ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ខួប​២០​ឆ្នាំ​! ហេតុអ្វី​បានជា​ព្រះមហាក្សត្រ ទុក​ព្រះទ័យ​លើ​ការ​កាច់ចង្កូត​នាវា​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​?

ខួប​២០​ឆ្នាំ​! ហេតុអ្វី​បានជា​ព្រះមហាក្សត្រ ទុក​ព្រះទ័យ​លើ​ការ​កាច់ចង្កូត​នាវា​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​សម្តែង​ការ​ទុក​ព្រះទ័យ​ថា ព្រះរាជាណាចក្រ​កម្ពុជា នឹង​សម្រេច​បាន នូវ​នយោបាយ​ដឹកនាំ​ជាតិ​ដ៏​ខ្លាំងក្លា​មួយ ក្រោម​ការ​កាច់ចង្កូតរ​បស់​រាជរដ្ឋាភិបាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ ព្រះរាជបន្ទូល​សម្តែង​ការ​ទុក​ព្រះទ័យ​នេះ បាន​ធ្វើឡើង​ក្រោយ​ទត​មើលឃើញថា រយៈពេល​ជាង​២០​ឆ្នាំ​ក្រោយ​ការបញ្ចប់​សង្គ្រាម ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ពិតជា​មាន​ស្ថិរភាព​នយោបាយ និង​មាន​សន្តិភាព និង​គ្មាន​អនុភាព​ណា​មក​បង្ក​ភាព​រង្គោះរង្គើ​បានឡើយ​។ Fresh Exclusive មាន​សេចក្តីរាយការណ៍​អង្កេត និង​ស៊ីជម្រៅ​លើ​បញ្ហា​នេះ​…

​ព្រះមហាក្សត្រ​ខ្មែរ​ជាទី​គោរព​សក្ការៈ បាន​មាន​ព្រះរាជបន្ទូល​កោតសរសើរ​ការដឹកនាំ​របស់ រាជរដ្ឋាភិបាល​បច្ចុប្បន្ន ដែល​បាន​ធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព មាន​ស្ថិរភាព​នយោបាយ និង​ប្រជាពលរដ្ឋ បាន​រស់នៅ​ក្នុង​សេចក្តីសុខក្សេមក្សាន្ត ដែល​ស្រប​តាម​ព្រះរាជ​បណ្តាំ​របស់​ព្រះ​បិតា​ព្រះអង្គ គឺ​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ នៅមុន​ទ្រង់​យាង​ចូល​ទី​រង្គ​ត​។​

​ព្រះរាជបន្ទូល​ថ្លែង​កោតសរសើរ​របស់​ព្រះករុណា​សម្តេច​ព្រះបរមនាថ នរោត្តម សីហ​មុនី គឺ​នៅក្នុង​ឱកាស ដែល​ពលរដ្ឋ មន្ត្រីរាជការ ថ្នាក់ដឹកនាំ​កំពូល​តាម​ស្ថាប័ន​នានា​ទួទាំង​ប្រទេស បាន​អបអរសាទរ​ខួប​២០​ព្រះវស្សា​នៃ​ការ​ឡើងគ្រងរាជ្យសម្បត្តិ​របស់​ព្រះអង្គ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ ២០២៤​។ នៅក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី​២៨, ២៩ និង​៣០ ខែតុលា ឆ្នាំ​២០២៤ គឺជា​ថ្ងៃ​ដ៏​មហោឡា​រឹក ដែល​ការរៀបចំ​អបអរសាទរ​មាន​ទាំង​នៅក្នុង និង​ក្រៅ​បរិវេណ​ព្រះបរមរាជវាំង ដោយ​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​នោះ ក៏​មាន​ការបាញ់​កាំជ្រួច​អបអរសាទរ​នៅ​ទន្លេ​ចតុមុខ ជាប់​ព្រះបរមរាជវាំង​។​

