ខេត្តកែប ៖ នៅសាលប្រជុំ សាលាខេត្តកែប នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប រួមនឹងមន្ដ្រីថ្នាក់ដឹកនាំនៃមន្ទីរជំនាញពាក់ព័ន្ធទូទាំងខេត្ត បានទទួលជួបជាមួយប្រតិភូគណៈកម្មការទី៩នៃរដ្ឋសភាដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណៈកម្មការ។
គោលបំណងនេះ ដើម្បីជួបសំណេះសំណាលពិភាក្សានិងស្វែងយល់ពីសមិទ្ធផលការងារសំខាន់ៗពាក់ព័ន្ធការងារសំខាន់ៗ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងអាណត្តិទី៥កន្លងមកនិងទិសដៅអនុវត្តបន្ត ព្រមទាំងបញ្ហាប្រឈមនានាដែលរដ្ឋបាលខេត្តកែប សម្រេចបានរួមនិងសំណូមពរផ្សេងៗកំពុងជួបប្រទះនិងដោះស្រាយនៅចំពោះមុខ និងនាពេលបន្ទាប់ផងដែរ។
ក្នុងកិច្ចជំនួបនេះដែរ លោក កែន សត្ថា អភិបាលខេត្តកែប ក៏បានលើកឡើងអំពីការកែប្រែតំបន់និមួយៗក្នុងខេត្តកែប ឱ្យកាន់តែមានសភាពស្រស់បំព្រងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសការស្ថាបនាដងផ្លូវសំខាន់ៗជាច្រើនកន្លែង ដែលខេត្តរបស់យើងត្រូវការចាំបាច់បំផុតសម្រាប់បម្រើលើវិស័យទេចរណ៍។ទន្ទឹមនេះ ខេត្តកែបដែលជាខេត្តមានសក្តានុពលផ្នែកទេសចរណ៍ផងនោះ ក៏បាននិងកំពុងដើរតួយ៉ាងសំខាន់ និងបង្កើនល្បឿនទៅមុខឥតរុញរា ដែលធ្វើឱ្យខឿនសេដ្ឋកិច្ចរបស់ខេត្តកែបកាន់តែមានភាពលូតលាស់ជាលំដាប់។
ជាមួយគ្នានេះ អាជ្ញាធរនៃតំបន់ទេសចរណ៍ខេត្តទាំងមូលបាននិងកំពុងខិតខំបន្តជំរុញធ្វើការកែលម្អតំបន់ទេសចរណ៍របស់យើង ឱ្យក្លាយជាកន្លែងសំរាក លម្ហែ កម្សាន្ត ប្រកបដោយសុខសុវត្ថិភាព និងស្រស់ស្អាតជានិច្ច ថែមទាំងមានភាពទាក់ទាញ លម្អដោយទេសភាពស្រស់បំព្រងគ្រប់រដូវកាល៕
សេង ណារិទ្ធ






