កែប ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាគណអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអគារស្នាក់នៅសម្រាប់លោកគ្រូ អ្នកគ្រូចំនួន០១ខ្នង ស្មើនឹង ០៥បន្ទប់ និងរបងសាលាបឋមសិក្សាចំការស្វាយ នៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក កែន សត្ថា អភិបាល នៃគណអភិបាលខេត្តកែប លោក លោកស្រីជាអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល អាណត្តិទី៦ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍សមត្ថភាព គុណភាព នៃការអប់រំ ទៅលើមនុស្សគ្រប់វ័យ។
ឯកឧត្តមបានបន្ថែមទៀតថា សមិទ្ធផលដែលនឹងសម្ភោធដាក់ឱ្យប្រើប្រាស់នាពេលនេះ នឹងបម្រើរឱ្យផលប្រយោជន៍រួម មិនប្រកាន់និន្នាការនយោបាយនោះទេ ជាពិសេសដើម្បីឱ្យកុមារគ្រប់រូបបានទទួលសេវាអប់រំ បានចូលរៀននៅបឋមសិក្សា មធ្យមសិក្សាទុតិយភូមិ និងមានឱកាសបន្តការសិក្សាទៅមុខទៀត។ ម្យ៉ាងទៀត ដើម្បីបង្កើនចំនួនកុមារនិងយុវជន ឱ្យទទួលបានការអប់រំនៅគ្រប់កម្រិត លោកគ្រូ អ្នកគ្រូត្រូវផ្តោតលើសមធម៌ និងបែងចែកក្រុមកុមារជួបការលំបាកឱ្យបានច្បាស់លាស់សម្រាប់បង្ករលក្ខណៈ និងបង្កើនឱកាសដល់សិស្សដែលមិនមានឱកាសចូលរៀន ឱ្យបានចូលរៀនគ្រប់គ្នា៕
សេង ណារិទ្ធ