​ព្រះករុណា​ព្រះមហាក្សត្រ ថ្លែង​ព្រះរាជបន្ទូល​ក្នុង​មហា​មិ​ទ្ទីញថ្ងៃ​ទី​៣០ ខែតុលា ពីលើ​ព្រះ​វេទិកា​ចន្ទ​ឆាយា ដែល​យាង​និង​អញ្ជើញ​ចូលរួម​ដោយ​ព្រះ​ញាតិវង្ស និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ រួមមាន​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោក ជំទាវ​, សម្តេច​នៃ​ឧត្តម​ក្រុមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ ដូចជា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​, សម្តេច​ក្រឡាហោម ស ខេង​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់​, សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​, បណ្តា​ថ្នាក់ដឹកនាំ​កំពូល​របស់​ស្ថាប័ន​រដ្ឋាភិបាល និង​មន្ត្រីរាជការ ពលរដ្ឋ នានា​ជាច្រើន​ពាន់​នាក់ ទ្រង់​បាន​ថ្លែង​កោតសរសើរ នូវ​នយោបាយ​កាច់​ចង្កួតដ៏​ប៉ិនប្រសប់រ​បស់​រាជរដ្ឋាភិបាល ដែល​បាន​និង​ធ្វើ ឱ្យ​កម្ពុជា មាន​សុខសន្តិភាព និង​មាន​ការរីកចំរើន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​ចុងក្រោយ​នេះ​៖

«​រយៈពេល​កន្លងមក​មាតុភូមិ​កម្ពុជា និង​ប្រជាពលរដ្ឋ​យើង​មាន​ការប្រែប្រួល​មុខមាត់​ថ្មី​គួរ​ឱ្យ​កោតសរសើរ​។ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ដ៏​ឆ្លាត​វៃ បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ ក្នុងការ​ប្រណិបតន៍​តាម​មាគ៌ាដ៏​ល្អ​ប្រពៃ និង​មរតក​នយោបាយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​នាំមក​នូវ​សុខសន្តិភាព សាមគ្គីភាព ឯកភាព​ជាតិ កិត្យានុភាព​ជាតិ ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ ស្រប​តាម​គោល​មាគ៌ា​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ ជា​ព្រះរាជ​បណ្តាំ​បន្ថែម​ចុងក្រោយ​របស់​ព្រះករុណា​ព្រះ បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពស់​ខ្ពស់បំផុត​នៅក្នុង​ឆ្នាំ​២០១១»​។​

​ប្រវត្តិសាស្ត្រ​បាន​បង្ហាញថា របប​រាជានិយម​របស់​កម្ពុជា ត្រូវបាន​ផ្តួលរំលំ​ដោយ​រដ្ឋប្រហារ ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០ ដោយ​ក្រុម​ក្បត់ជាតិ លន់ នល់​, ចេង ហេង​, អ៊ិន តាំ និង​ទ្រង់​សី​រី​មតៈ ដែល​ក្រុម​ក្បត់​ទាំងនេះ បាន​ធ្វើ​ការកែ​ច្បាប់ និង​កែ​រដ្ឋធម្មនុញ្ញ​ជាតិ ផ្លាស់ប្តូរ​របប​ពី​រាជានិយម ក្លាយទៅជា​របប​សាធារណរដ្ឋ​ខ្មែរ និង​ថែម​ទាំង​នាំ​ប្រទេស​កម្ពុជា ឱ្យ​ធ្លាក់​ចូល​ក្នុង​របប​កាប់សម្លាប់​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​)​ថែម​ទៀត​។ បើ​គ្មាន​ការតស៊ូ​រត់​ចូល​ព្រៃ​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ដោយ​ការ​យក​ជីវិត​ធ្វើ​ជា​ដើមទុន ដើម្បី​រំដោះ​ប្រទេស​ជាតិ​របស់​ស​ម្តេច​តេជោ ហ៊ុន សែន និង​សហការី​នា​គ្រា​នោះ​ទេ នោះ​ក៏​មិន​មាន​ការសង្គ្រោះ​ជាតិខ្មែរ​ទាំងមូល នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ និង​ក៏​គ្មាន​កិច្ចព្រមព្រៀង​ក្រុង ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ ១៩៩១ និង​ក៏​គ្មាន​ការវិលត្រឡប់​មកវិញ នូវ​របប​រាជានិយម​ដូច​បច្ចុប្បន្ន​នេះ​ឡើយ​។​

