កំពត ៖ សំណង់អនាធិបតេយ្យដែលសង់រំលោភចុះទៅក្នុងទឹកព្រែកដែលអនុក្រិត្យរបស់រាជរដ្ឋាភិបាលបានហាមឃាត់នាពេលបច្ចុប្បន្ននេះយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដើម្បីបានជ្រួតជ្រាបអំពីអ្វីដែលជាសម្បត្តិរដ្ឋអ្វីដែលជាកម្មសិទ្ធិឯកជន ទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការរួមទាំងប្រជាពលរដ្ឋផងដែរសុទ្ឋតែបានយល់ដឹងនូវការផ្សព្វផ្សាយអនុក្រិត្យរបស់រាជរដ្ឋាភិបាលទាំងអស់គ្នា។
ប៉ុន្តែទន្ទឹមនិងនេះចំពោះប្រជាពលរដ្ឋនិងមន្ត្រីរាជការតូចតាចលោកគោរពច្បាប់ណាស់មិនហ៊ានរំលោភច្បាប់នោះទេ ហើយការរំលោភច្បាប់ផ្គើននិងអនុក្រិត្យរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះគឺភាគច្រើនចំពោះអ្នកមានលុយ មាន បុណ្យស័ក្តិ និងមានអំណាចដែលតែងតែហ៊ានធ្វើយ៉ាងនេះដោយមិនខ្លាចច្បាប់។
ជាក់ស្តែងសំណង់អនាធិបតេយ្យជាច្រើនកន្លែងដែលកំពុងសង់រំលោភចំណីព្រែកនិងសង់ចុះទៅក្នុងទឹកព្រែក ដោយចាក់ធ្នឹមបេតុងយ៉ាងរឹងមាំចុះទៅក្នុងទឹក នាពេលនេះ បើតាមអាជ្ញាធរភូមិសង្កាត់ឲ្យដឹងថា សំណង់ទាំងនេះមិនមានច្បាប់អ្វីទាំងអស់ ហើយកន្លងមកអាជ្ញាធរភូមិសង្កាត់បានហៅម្ចាស់មកធ្វើការណែនាំជាច្រើនលើកច្រើនសារឲ្យបញ្ឈប់ការសង់នូវសំណង់ដែលខុសច្បាប់ខាងលើនេះដែរ ប៉ុន្តែពេលណាអាជ្ញាធរមកបញ្ឈប់គឺផ្អាកបានតែមួយដង្ហើមចង្រិចប៉ុណ្ណោះ។
លុះពេលណាអាជ្ញាធរជាប់រវល់កិច្ចការផ្សេងៗមិនសូវបានមកតាមដានមើល ម្ចាស់សំណង់ខាងលើតែងតែលួចបញ្ជាជាងនិងកម្មករឲ្យធ្វើរបៀបកញ្ឆក់កណ្តៀតជួនកាលមានពេលយប់ក៏មានផងដែរ នេះបើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះផ្តល់តំរុយដល់អ្នកសារពត៌មានយើងកន្លងមក។
នៅពេលថ្មីៗនេះដែរក្នុងអង្គប្រជុំគណបញ្ជាការឯកភាពខេត្ត លោក ជាវ តាយ អភិបាលនៃគណអភិបាល
ខេត្តបានលើកឡើងផងដែរ អំពីការកែលំអរតំបន់ឆ្នេរការហាមឃាត់មិនឲ្យបុគ្គលណាម្នាក់រំលោភយកចំណីព្រែកឬសង់សំណង់រំលោភចូលចំណីព្រែកជាដើម។
ចំពោះសំណង់ដែលកំពុងសង់រំលោភចុះក្នុងព្រែកដែលស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពតនាពេលនេះ បើតាមលោក លាង រឿនសុទ្ធី អភិបាលក្រុងកំពតបានថ្លែងប្រាប់អ្នកយកព័ត៌មានយើងកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះថា សំណង់ខាងលើនេះក្រុមការងារសាលាក្រុងធ្លាប់បានចុះទៅបញ្ឈប់ការសាង់មួយលើក ជាពីរលើករួចមកហើយដោយហៅម្ចាស់មកណែនាំឲ្យឈប់សាងសង់ ម្ចាស់ក៏បានសន្យាជាមួយក្រុមការងារថាឈប់សាងសង់ដែរ។
ក្រោយមកក៏ចេះតែលួចសាងសង់បន្តទៀត ហើយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨កន្លងមក អាជ្ញាធរក្រុងបានដឹកនាំមន្ត្រីជំនាញចុះមកហាឃាត់ម្តងទៀត ដោយហៅម្ចាស់មក ធ្វើកំណត់ហេតុចុះកិច្ចសន្យាបញ្ឈប់ការសាងសង់និងរង់ចាំអនុវត្តបទបញ្ជាពីរដ្ឋបាលខេត្តដើម្បីរុះរើចេញ ដោយក្រុងបានធ្វើរបាយការណ៍រាយជូនទៅរដ្ឋបាលខេត្តជាចុងក្រោយរួចទៅហើយរង់ចាំចំណាត់ការរបស់ខេត្តដើម្បីមានវិធានការរុះរើជាបន្ទាន់។លោកថា ស្រាប់តែនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៨នេះ គេឃើញម្ចាស់សំណង់ខាងលើ
ផ្គើននិងការបញ្ឈប់នៃការសាងសង់របស់សាលាក្រុង ដោយយកម្លាំងកម្មករនិងជាងសំណង់ មកធ្វើការសាងសង់បន្តទៅទៀតយ៉ាងគគ្លើនមិនគោរពកិច្ចសន្យាដែលក្រុមការងារសាលាក្រុងបានបញ្ឈប់នោះឡើយ។
លោកបន្តថា បើម្ចាស់សំណង់ខាងលើនៅតែផ្គើនដូច្នេះលោកនិងរាយការណ៍ជូនលោកអភិបាលខេត្តនៅរសៀលនេះ ដើម្បីឲ្យលោកអភិបាលខេត្តលោកមានវិធានការបន្តលើករណីការសង់រំលោភចុះក្នុង
ទឹកព្រែកកំពង់បាយនេះតែម្តង៕
សេង ណារិទ្ធ






