលគួរឲ្យអស់សំណើចពេក ដែលខ្មែរមួយចំនួនតូចមានចរិកជាឧទ្ទាមគេដៀមដាម ចំអកឡកឡឺយឲ្យថ្នាក់ដឹកនាំកម្ពុជារឿងEU សម្រេចផ្អាកភាពអនុគ្រោះពន្ធ (EBA)នេះ។ប៉ុន្តែនៅពេលកម្ពុជាបានសាងសមត្ថភាព ងើបផុតពីបន្ទាត់ក្រីក្រឈានដល់កម្រិតមានចំណូលមធ្យមហើយការកំណត់ឲ្យមានការបង់ពន្ធទំនិញចូលពីEU គឺជាកាតព្វកិច្ចដែលកម្ពុជាបានដឹងមុនរួចទៅហើយ ព្រោះក្នុងលក្ខខណ្ឌកិច្ចព្រមព្រៀងទ្វេរភាគីក៏បានសរសេរច្បាស់គឺភាពអនុគ្រោះពន្ធនេះមានការកំណត់ពេលវេលាមួយយ៉ាងជាក់លាក់រួចទៅហើយ៕ សេង ណារិទ្ធ