​គឺ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ធ្វើដំណើរ​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន អម​ព្រះរាជដំណើរ​សម្តេចព្រះ នរោត្តម សីហនុ និង​ព្រះ​ជា​យា ពី​រដ្ឋធានី ប៉េកាំង យាង​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​១៩៩១ បន្ទាប់​ពី​ក្សត្រ​ទាំង​ទ្វេរ បាន​គង់​ក្នុង​ភាព​នី​រទេស​អស់​ជាច្រើន​ឆ្នាំ​។ របប​រាជានិយម​លើក​ទី​២ ក្រោយមក​បាន​ចាប់កំណើត​សា​ឡើងវិញ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ នៅពេល​ដែល​សម្តេច​ព្រះ នរោត្តម សីហនុ ទ្រង់​បាន​ឡើង គ្រងរាជ្យសម្បត្តិ​សា​ឡើងវិញ និង​ប្រទេស​កម្ពុជា បាន​ប្តូរ​ទៅ​ជា​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ពេលនោះ​មក​។​

​ក្រោយ​ការដាក់រាជ្យ​ស​ម្ប​តិ្ត​ក្នុង​ឆ្នាំ​២០០៤ ក្រុមប្រឹក្សា​រាជ្យសម្បត្តិ​ទាំង​៩​អង្គ​/​នាក់ ដែល​រួមមាន​សម្ដេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​សម្ដេច​ក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ជា​ព្រះប្រធានរដ្ឋសភា នាពេលនោះ បានសម្រេច​ជ្រើសតាំង​ព្រះបរមនាថ នរោត្តម សីហ​មុនី នៃ​ព្រះរាជបុត្រ​របស់​ព្រះអង្គ ជា​ព្រះមហាក្សត្រ​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន នា​ល្ងាច​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៤ ក្នុង​ព្រះរាជ​ពិធី​ខួប​២០​ព្រះវស្សា នៃ​ការ​ឡើងគ្រងរាជ្យសម្បត្តិ​របស់​ព្រះមហាក្សត្រ​ខ្មែរ ប្រព្រឹត្តទៅ​ក្នុង​ព្រះបរមរាជវាំង បាន​មានប្រសាសន៍​រំលឹក​ត្រួសៗ នូវ​ប្រវត្តិ​ពី​អតីតកាល​នៃ​ការ​រស់​ឡើង​វិញ​នៃ​របប​រាជានិយម​៖

«​ឆ្លៀត​ឱកាស​ដ៏​កំរ​នេះ សូម​រាជានុញ្ញាត​ឱ្យ​ទូលបង្គំ​រំលឹក​រឿង​អតីតកាល​ខ្លះ ដែល​ទាក់ទង​ដល់​រាជបល្ល័ង្ក​នូវ​របប​រាជានិយម​នៅ​កម្ពុជា​, ក្រោម​កណ្ដាប់ដៃ​នៃ​រដ្ឋប្រហារ​១៨ មីនា ឆ្នាំ​១៩៧០ ។ របបរាជានិយម ត្រូវបាន​បំបាត់​ចោល និង​ឆ្លងកាត់​របប​នយោបាយ​ផ្សេងៗ​គ្នា ៣​ជំនាន់​រយៈពេល​២៣​ឆ្នាំ ទើប​របបរាជានិយម​ត្រូវបាន​បង្កើតឡើង​វិញ ដែល​នេះ​គឺជា​អច្ឆរិយហេតុ​តែមួយគត់​នៅលើ​ពិភពលោក​យើង​នេះ​។ ទូលព្រះបង្គំ​និង​ភរិយា ពិតជា​មាន​មោទនភាព​ដែល​បាន​ដង្ហែរ សម្តេច​ឳ សម្តេចម៉ែ និង​ព្រះរាជនុវង្សានុវ​ង្ស ចូល​មាតុប្រទេស​ក្នុង​ព្រះបរមរាជវាំង​វិញ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​១៩៩១​។​

