ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ខេត្តព្រះសីហនុ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ខេត្តព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះសីហនុ៖ ក្រោយជម្នះឧបសគ្គ ការរារាំង និងការចោទប្រកាន់នានាពីបណ្តាប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិកនោះ នៅពេលសមិទ្ធផលជាច្រើននៃការធ្វើទំនើបកម្មមូលដ្ឋានទ័ពសមុទ្ររាម, មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

ពិធីសម្ពោធត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិកនាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

មូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ដោយមានឈ្មោះដើមថា «មូលដ្ឋានសមុទ្រកងទ័ពជើងទឹក»។ លុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចប្តូរឈ្មោះទៅជា «មូលដ្ឋានសមុទ្ររាមកងជើងទឹក»។ មូលដ្ឋានសមុទ្ររាម គឺជាមូលដ្ឋានមួយនៃកងទ័ពជើងទឹក ប្រើប្រាស់សម្រាប់កិច្ចការគ្រប់គ្រងសន្តិសុខលើលំហសមុទ្ររបស់កម្ពុជា។

បើទោះបីមូលដ្ឋានសមុទ្ររាម ត្រូវបានប្រើប្រាស់គ្រប់សម័យកាលនៃការដឹកនាំរដ្ឋបាលរបស់កម្ពុជាជាបន្តបន្ទាប់យ៉ាងណាក្តី តែសមត្ថភាពនៃការប្រើប្រាស់មូលដ្ឋានសមុទ្ររាម គឺស្ថិតក្នុងលក្ខខណ្ឌមួយមិនល្អប្រសើរនោះឡើយ។

ដើម្បីលើកកម្ពស់សមត្ថភាពមូលដ្ឋានសមុទ្ររាមឱ្យកាន់តែខ្ពស់ក្នុងប្រតិបត្តិការលើកិច្ចការរក្សាសន្តិសុខ និងកិច្ចការការពារបូរណភាពទឹកដីនោះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើការកសាង និងប្រើប្រាស់នូវមជ្ឈមណ្ឌល ភស្តុភារ និងហ្វឹកហ្វឺនរួមគ្នានៅផែរាម។ ក្រុមការងារបច្ចេកទេសប្រទេសទាំងពីរ បានសហការយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវ សិក្សាពីស្ថានភាពទីតាំងភូមិសាស្ត្រ ស្ថានភាពដី ទឹក បរិស្ថានជុំវិញ និងដំណើរការវាស់វែង កំណត់ទីតាំងប្លង់មេ ដើម្បីដំណើរការសាងសង់។

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារទាំងពីរ បាន រៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា «Drydock (អ៊ូ) Slipway (រ៉ៃ) ផែ សំចត និងស្ដារ ឃ្លង» ក្នុងមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

សូមរំលឹកថា ក្នុងដំណាក់កាលនៃការចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៃការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមនេះ បានរងនូវកម្លាំងព្យុះរារាំងយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក។ អាមេរិក និងបណ្តាប្រទេសម្ព័ន្ធមិត្តមួយចំនួនផង បាននាំគ្នាចោទប្រកាន់ថា កម្ពុជាបានប្រគល់មុលដ្ឋានសមុទ្ររាមឱ្យចិនយកទៅធ្វើជាមូលដ្ឋានទ័ព។

ការចោទប្រកាន់ទាំងនេះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីការពារជាតិ បានចេញមកពន្យល់ និងបំភ្លឺជាបន្តបន្ទាប់ លើគោលបំណង និងគោលដៅនៃការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម។

បើទោះបីរងការព្យាយាមរារាំងខ្លាំងក្លាយ៉ាងណាក្តី ក៏កម្ពុជាមិនបញ្ឈប់ការអភិវឌ្ឍមូលដ្ឋានសមុទ្ររាម ដើម្បីពង្រឹងខឿនការពារជាតិនោះឡើយ។ ក្រោមការជួយជ្រោមជ្រែងរបស់មិត្តចិន ការសាងសង់នូវសមិទ្ធផលនានាត្រូវបានធ្វើឡើងជាបន្តបន្ទាប់រហូតសម្រេចបានលទ្ធផល១០០ភាគរយ នៅឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា សមិទ្ធផលដែលបានសាងសង់រួចរាល់នោះមានដូចខាងក្រោម៖

* ផ្នែកសំណង់ទីតាំងមូលដ្ឋានសមុទ្ររាម បានសាងសង់សំណង់អគារថ្មី និងជួសជុលអគារចាស់ៗមានដូចជា៖ សាងសង់ផែលេខ១ មានប្រវែងសរុបចំនួន៦៥០ម៉ែត្រ ចែកចេញជា២ផ្នែក «ផ្នែកទី១» គល់ផែប្រវែង ៣០០ ម៉ែត្រ ទទឹង ១២ម៉ែត្រ និង «ផ្នែកទី២» តួផែ ប្រវែង៣៥០ម៉ែត្រ និងទទឹង ៣០ម៉ែត្រ មានប៉ុស្តិ៍យាមចំនួន២ និងផែលេខ២ ដែលជាផែស្ងួត មានប្រវែងបណ្តោយ២៧០ម៉ែត្រ ទទឹង២០ម៉ែត្រ។

