កំពត ៖ លោក ជាវ តាយ៖ នៅពេលដ៏ខ្លីខាងមុខនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួន ពិសេសប្រជាពលរដ្ឋក្នុងឃុំថ្មី នៃស្រុកទឹកឈូ ខេត្តកំពត នឹងមានបណ្តាញទឹកស្អាតប្រើប្រាស់ ក្នុងតម្លៃមួយសមរម្យអាចទទួលយកបាន។
ការលើកឡើងបែបនេះជាប្រសាសន៍ របស់លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ថ្លែងក្នុងពិធីចែកសម្ភារៈទឹកស្អាត និងអនាម័យដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៥៦១គ្រួសារ នៅក្នុងបរិវេណវត្តពោធិ៍ ស្ថិតក្នុងភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៨។
លោក ជាវ តាយ បានគូសបញ្ជាក់ទៀតថា ក្នុងអំឡុងពេលនេះលោកនឹងជំរុញដល់ផ្នែកជំនាញនានាអភិវឌ្ឍខេត្តកំពតឱ្យមានភាពលេចធ្លោ ពិសេសការស្ថាបនាផ្លូវ ដើម្បីកែលម្អសោភ័ណភាពខេត្តកំពតរបស់យើងឱ្យកាន់តែស្រស់បំព្រងថែមទៀត ហើយអ្វីដែលសំខាន់ លោកត្រូវតែអភិវឌ្ឍខេត្តកំពតឱ្យកាន់តែប្រសើរជាងមុន ពិសេសបណ្តាញទឹក បណ្តាញអគ្គិសនី ដែលជាប្រភពធនធានមួយដែលយើងមិនអាចខ្វះបាន។
លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាគណៈអភិបាលខេត្ត លោកមិនអាចយកសំដីខ្យល់មកប្រើប្រាស់នោះទេ បើនិយាយហើយត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព។ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធបាននិងកំពុងរួបរួមគ្នា ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។
លោកថា ខេត្តកំពតមានសក្តានុពលមានច្រើន ដូច្នេះអំឡុងពេលខាងមុខរដ្ឋបាលខេត្តត្រូវតែយកខេត្តចិញ្ចឹមខេត្ត យកឆ្នេរចិញ្ចឹមឆ្នេរ ដើម្បីអភិវឌ្ឍខេត្តយើងឱ្យបានល្អ ដោយមិនអាចចាំពេលវេលានោះទេ ហើយក៏មិនអាចឱ្យពេលវេលាចាំយើងដែរ ។
ចំណុចនេះលោកសូមបញ្ជាក់ថា បើយើងរង់ចាំពេលវេលាបានន័យថា ឆ្នាំនេះគិត ទើបឆ្នាំក្រោយធ្វើ លុះដល់ឆ្នាំក្រោយទៀតទើបបានប្រើប្រាស់ ចុះបើធ្វើរបៀបនេះតម្រូវការរបស់បរជាពលរដ្ឋទទួលបានដែរឬទេ?បើរបៀបនេះនៅតែរង់ចាំ ចាំហើយ ចាំទៀត នេះជាករណីចាំបាច់គឺចាប់ពីថ្ងៃនេះទៅនៅចំណុចណាប្រឈម លោកនឹងមានបង្កើតក្រុមវិស្វកម្ម អន្តរាគមន៍របស់ខេត្តកំពតដើម្បីអនុវត្តកិច្ចការព្រមគ្នា ធ្វើបែបនេះដើម្បីដោះស្រាយបញ្ហាកង្វល់ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ឱ្យបានទាន់ពេលវេលា៕
សេង ណារិទ្ធ