​ទូលព្រះបង្គំ រួម​ជាមួយ​សម្តេច​ក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​ដឹកនាំ​សមាជិក សមាជិកា សភា​នៃ​គណបក្ស​ប្រជាជន និង​គណបក្ស ហ្វ៊ុន ស៊ិនប៉ិច ដោយ​មាន​កិច្ចសហការ​ពី​គណបក្ស ដែល​មាន​អសនៈ​ក្នុង​សភាធម្មនុញ្ញ អនុម័ត​បាន​រដ្ឋធម្មនុញ្ញ ដែល​បង្កើត​ឡើង​វិញ​នូវ​របប​រាជា​និង​យ​ម នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣, ក្នុងឋានៈ​ជា​សមាជិក​ក្រុម​ព្រឹក្សា​រាជសម្បត្តិ​។ ទូលព្រះបង្គំ​បាន​ចូលរួម​បោះឆ្នោត​ថ្វាយ​សម្តេច​ឳ ជា​ព្រះមហាក្សត្រ​ដំបូង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ។ ២០​ឆ្នាំ​មុន​នេះ ជាថ្មី​ម្តងទៀត​ទូលព្រះបង្គំ​បាន​ចូលរួម​បោះឆ្នោត​ថ្វាយ​ព្រះករុណា​ជា​អង្គ​ម្ចាស់ ក្នុងឋានៈ​ជា​សមាជិក​ក្រុមប្រឹក្សារាជសម្បត្តិ​ផង និង​ក្នុង​ឋានៈ​ជា​ប្រធាន​គណៈកម្មការ​បោះឆ្នោត ដោយ​មាន​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​សមាជិក​ផង នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០០៤ នៅក្នុង​ព្រះបរមរាជវាំង​នេះ​។​

២០​ឆ្នាំ​ក្រោម​ម្លប់​ដ៏​ត្រជាក់​របស់​ព្រះករុណា​អនុញ្ញាត​ឱ្យ​ទូលព្រះបង្គំ បាន​បំពេញ​បេសកម្ម​ដឹកនាំ​រាជរដ្ឋាភិបាល​ប្រកបដោយ​ជោគជ័យ ធានា​ដល់​ការ​បន្តវេន ពី​ជំនាន់​ចាស់​ទៅកាន់​ជំនាន់​ថ្មី ដែល​សុទ្ធសឹងតែ​ជា​អ្នក​ស្មោះត្រង់ និង​ការពារ​របបរាជានិយម​យ៉ាងរឹងមាំ ដែល​គ្មាន​អានុភាព​ប្រតិកិរិយា​ណាមួយ​អាច​បំផ្លាញ​រាជបល្ល័ង្ក​បានឡើយ​។​

​ជាថ្មី​ម្តងទៀត​ក្នុងនាម​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទូលព្រះបង្គំជាខ្ញុំ​សូម​បូ​ង​សួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​វត្ថុ​ស័ក្ក​សិទ្ធិ​ទាំងអស់​ក្នុង​លោក មាន​ទេវតា​រក្សា​ព្រះមហា​ស្វេត​ឆ័ត្រ សូម​ព្រះអង្គ​ជួយ​អភិបាល​គ្រប់គ្រង ថ្វាយ​ព្រះករុណា​ជា​អង្គ​ម្ចាស់ ជីវិត​លើ​ត្បូង ព្រះមហារ​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ សូម​ព្រះអង្គ​បាន​ប្រកប ដោយ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លៀត​ឡើយ​»​។​

