ខេត្តស្វាយរៀង ៖ ក្រុមអ្នករកស៊ីដឹកទំនិញនាំចូលបង់ពន្ធ និងក្រុមដឹកទំនិញវិនិយោគនាំចេញ-នាំចូលក៏ដូចជា ក្រុមឈ្មួញរកស៊ីបង់ពន្ធនាំចូលមិនគ្រប់ជាដើម…បានខ្លាចរអា និងស្អប់ខ្ពើបយ៉ាងខ្លាំងចំពោះទង្វើ ចង់ក្លាយជាបុគ្គលពុករលួយ ទុកអោយអនុប្រធានសាខា៣រូប អត់ការងារធ្វើ មិនអោយអនុវត្តតាមផែនដែលខ្លួនបានបែងចែកអោយទទួលខុសត្រូវ គឺលោក ខៀវ សារឿន យកការងាររបស់អនុសាខាទាំង៣រូប ទៅអោយមន្ត្រីគយក្មេងៗ ថ្មីៗ ជាមនុស្សរកលុយអោយគាត់ចាត់ចែងធ្វើទាំងអស់។ ដោយឡែកអនុប្រធានសាខា គឺគ្មានសិទ្ធអនុវត្តតាមតួនាទីភារកិច្ចដែលបានបែងចែកតាមផែននោះទេ។
លោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង ត្រូវបានគេទទួលស្គាល់ថា៖ មុនគាត់ចូលនិវត្តន៍ ត្រូវបង្កើតគំនិតពុករលួយ តាមរយះគៀបសង្កត់ឈ្មួញបង្ខំឲ្យបង់ប្រាក់សម្រាប់ក្បាលរថយន្តដឹកទំនិញឆ្លងកាត់ខេត្តគាត់គ្រប់គ្រង ដោយមិនគិតពី ទំនិញបង់ពន្ធនាំចូលស្របច្បាប់ បង់ពន្ធនាំចូលមិនគ្រប់ ទំនិញលោតឆ័ត្រជាដើម ។ ក្នុងនោះសូម្បីតែទំនិញវិនិយោគ ពន្ធអាករជាបន្ទុករបស់រដ្ឋក៏ដោយ ក៏លោក ខៀវ សារឿន តម្រូវឲ្យបង់លុយ និងធ្វើបាបអាជីវករ ដែលដឹកផ្លែឈើគ្រាន់រកស៊ី រកអង្ករច្រកឆ្នាំងនោះជាដើម យ៉ាងធ្ងន់ធ្ងរ។
តាមរយៈអំពើពុករលួយនេះ លោក ខៀវ សារឿន ហ៊ានទាំងប្រព្រឹត្តបំពានច្បាប់ផ្ទុយពីការណែនាំ របស់លោកបណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
ក្រុមឈ្មួញបានបញ្ជាក់យ៉ាងលម្អិតថា៖ លោក ខៀវ សារឿន តម្រូវឲ្យរថយន្តដឹកទំនិញធំៗដោយមិនគិត បង់ពន្ធនាំចូលគ្រប់, ឬមិនគ្រប់ បង្កប់ទំនិញនាំចូលបង់ពន្ធខ្ពស់ក៏មិនគិត ទំនិញរសើបលោតឆ័ត្រ, មិនបង់ពន្ធទាំងអស់ក៏មិនគិត, សំខាន់ត្រូវបង់ក្បាលរថយន្ត ក្នុង១រថយន្តចំនួន២៥០ដុល្លារទៅ៣០០ដុល្លារ និងមិនគិតពីការបង់ប្រាក់ប្រចាំខែ សម្រាប់ឈ្មួញ ឬក្រុមហ៊ុនមួយចំនួនទៀត ដែលដឹកទំនិញឆ្លងកាត់ខេត្តស្វាយរៀង ។ ដោយឡែកចំពោះរថយន្តដឹកទំនិញវិនិយោគ ដែលពន្ធអាករ ជាបន្ទុករបស់រដ្ឋ ក៏លោក ខៀវ សារឿន បានកំណត់ឲ្យបង់ក្នុង១រថយន្ត២ម៉ឺនរៀលសម្រាប់ថ្លៃបាយ ក្នុងនោះមានមួយថ្ងៃៗរាប់រយគ្រឿង ។ ក្រុមឈ្មួញបានបន្តថា៖ បើនិយាយអំពីរថយន្តទេសចរណ៍ រថយន្តក្រុងដឹកអ្នកដំណើរ គ្រប់ក្រុមហ៊ុនគឺបង្កប់ទំនិញគេចពន្ធ ដោយមិនអាចប្រកែកបានយ៉ាងពិត ប្រាកដគឺ១០០ភាគរយ ។ ដូច្នេះ រាល់រថយន្តក្រុងដឹកអ្នកដំណើរបង្កប់ទំនិញគេចពន្ធនេះ ក៏ត្រូវបង់ក្បាលរថយន្ត ជូនលោក ខៀវ សារឿន តាមការទាមទារដែរ ។ ប៉ុន្តែគេពុំដឹងថា ក្នុង១រថយន្តតម្លៃប៉ុន្មាន? គ្រាន់តែក្រុមហ៊ុនដឹកទំនិញខ្លះ លួចបង្ហើបថា៖គ្រាន់តែរថយន្តក្រុង១គ្រឿងក៏១ខែ ត្រូវបង់ប្រាក់សម្រាប់សមត្ថកិច្ចគ្រប់ស្ថាប័នសរុបជាង១ម៉ឺនដុល្លារ ។ ខណះរថយន្តក្រុងទាំងរបស់ខ្មែរ និងរថយន្តក្រុងរបស់វៀតណាម សុទ្ធតែបានលួចបង្កប់ដឹកទំនិញគេចពន្ធ និងជាប្រភេទទំនិញបង់ពន្ធនាំចូលខ្ពស់។ នេះមិនទាន់គិតពីទំនិញអេឡិចត្រូនិច ទំនិញបង់ពន្ធនាំចូលខ្ពស់ តែបង់ពន្ធជាទំនិញផ្សេង និងមិនគ្រប់ចំនួនជាដើមផង។
លោក ខៀវ សារឿន ក្រៅពីធ្វើកិច្ចការក្នុងតួនាទី ភារកិច្ច គៀបសង្កត់ឈ្មួញ គាត់ក៏ មានចេតនាទុច្ចរិត បំបាត់ពន្ធរដ្ឋ ដើម្បីបំពេញតម្រូវការផលប្រយោជន៍ឆ្នាំងបាយបុគ្គលខ្លួនឯង និងបក្ខពួក ក៏ដូចជារកចំណូលក្រោមតុ ដោយអំពើគៀបសង្កត់ឈ្មួញសម្រាប់ តម្រូវការថ្នាក់លើផងដែរ ។ ក្នុងនោះគេទទួលស្គាល់ថា ក្នុង១ខែៗ លោក ខៀវ សារឿន រកចំណូលដោយអំពើពុករលួយរបៀបប្រើទម្លាប់ខុសពីច្បាប់គយបានរាប់ម៉ឺន រាប់សែនដុល្លារ ។ អ្វីដែលឈ្មួញតូចតាចកំពុងធុញ ទ្រាន់និង ស្អប់បំផុតនោះ ត្រង់ថា លោក ខៀវ សារឿន បានពង្រាយមនុស្សឲ្យចាំយកលុយពីប្រជាពលរដ្ឋដឹកទំនិញបន្តិច បន្តួច សម្រាប់ដោះស្រាយជីវភាពផ្ទាល់ខ្លួន តាមច្រកទ្វេភាគី ច្រករបៀង ដោយគាត់ខ្វះមន្ត្រីគយ លោក ខៀវ សារឿន បានឲ្យកូនអ្នកស្រុក ដែលពួកខ្លួនទុកចិត្តបន្លំស្លៀកឯកសណ្ឋានជាគយ តាមច្រករបៀង ដើម្បីយកលុយពី ប្រជាពលរដ្ឋដឹកឥវ៉ាន់ ។ កន្លងទៅត្រូវបានគេរាយការណ៍មកថា លោក ខៀវ សារឿន