សាងសង់ អ៊ូ ៥,០០០តោន «Dry dock» និងរ៉ៃ ១,០០០តោន «Slip way», សាងសង់អគារចំនួន៨ខ្នង (អគារស្នាក់នៅ៥ខ្នង និងអគារការិយាល័យ៣ខ្នង), អគារទទួលភ្ញៀវ ៤៩បន្ទប់ ទំហំ៣,១៦១ម៉ែត្រការ៉េ, អគារសាលប្រជុំ និងបានបំពាក់សម្ភារៈតាមអគារនីមួយៗ។

* ការងារកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមមាន ស្ថានីយផ្គត់ផ្គង់ អគ្គិសនី ១ខ្នង, ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត១ខ្នង និងស្ថានីយចម្រោះទឹកកខ្វក់១ខ្នង, សាងសង់ទីលានសម្រាប់ហ្វឹកហ្វឺនរួមគ្នា «បោះតង់» និងទីលានចុះចតឧទ្ធម្ភាគចក្រ, សាងសង់របងព្រំដីភាគខាងត្បូង, ក្លោងទ្វារខាងកើត, ផ្លូវបេតុង១ខ្សែ ចាប់ពីក្លោងទ្វារខាងកើត ដល់ផែលេខ១ ប្រវែង៦៩០ម៉ែត្រ។

ដោយឡែកសំណង់ចាស់ ដែលត្រូវបានជួសជុលកែលម្អ រួមមាន៖ អគារសេនាធិការ១ខ្នង, អគារកងនាវាល្បាត៤ខ្នង, ការិយាល័យភស្តុភារ និងវិស្វកម្ម៥ខ្នង, ឃ្លាំងបច្ចេកទេស១ខ្នង, ការិយាល័យឃោសនាព័ត៌មាន១ខ្នង, កន្លែងប្រចាំបញ្ហា១ខ្នង, បន្ទប់មេបញ្ជាការមូលដ្ឋានសមុទ្ររាម១ខ្នង, ការិយាល័យហិរញ្ញវត្ថុ១ខ្នង, រោងរថយន្ត១ខ្នង, ស្ថានីយចាក់ប្រេងរថយន្ត១ទីតាំង និងអគាររោងជាងជួសជុល២ខ្នង។

ក្រៅពីសំណង់ខាង់លើហើយនោះ ក៏មានការសាងសង់ទីតាំងបម្រុងទុក សម្រាប់កងកម្លាំងហ្វឹកហ្វឺនរួមគ្នាមួយចំនួនទៀត មានដូចជាអគារការិយាល័យ អគារស្នាក់នៅជាប្រភេទអគារកុងតឺន័រ និងអាហារដ្ឋាន, អគារបំពាក់អង់តែនផ្កាយរណប២ខ្នង, អគារបញ្ចូន និងទទួលព័ត៌មាន១ខ្នង, មន្ទីរពេទ្យ១ខ្នង និងអគារវះកាត់, ប៉មសង្កេតការណ៍ ដើម្បីតាមដានរាល់សកម្មភាពនាវា សកម្មភាពផ្សេងៗ នៅលើផ្ទៃទឹក និងក្នុងតំបន់ ប៉ុស្តិ៍យាមសង្កេតការណ៍នៅតាមរបងព្រំដី ៤ទីតាំង, ឃ្លាំងផ្ទុកសម្ភារៈ និងឧបករណ៍ប្រើប្រាស់០១ខ្នង, រោងជាងជួសជុលម៉ាស៊ីននាវា-អូប័រ០១ខ្នង, ស្ថានីយផ្គត់ផ្គង់អគ្គិសនី០១ខ្នង, ស្ថានីយចម្រុះទឹកកខ្វក់០១ខ្នង, ស្ថានីយផ្គត់ផ្គង់ទឹកស្អាត០១ខ្នង, ស្ថានីយ៍ពន្លត់អគ្គីភ័យ០១ខ្នង, ស្ថានីយប្រេង០១កន្លែង និងពោងស្តុកប្រេង០៤ទីតាំង, ស្ថានីយ U BEIDOU Satellite-092, ចំណតយានយន្ត២ខ្នង, របងព្រំដីភាគខាងជើងបានប្រវែង១,៤៤៨ម៉ែត្រ, សាងសង់ក្លោងទ្វារខាង ជើង កម្ពស់៥,៧ម៉ែត្រ ទទឹង១២,៨ម៉ែត្រ, ឃ្លាំងផ្ទុកសម្ភារៈសឹក និងផែអក្សរ T កែលម្អបាន១០០%។

លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា មូលដ្ឋានសមុទ្ររាម បានទទួលនាវាចំនួន៨គ្រឿង ក្នុងនោះ នាវាធុនP46C ចំនួន០៤ គ្រឿង, នាវាP20C ចំនួន០៣គ្រឿង, នាវាL50C ចំនួន០១គ្រឿង និងដុក៦០០តោន ១គ្រឿង ដែលបានធ្វើ ការជួសជុលរួចពីប្រទេសចិន បានត្រឡប់ចូលមកមូលដ្ឋានសមុទ្ររាមវិញ។ ជាមួយគ្នានេះ បានរៀបចំពិធី ប្រគល់-ទទួល ឯកសណ្ឋានសរុបទាំង៣៥មុខ ស្មើនឹង៨,៣៩៥កេស ដែលជាជំនួយរបស់ចិន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.