​គួររំលឹកថា ២០​ឆ្នាំ​មុន​នេះ ព្រះរាជ​ពិធី​យាង​ឡើង​សោយ​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ត្រូវបាន​ធ្វើ​ឡើង​យ៉ាង​អធិកអធម និង​មហោឡា​រឹក​ជាទីបំផុត តាម​ព្រះរាជ​បវេណី រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៨ និង​២៩ ខែតុលា ឆ្នាំ​២០០៤ ដោយមាន​ការយាង និង​អញ្ជើញ​ចូលរួម​ពី​ព្រះ​ញាតិវង្ស ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ មន្ត្រីរាជការ និង​ភ្ញៀវ​ជាតិ អន្តរជាតិ​យ៉ាងច្រើន​កុះករ​។​

​នៅក្នុង​ព្រះរាជ​ពិធី​យាង​ឡើង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​ថ្ងៃ​ដំបូង កាលពី​២០​ឆ្នាំ​មុន​នោះ អង្គ​ព្រះមហាក្សត្រ​ខ្មែរ បាន​តាំង​ព្រះទ័យ និង​មាន​ព្រះរាជបន្ទូល​សច្ចា​ថា ព្រះអង្គ «​នឹង​ប្រព្រឹត្ត​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ទាំងឡាយ​នៃ​ព្រះរាជាណាចក្រ ហើយ​នឹង​តាំងចិត្ត​ធ្វើ​ផលប្រយោជន៍​ដល់​រដ្ឋ និង​ប្រជារាស្ត្រ​។​

២០​ឆ្នាំ​កន្លងមកនេះ ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​បាន​អនុវត្ត​ភាព​ប្តេជ្ញាចិត្ត​នោះ​យ៉ាង​ខ្ជាប់ខ្ជួន និង​ព្រះអង្គ បាន​យក​ព្រះទ័យ​ទុកដាក់​ខ្ពស់បំផុត​ក្នុង​ការបំពេញ​ព្រះរាជកិច្ច​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ក្នុង​ការបម្រើ​សាសនា វិស័យ​មនុស្សធម៌ វិស័យ​អប់រំ សង្គមកិច្ច សុខមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​នៅ​ទូទាំង​ប្រទេស ជាពិសេស​នៅ​ជនបទ​ស្រែចម្ការ​។ ព្រះអង្គ​តែងតែ​យាងចុះ​ជួប​ប្រជានុរាស្ត្រ​នៅតាម​មូលដ្ឋាន​ដាច់ស្រយាល ដោយ​ផ្ដល់​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព និង ព្រះអង្គ​តែងតែ​ចូលរួម​ចំណែក​បរិច្ចាគ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​របស់​ព្រះអង្គ​ជួយ​សាងសង់​អគារ​មន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក ជាដើម ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការរស់នៅ​របស់​ប្រជានុរាស្ត្រ ជាពិសេស​តែង​បាន​ប្រោស​ព្រះរាជទាន​ព្រះ​រាជទ្រព្យ​ជា​រៀងរាល់​ខែ​ផង​ទៀត ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សកម្ម ភាព​របស់​កាកបាទក្រហម​កម្ពុជា​។​

​ក្នុង​ព្រះរាជបន្ទូល វេលា​ល្ងាច​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំ​ថ្ងៃ​ដែល​មាន​ព្រះរាជ​ពិធី​ថ្វាយព្រះពរ​នៅក្នុង​ព្រះបរមរាជវាំង​, ព្រះមហាក្សត្រ បានបង្ហាញ​ហទ័យ​រំភើប​នៅពេល​បានឃើញ​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ ទទួលបាន​សេចក្តីសុខ ក្រោម​ម្លប់​សន្តិភាព​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​នាំមក​នូវ​សមិទ្ធផល​ជាតិ​យ៉ាង​ធំធេង​៖