បានឲ្យជនស៊ីវិលស្លៀកឯកសណ្ឋានគយយកលុយពីប្រជាពលរដ្ឋដឹកទំនិញ មានដូចជានៅច្រករបៀង ខ្សែដែក , ច្រកដូង , ច្រកថ្នាធ្នង់ , ច្រកតាំងយូ , ច្រកតាអី និងច្រកជាង១០កន្លែងទៀត។ ក្នុងនោះជាក់ស្តែងនៅច្រកទ្វេរភាគីបុសមន គឺតាលីន មេគយច្រកបុសមន បានប្រើឈ្មោះផល ជាជនសុីវិល ត្រូវជាកូនខ្មោចតាម៉ៅ រស់នៅភូមិស្រម៉ ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង អោយស្លៀកឯកសណ្ឋានគយ របៀបជាខោគយ ហើយយកអាវធំពណ៍ខ្មៅពាក់ពីលើអាវគយបន្លំៗ ជាមន្ត្រីគយចាំយកលុយពីច្រករបៀងតាអី,ច្រកថ្នាធ្នង់ ,ច្រកបុសតូច ,ច្រកបុសមន ,ច្រកដូង ហើយនៅច្រកបុសមន ក៏មានជនសុីវិល២នាក់ផ្សេងទៀតធ្វើការរបៀបនេះឋិតក្រោមការបញ្ជាផ្ទាល់ពីតាលីន ចាំយកលុយពីឈ្មួញ ប្រជាជនដឹកទំនិញ។ មានន័យថា បើមន្ត្រីគយរបស់លោក ខៀវ សារឿន បីទៅបួននាក់ គឺគាត់បានពង្រាយយកជនស៊ីវិល ទៅបន្លំឲ្យស្លៀកឯកសណ្ឋានគយ ចាំយកលុយបានជាង១០ ច្រករបៀង ។ ឈ្មួញបានលើកឡើងថា លោក ខៀវ សារឿន ខួរក្បាលពោពេញទៅដោយគំនិតសេដ្ឋកិច្ច ប៉ុន្តែជាចេនាទុច្ចរិតបំបាត់ពន្ធរដ្ឋ ដែលថ្នាក់លើគួរដាក់ភាពសង្ស័យឲ្យបានច្រើន ជាងការទទួលសំណូកពីបុគ្គលរូបនេះ ហើយធ្វើឲ្យទិដ្ឋភាពអនុវត្តច្បាប់របស់មេគយរូបនេះ ប៉ះពាល់ដល់សង្គមប្រជាធិបតេយ្យ នៃប្រទេសគ្រប់គ្រងដោយច្បាប់ ។
គេបានរំឭកថា បើរថយន្តក្រុងដឹកទំនិញគេចពន្ធភាគច្រើនជាប្រភេទគ្រឿងអេឡិចត្រូនិច គ្រឿងម៉ាស៊ីន ប្រេងម៉ាស៊ីន ភេសជ្ជៈ ស្រាបៀរដែលមានតម្លៃបង់ពន្ធនាំចូលខ្ពស់។ល។ ត្រូវបានបង់ប្រចាំខែឲ្យលោក ខៀវ សារឿន មេគយរូបនេះ ក្នុង១ខែៗរាប់ម៉ឺនដុល្លារ គ្រប់ក្រុមហ៊ុន ។ ផ្ទុយទៅវិញ បើមិនបានផ្តល់ដំណឹង ឬមិនមកពឹងពាក់ អាស្រ័យចរចារមុនទេ កុំថាឡើយទំនិញអត់ពន្ធ ឬបង់ពន្ធមិនគ្រប់ ទាំងទំនិញវិនិយោគ ទាំងទំនិញនាំចូលស្របច្បាប់គឺ លោក ខៀវ សារឿន ប្រើប្រាស់មន្ត្រីរបស់ខ្លួនឲ្យទៅអុកឡុករំខាន ក្នុងគោលបំណងគោះទឹកបង្អើរត្រី ដើម្បីរត់មក ជួបចរចាបង់លុយប្រចាំក្បាលរថយន្ត និងប្រចាំខែ ។
