(ខេត្តកំពត)៖ នៅរដូវប្រាំងឆ្នាំនេះ ដោយសារអាកាសធាតុមានកម្តៅខ្លាំង បានបង្កលក្ខណៈងាយស្រួលដល់ការទាញយកផលអំបិលបានច្រើនគួរកត់សម្គាល់។
ទាក់ទងនឹងការផលិតអំបិលនៅកំពត-កែប លោក ប៊ុន បារាំង សហប្រធានសមាគមអ្នកផលិតអំបិលកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩នេះដោយសារតែអាកាសធាតុក្តៅហែងពិតជាអំណោយផលដល់ការផលិតអំបិលមានភាពងាយស្រួល។លោកថា គ្រប់ស្រែអំបិលរបស់សហគមន៍យើងសុទ្ធតែផ្តល់បានទិន្នផលខ្ពស់ជាងឆ្នាំមុនៗ ប៉ុន្តែទោះជាការប្រមូលអំបិលឆ្នាំនេះមានភាពរលូនក្តី យើងពិតជាខ្វះកម្លាំងពលកម្មសម្រាប់ទាញយកផលអំបិល សម្រាប់ផ្គត់ផ្គង់ និងចែកចាយទីផ្សារក្នុងប្រទេសយើងផងដែរ។លោកប្រធានបានបញ្ជាក់បន្ថែមថា បើរាល់ឆ្នាំអាកាសធាតុផ្តល់អំណោយផលដូចឆ្នាំនេះ គឺដាច់ខាតយើងមិនពឹងផ្អែកទៅលើការនាំចូលអំបិលពីប្រទេសក្រៅដើម្បីតម្រូវការក្នុងស្រុកយើងទៀតដែរ។
ជាមួយនេះ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពតបានឲ្យដឹងដែរថា បច្ចុប្បន្នខេត្តកំពតកំពុងជួបហានិភ័យខ្លះៗទាក់ទិននឹងការទាញយកផលអំបិលទៅអនាគត ដូចជាការផលិតមិនបានព្រោះតែកត្តាអាកាសធាតុមិនអំណោយផល ,ឬការខ្វះកម្លាំងពលកម្មផលិត ,និងបញ្ហាប្រឈមទៅនឹងស្ថានការណ៍សេដ្ឋកិច្ចផ្លាស់ប្តូរ ទៅតាមអចលនទ្រព្យ ព្រោះថាស្រែអំបិលជិត៤.០០០ហិកតា អាចនឹងរបូតធ្លាក់ក្នុងទីផ្សារដីធ្លីក្នុងរូបភាពវិនិយោគឬទិញលក់ជាដើម។ល។ ផ្ទុយមកវិញបើពុំមានជួបបញ្ហាបីចំណុចដូចខាងលើនោះទេ គឺទិន្នផលអំបិលអាចមានកំណើនលើសផែនការរបស់សហគមន៍មិនខាន។
សូមជម្រាបថា៖ បើយោងតាមការបង្ហើបពីសហគមន៍អ្នកផលិតអំបិលកំពត-កែប បញ្ជាក់អះអាងថា ដោយសារកន្លងមកអាកាសធាតុមិនអំណោយផលធ្វើឲ្យការផលិតអំបិលរបស់សហគមន៍ ជួបឧបសគ្គជាបន្តបន្ទាប់ ដែលធ្វើឲ្យទិន្នផលអំបិលធ្លាក់ចុះ។ ព្រោះតែមានភាពខ្វះខាតនេះហើយទើបយើងបានទិញអំបិលមកពីប្រទេសចិនប្រមាណ១០.០០០តោន ដើម្បីស្តុកទុកប្រើប្រាស់តាមតម្រូវការ៕
សេង ណារិទ្ធ