«​នេះ​ជា​មោទនភាព របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដែល​ផ្តើម​ចេញពី​ការខិតខំ​បំពេញ​ភារកិច្ច​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ គ្រប់​ស្ថាប័ន​ជាតិ គ្រប់​លំដាប់ថ្នាក់ រួម​ជាមួយ​ប្រជារាស្ត្រ​កម្ពុជា គ្រប់​បណ្តា​ខេត្ត​រាជធានី ចំពោះ​ជោគវាសនា​របស់​ប្រទេសជាតិ និង​អនាគត​ដ៏​រុងរឿង​នៃ​ប្រជារាស្ត្រ​យើង​។ ក្នុង​រយ​:​ពេលកន្លងមក មាន​ការងារ​ជាច្រើន​ដែល​យើង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​យ៉ាង​ធំធេង គួរ​ជាទី​ពេញចិត្ត ហើយ​ក៏​នៅ​មាន​ការងារ​មួយចំនួនទៀត ដែល​នឹង​ត្រូវ​ខិតខំ​បំពេញ​បន្ត​នៅពេល​បច្ចុប្បន្ន និង​នៅពេល​ខាងមុខ​សំដៅ​រក្សា​ស្ថេរភាព កិច្ច​អភិវឌ្ឍន៍​សង្គម ការពារ​សន្តិសុខ​សង្គម ជា​សង្គម​មាន​ភាព​ស្អាតស្អំ និង​បន្ត​លើ​កម្ពស់​ជីវភា​រស់នៅ​របស់​ប្រជារាស្ត្រ​យើង នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​ក្នុង​ព្រះរាជ​ពិធី​ថ្វាយព្រះពរ​ដល់​ព្រះអង្គ នា​ល្ងាច​ថ្ងៃទី​២៩ ខែតុលា ក្នុង​ព្រះបរមរាជវាំង​នោះ ព្រះមហាក្សត្រ នៅ​បាន​មាន​ព្រះរាជបន្ទូល​សម្តែង​នូវ​ហទ័យ​រំភើប​រីករាយ​ចំពោះ​ពរ​ស័ព្ទ​សាធុការ​សិរី​មង្គល និង​ក្តី​មោទនភាព​របស់​ព្រះអង្គ បន្ទាប់ពី​បាន​ឃើញ​សភាពការណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពី​មួយថ្ងៃ​ទៅ​មួយ ជាពិសេស​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​តែង​ទទួលបាន​សេចក្តីសុខ និង​ប្រទេសជាតិ ក៏​កំពុង​ធ្វើដំណើរ​លើ​ទិសដៅ​ដ៏​ត្រឹមត្រូវ​ទៅ​រក​ការអភិវឌ្ឍ​យ៉ាង​ល្អប្រសើរ​លើ​គ្រប់​វិស័យ​។​

​ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូល​ថា​៖ «​សមិទ្ធផល​នានា​នៃ​សង្គមជាតិ​ត្រូវបាន​កសាងឡើង អាស្រ័យ​ស្ថាប័ន​នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​នីតិ​តុលាការ ព្រម​ទាំង​រដ្ឋ​អំណាច​មូលដ្ឋាន ព្រះសង្ឃ និង​បងប្អូន​ប្រជារាស្ត្រ​ទូទាំងប្រទេស បានរួម​គ្នា​កសាង​ឡើង​ក្រោម​កម្លាំង មហា​សាមគ្គី​ឯកភាព​ជាតិ​ដ៏​រឹងមាំ របស់​ប្រជាជាតិ​យើង តាម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែល​ពុំ​មាន​កម្លាំង​អ្វី​អាច​ជួយ​ឱ្យ​រង្គោះរង្គើ​បានឡើយ​»​។​

