កែប ៖ រថយន្តធុនធំពីរគ្រឿងសង្ស័យតែកុងងងុយដេកទើបបោះពួយទៅបុកគ្នាចំពីមុខពេញទំហឹងបង្កឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលទាំងយប់។ប៉ុន្តែហេតុការណ៍ខាងលើមិនបណ្តាលឱ្យអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែរងការខូចខាតរថយន្តទាំងសងខាងប៉ុណ្ណោះ។
ករណីបង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចខាងលិចក្លោងទ្វារ សាលារៀនពងទឹកចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ចន្លោះគីឡូម៉ែត្រ (២៥-២៦)នៃកំណាត់ផ្លូវជាតិលេខ៣៣ រវាងរថយន្តខ្នាតធំប៉ះទង្គិចគ្នាក្នុងទិសដៅបញ្ច្រាស។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរកន្លែងកើតហេតុបាននិយាយថា ពេលគាត់កំពុងលង់លក់ក្នុងដំណេកទៅហើយ ស្រាប់តែត្រូវភ្ញាក់ពីដំណេកទាំងស្រឡាំងកាំង ខណៈឮសូរសម្លេងក្តុងក្តាំងដូចរន្ទះបាញ់ នៅមុខផ្ទះរបស់ខ្លួន។ភ្លាមនោះពួកគាត់ក៏នាំគ្នាបើកទ្វារចេញពីផ្ទះមកមើលទើបឃើញរថយន្តធុនធ្ងន់ពីរគ្រឿងបុកគ្នាខ្ទេចថ្ពាល់រៀងៗខ្លួនតែម្តង។
ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ហេតុការណ៍ប៉ះទង្គិចគ្នានេះសង្ស័យតែកុងងងុយដេកទើបរេចង្កូតទៅបុកគ្នាទាំងកំរោលបួនជ្រុងបែបនេះ។សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុរថយន្តរបស់ក្រុមហ៊ុន STម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-6178 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ លេង ឃ្លី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រែកបិ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល រថយន្តនេះពេលមកដល់ចំណុចកើតហេតុក៏រេទៅបុកជាមួយរថយន្តម៉ាក HYUNDAI ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A.3207 ម្ចាស់រថយន្តឈ្មោះ ប្រាក់ ម៉ឺន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពត រស់នៅភូមិភ្នំត្រែល ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
បច្ចុប្បន្នមធ្យោបាយធុនធ្ងន់ទាំងពីរគ្រឿងសមត្ថកិច្ចបាននាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ដើម្បីដោះស្រាយគ្នាតាមច្បាប់៕
សេង ណារិទ្ធ







