ខេត្តកំពត ៖ នាព្រឹកថ្ងៃអង្គារ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច ខេត្តកំពត អមដំណើរ ដោយលោក ង៉ែត សុផល អភិបាលរងស្រុក រួមជាមួយព្រះ ចៅអធិការវត្តភ្នំសាឡី រួមនឹងអាជ្ញាធរភូមិ ឃុំ បានអញ្ជើញចុះសួរសុខទុក្ខ លោក ចាប ម៉ៅ អាយុ៤៩ឆ្នាំ ជាសមាជិកភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលកំពុងមានជំងឺលើសឈាម ពិការមួយចំហៀងខ្លួន ដែលទើបនឹងត្រឡប់មកពីសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាមអំឡុងពេលថ្មីៗនេះ។
ជាមួយនឹងការអញ្ជើញចុះសួរសុខទុក្ខនេះ លោកប្រធានកិត្តិយសបាននាំយកនូវអំណោយអនុសាខាកាកបាទក្រហមស្រុក រួម មាន៖ អង្ករ ២៥គ.ក, មី ១កេស, ត្រីខ ១ឡូ និងថវិកាសរុបចំនួន២៥០.០០០រៀល ប្រគល់ជូនលោក ចាប ម៉ៅ(សមាជិកភូមិ កណ្តាលទួល) ដើម្បីជាការរួមចំណែកសម្រាប់ការចំណាយសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកន្លងមក។
ក្នុងឱកាសនេះដែរ លោក ចាប ម៉ៅ ព្រមទាំងក្រុមគ្រួសារ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះក្រុមការងារកាកបាទក្រហមរបស់ស្រុកកំពង់ត្រាច ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលងាយរងគ្រោះគ្រប់ប្រភេទ ដោយគ្មានរើសអើង ឬប្រកាន់ពូជសាសន៍ពណ៌សម្បុរឡើយ៕
សេង ណារិទ្ធ