​ព្រះរាជបន្ទូល​ដូចគ្នានេះ​ផងដែរ ត្រូវបាន​ព្រះអង្គ​លើកឡើង​ក្នុង​មហា​មិ​ទ្ទី​ញ នៅ​មុខ​ព្រះបរមរាជវាំង ថ្ងៃទី​៣០ ខែតុលា ដោយ​ទ្រង់​កត់សម្គាល់ថា​៖ «​បច្ចុប្បន្ន​ព្រះរាជាណាចក្រ​កម្ពុជា កំពុងតែ​សប្បាយ​រីករាយ និង​ទទួល​ផល​ជា​វិជ្ជមាន​ដែល ផ្តើមចេញ​ពី​កម្លាំង កសាង​និង​ការពារ​ជាតិ​មាតុភូមិ​…» និង​ព្រះអង្គ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ ត្រូវ​រួមរស់​ជាមួយ​គ្នា​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​របស់​ជាតិ​នា​បច្ចុប្បន្ននេះ​៖

«​នៅក្នុង​ឱកាស​នេះ ខ្ញុំ​សូម​អំពាវនាវ​បងប្អួន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន សូម​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ ស្ថិតក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ​យើង ដើម្បី​រួមចំណែក​ការពារ និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ​។ មហា​សាមគ្គី​ជាតិ​ទាំង​មួល​នេះ ជា​មូលដ្ឋាន​ធ្វើឱ្យ​ស្ថានភាព​សង្គម​ជាតិ មាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ដែល​ជា​ប្រភព​កំណត់​នៃ​ការអភិវឌ្ឍ​លើ​វិស័យ​នានា​ជាពិសេស​វិស័យសេដ្ឋកិច្ច ដែល​ជា​ដង្ហើម​របស់​ជាតិ​យើង​»​។​

​កម្ពុជា​ក្រោយ​សង្គ្រាម​ស៊ីវិល​បាន​បញ្ចប់​ទាំងស្រុង រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​គេ​ឃើញ​ថា បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា ដោយ​ពីមួយថ្ងៃ​ទៅ​មួយថ្ងៃ​ក្នុង​ការនាំ​ប្រទេស ដែល​អស់​សង្គ្រាម ឈាន​ចេញពី​ភាពក្រីក្រ ស្វែងរក​សុភមង្គល​ថ្មី និង​សេចក្តីសុខសាន្ត​សម្រាប់​ប្រជាជន​របស់​ខ្លួនឯង​។​

​រាជរដ្ឋាភិបាល​អាណ្ណត្តិ​ទី​៧ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​នៃ​ការ​កាច់ចង្កូត​ប្រទេសជាតិ បាន​ធ្វើដំណើរ​ឆ្លងកាត់​ទ្វីប​ទាំង​៥ នៃ​ពិភពលោក គឺ​ទ្វីបអាស៊ី អាមេរិក អាហ្វ្រិ​ច អឺរ៉ុប និង​អូ​សេ​អា​នី និង​ប្រទេស​ចំនួន​១៦ ដែល​ជា​សកម្មភាព​ការ​បរទេស​នៅ​ក្រៅ​ស្រុក​មួយ​ដ៏​មមាញឹក និង​សកម្ម និង​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​ទាំងនោះ គឺ​ដើម្បី​តែ​ប្រទេស​ជាតិ ទទួលបាន​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​តាមរយៈ​ការបណ្តាក់ទុន និង​ការបង្ហាញ​នូវ​នយោបាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​កិត្យានុភាព​របស់​ជាតិ ប្រាប់​ទៅ​កាន់​ពិភពលោក​។​

