ខេត្តកំពត ៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនឆ្នាំនេះក៏ដូចឆ្នាំកន្លងទៅ រដ្ឋបាលខេត្តកំពតតែងតែមានការប្រារព្ធពិធីសែនព្រេនដើម្បីសុំសេចក្តីសុខចម្រើនដល់ប្រទេសជាតិ និងប្រមុខរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋក្នុងតំបន់។
ដោយឡែក នៅព្រឹកថ្ងៃពុធ២កើតខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី០៦ ខែកម្ភៈឆ្នាំ២០១៩នេះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តនិងលោកស្រី លាង ហៃ ជាវ តាយ ព្រមទាំង លោក-លោកស្រីសមាជិកគណៈអភិបាល និងក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពមន្ត្រីរាជការជុំវិញខេត្តអាជ្ញាធរក្រុងស្រុកនិងប្រជាពលរដ្ឋបានចូលរួមពិធីសែនព្រេនបួងសួង ដែលពិធីនេះបានប្រព្រឹត្តទៅនៅ ទីអាសនៈលោកតា សាលាដំបូងខេត្ត និងនៅ វិហារព្រះម៉ែក្រុងកំពត។
ជាមួយនេះ លោក ជាវ តាយអភិបាលខេត្ត ក្នុងឱកាសនោះបានបញ្ជាក់ថា៖សិទ្ធិសេរីភាពនិងជំនឿប្រពៃណីសាសនា ព្រមទាំងសេចក្ដីសុខសាន្តគឺជាបំណងប្រាថ្នារបស់មនុស្សជាតិទូទៅ។ ដូចនេះការជួបជុំថ្នាក់ដឹកនាំខេត្តនិងប្រជាពលរដ្ឋនាពេលនេះក្នុងគោលបំណងធ្វើឡើងដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើនដល់ប្រជាពលរដ្ឋទូទៅនិងការអភិវឌ្ឍន៍កាន់តែមានភាពរីកចម្រើនថែមទៀតក្នុងខេត្តកំពត ក៏ដូចជាការបួងសួងសុំសេចក្ដីសុខដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តជាតិមកទស្សនាកម្សាន្តនៅទឹកដីខេត្តកំពតឲ្យទទួលបាននូវសុខសុវត្ថិភាពគ្រប់ប្រការផងដែរ ពិសេសការបួងសួងសុំឲ្យទេវតានិងបារមីវត្ថុស័ក្ដសិទ្ធម្ចាស់ទឹកម្ចាស់ដីដែលថែរក្សាឃុំគ្រងក្នុងទឹកដីខេត្តកំពត តាមជួយថែរក្សាប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចតេជោ ហ៊ុន សែន ប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួន ដើម្បីដឹកនាំប្រទេសកម្ពុជា ឲ្យជួបតែសុខសន្តិភាពនិងការអភិវឌ្ឍន៍កាន់តែរីកចម្រើនថែមទៀតជារៀងរហូតតទៅ។
សូមបញ្ជាក់ដែរថា៖ការធ្វើពិធីបួងសួងនេះធ្វើឡើងគឺស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាយើង តែងតែបានយកចិត្តទុកដាក់ផ្ដល់សិទ្ធិសេរីភាពទូលំទូលាយនូវជំនឿសានាផ្សេងៗគ្នាដែលដូនតាបានបន្សល់ទុកដើម្បីគោរព រៀងៗខ្លួនរបស់ប្រជាពលរដ្ឋ។
ដូច្នេះថ្នាក់ដឹកនាំ រួមមន្ត្រីរាជការដែលបានរួមគ្នាធ្វើពិធីបួងសួងនាពេលនេះ ក្រៅពីកិច្ចខិតខំប្រឹងប្រែងការងារស្នូលពោលគឺការអភិវឌ្ឍន៍ និងបម្រើប្រជាពលរដ្ឋក្នុងខេត្ត។ សកម្មភាពទាំងនេះក៏ជាចំណែកមួយដែលបានរួមជាមួយប្រជាជនយើង គ្រប់រូបដែលតែងតែបានបន់ស្រន់ប្រាថ្នាសុំជួបតែសេចក្ដីសុខគ្រប់ប្រការ និងក៏ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយបញ្ហាផ្សេងៗ។ពិសេសសូមឲ្យប្រទេសជាតិយើង បានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍន៍បានកាន់តែរីកចម្រើន ជានិរន្ត៍តទៅមុខទៀតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំដ៏វាងវែនៃកម្ពុជាយើង។
ជាមួយឱកាសនោះ លោក ជាវ តាយ ក៏បានជូនថវិកាដល់ក្រុមលោតម៉ុងសាយព្រមទាំង កងកម្លាំងនគរបាលនិងអាវុហត្ថមួយចំនួនផងដែរ៕
សេង ណារិទ្ធ

















