(ខេត្តកែប)៖ នេះជាករណីចោរកម្មដែលធ្វើឱ្យសមត្ថកិច្ចឈឺក្បាលវិលមុខ ខណៈម៉ូតូរបស់ពលរដ្ឋចំនួនពីរគ្រឿងដែលចតទុកក្នុងបរិវេណវត្ត ត្រូវក្រុមចោរចូលទៅបន្លំកាច់សោរ ក ជិះយកទៅបាត់ទាំងព្រឹក ដោយគ្មានរំខានដល់ប៉ូលិសបន្តិចឡើយ។
ហេតុការណ៍ឆោឡោរឿងបាត់ម៉ូតូម៉ាកទំនើបពីរគ្រឿងខាងលើ បានកើតឡើងនៅក្នុងវត្តព្រៃតាកុយ ភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។
តាមប្រភពព័ត៌មានបានរាយការណ៍ថា មុនពេលមានករណីចោរកម្មនេះ ម៉ូតូទាំងពីរគ្រឿងត្រូវបានម្ចាស់ជិះចូលមកឈប់ចតក្នុងបរិវេណវត្តព្រៃតាកុយ ដើម្បីយកចង្ហាន់ប្រគេនព្រះសង្ឃក្នុងឱកាសកាន់បិណ្ឌវេនទី៨។លុះប្រគេនចង្ហាន់ព្រះសង្ឃរួចហើយ ស្រាប់តែម៉ូតូត្រូវចោរកាច់សោរយកទៅបាត់ទាំងពីរគ្រឿងតែម្តង។ប្រភពបានបន្តថា មុននេះបន្តិចគេឃើញមនុស្សមិនស្គាល់អត្តសញ្ញាណ៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាចូលទៅក្បែរកន្លែងចតម៉ូតូនោះដែរ ប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ទេ លុះបាត់ម៉ូតូទើបនាំគ្នាឆោឡោបង្កការភ្ញាក់ផ្អើលតែម្តង។
ទាក់ទិននឹងករណីបាត់ម៉ូតូនេះ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ម៉ូតូទាំងពីរគ្រឿងសុទ្ធតែសេរីទំនើប ម៉ាកហុងដាផលិតក្នុងឆ្នាំ២០១៨ដូចគ្នា។ម៉ូតូទី១ម៉ាកC125 សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កែប 1B-5593 ម្ចាស់ឈ្មោះ ម៉ៅ គី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹ ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ម៉ូតូទី២ ម៉ាកC125 ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កែប 1B-2138 ម្ចាស់ម៉ូតូឈ្មោះ សឹង មុន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្រោយពីមានករណីបាត់ម៉ូតូពីរគ្រឿងទាំងព្រឹកនៅក្នុងបរិវេណវត្តព្រៃតាកុយ ភ្លាមនោះគេឃើញសមត្ថកិច្ចបាននិងកំពុងដុតដៃដុតជើង តាមប្រមាញ់គ្រប់ច្រកល្ហកដើម្បីវែកមុខក្រុមចោរលួចនេះយកមកផ្តន្ទាទោសទៅតាមផ្លូវប្បាប់៕ សេង ណារិទ្ធ