អាជីវករដឹកផ្លែឈើបានលើកឡើងថា ទាំងលោក ខៀវ សារឿន ទាំងមន្ត្រីគយចល័តរបស់គាត់ បានគៀបសង្កត់ និងធ្វើបាបពួកគាត់ ណាស់ ជួនយកតម្លៃទាប ជួនយកតម្លៃខ្ពស់ ឬកាក់ឡានទុកសិន ធ្វើឲ្យពួកគាត់ភ័យខ្លាចផ្លែឈើទុកយូរខូចគុណភាព ម្ល៉ោះហើយបង្ខំចិត្តអោយលុយខ្ពស់លើសពីធម្មតា ដើម្បីមានឱកាសយករថយន្តដឹកផ្លែឈើចេញពីទីតាំងគយចល័តលើផ្លូវជាតិលេខ១ របស់លោក ខៀវ សារឿន។
ផ្ទៃក្នុងបានទម្លាយថា៖ លោក ខៀវ សារឿន ប្រធានសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង បានប្រើអំណាចផ្តាច់ការ ប្រមូលលុយដោយសម្រុកពីឈ្មួញ មុនខ្លួនត្រូវចូលនិវត្តន៍ ក្នុងនោះការងារដែលបែងតាមផែនអោយអនុប្រធានសាខា៣រូប ទទួលបន្ទុកធ្វើការ បែរជាមានតែតួនាទី ភារកិច្ច លើក្រដាស ផ្ទុយទៅវិញការងារជាក់ស្តែងគឺលោក ខៀវ សារឿន អោយក្មេងៗមន្ត្រីគយថ្មីធ្វើទាំងអស់ ងាយស្រួលបង្វិល លាក់លៀមនៃអំពើពុករលួយ។
គេបញ្ជាក់ថា៖ របៀបរកលុយនៅសាខា គឺលោក ខៀវ សារឿន ប្រើមន្ត្រីគយក្មេងៗ ទើបមកធ្វើការថ្មីជាអ្នកចាត់ចែង ដើរតាមបន្ទាត់គាត់ណែនាំ ។ ដោយឡែករកលុយពីឈ្មួញដឹកទំនិញលើផ្លូវជាតិ ក្រុមឈ្មួញដឹកទំនិញលោតឆ័ត្រ គឺលោក ខៀវ សារឿន ប្រើមន្ត្រីគយក្មេងៗដែរ តែជាមន្ត្រីគយមកធ្វើការមុន មន្ត្រីគយក្មេងៗនៅសាខា ក្នុងនោះដូចជាក្រុមគយចល័តជាដើម។
បញ្ហាទាំងនេះ គេមានជំនឿថា៖ ថ្នាក់លើ សំដៅទៅ លោកបណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា អាចទទួលប្រយោជន៍ដែរ ទើបលោក ខៀវ សារឿន ហ៊ានប្រព្រឹត្តអំពើពុករលួយ ហ៊ានដឹកនាំការងារអនុវត្តផ្ទុយពីគោលការណ៍ថ្នាក់លើ ដូចជាទទួលសំណូកពីទំនិញក្លែងភេទ ឃុបឃិតគ្នាជាមួយឈ្មួញ ជាមួយក្រុមហ៊ុន អោយទំនិញបង់ពន្ធនាំចូលខ្ពស់ មកបង់ពន្ធទាបជាប្រភេទទំនិញខុសពីប្រតិវេទន៍គយ ហើយបង់ពន្ធមិនគ្រប់ចំនួនទៀត។
ពាក់ព័ន្ធករណីរិះគន់ខាងលើនេះ អង្គភាពយើងខ្ញុំ មិនអាចទាក់ទងសុំការបំភ្លឺបានទេពី លោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង នៅរសៀលថ្ងៃ ៕