​សម្តេច​បវរ​ធិបតី ក្រៅ​ពី​បាន​អញ្ជើញ​ចូលរួម​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​ដូចជា​ឆ្នាំ​២០២៣ នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី និង​ចុងក្រោយ​ឆ្នាំ​២០២៤ នៅក្នុង​ប្រទេស​ឡាវ នៅ​បាន​ធ្វើ​ទស្សនកិច្ច តាម​បណ្តា​ប្រទេស​ជា​មិត្ត​ទាំងឡាយ​ទាំង​នៅក្នុង​តំបន់​ផង និង​សកលលោក​ផង ដែល​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ប្រយោជន៍​ដល់​ប្រជាជាតិ​ខ្មែរ​នោះ​ហើយ បាន​ធ្វើឱ្យ​មាន​ការ​ទុក​ព្រះទ័យ​ជាខ្លាំង​ពី​ព្រះមហាក្សត្រ​ខ្មែរ ដែល​ព្រះអង្គ​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​អាណ្ណត្តិ​ទី​៧ ដែល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​បញ្ច​កោណ​ដំណាក់កាល​ទី​មួយ ពិតជា​នឹង​នាំ​ប្រទេស​ឈានទៅរក​សុភមង្គល​កាន់តែ​ប្រសើរ​ថែម​ទៀត​ជា​មិនខានឡើយ​។ ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​សម្តែង​ការជឿជាក់​របស់​ព្រះអង្គ​ទៅ​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​អាណ្ណត្តិ​ថ្មី ដែល​បន្ទូល​បង្ហាញ​ជំនឿ​ជឿជាក់​នេះ បាន​ធ្វើ​នៅក្នុង​មហា​មិ​ទ្ទី​ញ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៤៖

«​តាមរយៈ​មហា​មី​ទ្ទីង​ដ៏​ឧត្តុងឧត្តម​អធិកអ​ធម​នេះ យើង​អាច​សន្និដ្ឋានបាន​ថា មាតុភូមិ និង​ប្រជាជន​កម្ពុជា​យើង ពិតជា​នឹង​ទទួលបាន​អនាគត​ភ្លឺស្វាង​ក្នុង​ក្តីសង្ឃឹម​ខ្ពស់​រស់នៅ​ក្រោម ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ដែល​ធានា​បាន​ការឯកភាព​ជាតិ​ដ៏​រឹងមាំ​។ ក្រោម​ទង់​ដ៏​ជាញជ័យ​នៃ​មហា​សាមគ្គី​ជាតិ ក្រោម​ទង់​ដ៏​សុខសាន្ត​នៃ​ព្រះពុទ្ធសាសនា និង​ក្រោម​បារមី​នៃ​ព្រះមហាក្សត្រ ខ្មែរ​ដែល​ជា​បុព្វបុរស​ជាតិ ជា​ព្រះ​ស្ថាបនិក​ដ៏​ល្បីល្បាញ​នៃ​ការកសាង​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ប្រណិត ស្កឹមស្កៃ​គ្រប់ទិសទី​ក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ពិតជា​ពុំ​អាច​មាន​សត្រូវ​ណាមួយ​រំលោភ​ឈ្លានពាន​លើ​បូរណភាព​ទឹក​ដី​បាន​ឡើយ​»​។​

​ដូច្នេះ​ក្នុង​រយៈកាល​២០​ឆ្នាំ ចាប់តាំងពី​មាន​ការឡើង​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបរមនាថ នរោត្តម សីហ​មុនី នោះ​មក​ព្រះអង្គ​បាន​មានបន្ទូល​កត់សម្គាល់ឃើញ​ដោយ​ជាក់ស្តែង​នូវ​ភាពសុខដុមរមនា​របស់ជាតិ សាសនា និង​ព្រះរាជបល្ល័ង្គ ជាពិសេស​សន្តិភាព​ដ៏ រឹងមាំ​មួយ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្មាន​អនុភាព​ណា​មក​បង្ក​ឱ្យមាន​ភាព​រង្គោះ​រង្គើ​បានឡើយ​។ មូលហេតុ​នេះហើយ បាន​ជា​ព្រះមហាក្សត្រ ទ្រង់​បាន​ទុក​ព្រះទ័យ​លើ​ការ​កាច់ចង្កូត​នាវា​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.