ខេត្តកំពត ៖ ករណីឃាតកម្មសម្លាប់បុរសម្នាក់នៅស្រុកឈូក ពេលនេះក្រុមឃាតករត្រូវបានសមត្ថកិច្ចតាមប្រមាញ់ស្រាវជ្រាវដោយឃាត់ខ្លួនជនសង្ស័យបានមួយសំបុកយកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានករណីឃាតកម្មមកលើបុរសម្នាក់ ឈ្មោះ អ៊ួន វណ្ណា ហៅមឹុល ភេទប្រុស អាយុ៤៨ឆ្នាំ នៅចំណុចដីចំការមួយកន្លែង ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចក្រោមឱវាទចុះស្រាវជ្រាវនៅចំណុចកើតហេតុយ៉ាងហ្មត់ចត់។ជាលទ្ធផលក្រោយពីសើុបអង្កេតទៅតាមជំនាញទើបកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្មសម្លាប់បុរសរងគ្រោះខាងលើ បើតាមចម្លើយសារភាពរបស់ជនសង្ស័យទាំងអស់បានរៀបរាប់ថា មូលហេតុដែលធ្វើឲ្យពួកគេព្រួតគ្នាវាយសម្លាប់ជនរងគ្រោះបែបនេះ គឺដោយសារមានជម្លោះរឿងដីធ្លីដ៏រ៉ាំរ៉ៃជាយូរឆ្នាំមកហើយ ទើបពួកគេគំកួនរហូតដល់មានឱកាសល្អ ក៏នាំគ្នាទៅវាយសម្លាប់តែម្តង ហើយករណីនេះពួកគេបានធ្វើតាមបញ្ជារបស់មេក្លោងតែប៉ុណ្ណោះ។សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៦នាក់រួមមាន៖ ១/ឈ្មោះ ង៉ែត ផុន ភេទប្រុស អាយុ៥៥ឆ្នាំ, ២/ឈ្មោះ តូច សារុំ ភេទប្រុស អាយុ៤៦ឆ្នាំ។ ទាំងពីរនាក់រស់នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។ ៣/ឈ្មោះ ព្រីង ឡន ភេទប្រុស អាយុ៦៥ឆ្នាំ ,៤/ឈ្មោះ មឿន វាសនា ភេទប្រុស អាយុ២៦ឆ្នាំ, ៥/ឈ្មោះ សឿង បុល ភេទប្រុស អាយុ៤៦ឆ្នាំ។ អ្នកទាំងបី រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ ៦/ឈ្មោះ ហ៊ាង ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
បច្ចុប្បន្នជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៩នេះហើយ។
សូមបញ្ជាក់ថា ករណីឃាតកម្មទៅលើបុរសឈ្មោះ អ៊ួន វណ្ណា ហៅមឹុល ភេទប្រុស អាយុ៤៨ឆ្នាំខាងលើ បានកើតឡើង កាលពីវេលាម៉ោងជាង២០យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតចំណុចស្រែប្រិយ ក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ចំពោះការប្រទះសាកសពជនរងគ្រោះ ដោយសារសាច់ញាតិបាត់ជនរងគ្រោះមិនឃើញមកផ្ទះដូចរាល់ដង ក៏នាំគ្នាទៅរកមើលក្នុងខ្ទមចំការ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ទើបក្រុមគ្រួសាររាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។
ក្រោយពីមានសេចក្តីរាយការណ៍ សមត្ថកិច្ចក៏បានចុះទៅទីតាំងកើតហេតុដើម្បីពិនិត្យធ្វើកោសល្យវិច័យសព ហើយបើតាមការពិនិត្យបុរសរងគ្រោះត្រូវគេវាយសម្លាប់នឹងដំបងឈើយ៉ាងដំណំចំក្បាលផ្នែកខាងក្រោយជាច្រើនកន្លែង និងមានស្នាមរហែកមាត់ផ្នែកខាងឆ្វេងផងដែរ៕
សេង ណារិទ្ធ






