(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណវិទ្យាល័យពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ក្របខណ្ឌទូទាំងខេត្ត ដោយមានការចូលរួម ពីឯកឧត្តមអភិបាលរងខេត្ត អភិបាលក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស មកពីសាលាបឋមសិក្សាពោធិ៍សាត់ អនុ និងវិទ្យាល័យពោធិ៍សាត់ ប្រមាណជិត២ពាន់នាក់។
បន្ទាប់ពីបានអានសារលិខិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងគ្រប់កម្រិត របស់កូនៗក្មួយៗនោះរួចមក, ឯកឧត្តម ខូយ រីដា ក៏បានលើកឡើងថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់ ទាំងផ្នែកបរិមាណ និងគុណភាព។
ឯកឧត្តមអភិបាលខេត្តបន្តថា ក្រោមម្លប់នៃសុខសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមានបំណងដើរឆ្ពោះទៅបង្កើតធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គម និងកំណើនសេដ្ឋកិច្ច។
រយៈពេលមួយឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានអភិវឌ្ឍន៍ និងកែទម្រង់វិស័យអប់រំ ចំនួន៤ចំណុចធំៗ ក្នុងគោលដៅពង្រឹងវិស័យអប់រំ ឱ្យកាន់តែល្អប្រសើរឡើង ពិសេសក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ ជាឆ្នាំប្រឡងប្រណាំង ស្តង់ដាសាលារៀនគម្រូនៅទូទាំងប្រទេស។
ឯកឧត្តម ខូយ រីដា បន្ថែមថា សម្រាប់ខេត្តពោធិ៍សាត់ លោកបានប្តេជ្ញាចិត្តយកវិទ្យាល័យពោធិ៍សាត់ ដើម្បីឱ្យសម្រេចបានជាសាលារៀនគម្រូនៅទូទាំងប្រទេស ហើយអនុវិទ្យាល័យពោធិ៍សាត់ និងបឋមសិក្សាពោធិ៍សាត់ ក៏ជាគោលដៅសាលាគម្រូ ដែលមានលក្ខណៈប្រមូលផ្តុំ ក្នុងទីប្រជុំជនខេត្តផងដែរ។
ឯកឧត្តមអភិបាលខេត្ត ចង់ឃើញ លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់ក្នុងការបំពេញការងារ មានឆន្ទះ មានបរិស្ថានអប់រំល្អ មានសាមគ្គីភាពផ្ទៃក្នុង បណ្តុះ និងសាបព្រោះបំនិនជីវិត ធ្វើយ៉ាងណាកុំឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានការខកចិត្តមកលើយើង។ ជាមួយគ្នានោះ ឯកឧត្តមបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ជាពិសេសត្រូវឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើឱ្យបាត់បង់ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានផ្តល់ប័ណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ ជូនដល់លោកគ្រូ អ្នកគ្រូ នៃអនុវិទ្យាល័យពោធិ៍សាត់ និងសាលាបឋមសិក្សាពោធិ៍សាត់ ដែលមានស្នាដៃក្នុងការបំពេញការងារ លើការបង្រៀន និងរៀន ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ និងបានបន្តជួបសំណេះសំណាល ព្រមទាំងផ្តល់ប្រសាសន៍ណែនាំតម្រង់ទិសមួយចំនួន ដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូវិទ្យាល័យពោធិ៍សាត់ ដើម្បីឈានទៅសម្រេចជាសាលារៀនគម្រូទូទាំងប្រទេស៕




