កំពត ៖ លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីនីតិវីធី នៃការចុះបញ្ជីពន្ធដារនិងលិខិតបទដ្ឋានគតិយុត្តរបស់អគ្គនាយកដ្ឋានពន្ធដារ។ កិច្ចប្រជុំរៀបចំឡើងដោយសាខាពន្ធដារខេត្តកំពត ដោយមានសមាជិកចូលរួមពីមន្ត្រីពន្ធដារ អាជ្ញាធរក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ តំណាងក្រុមហ៊ុននិងចៅសង្កាត់មួយចំនួនក្នុងគោលបំណងដើម្បីជំរុញការចូលរួមកិច្ចសហការពីភាគីពាក់ព័ន្ធទាំងអស់នោះសម្រាប់ធ្វើឱ្យការប្រមូលចំណូលចូលថវិការដ្ឋបានកាន់តែមានប្រសិទ្ធភាព។
មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ អភិបាលខេត្ត បានចាត់ទុកកិច្ចប្រជុំនេះពិតជាមានសារសំខាន់ចាំបាច់ ព្រោះថាការដឹកនាំការគ្រប់គ្រងប្រទេសជាតិត្រូវតែផ្អែកលើកត្តាសំខាន់បីយ៉ាងគឺ នយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ហើយបច្ចុប្បន្នប្រទេសជាតិយើងសព្វថ្ងៃនេះកំពុងតែទទួលបាននូវកត្តាបីយ៉ាងខាងលើនេះប្រកបដោយមោទនភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅមូលដ្ឋាន ពោលគឺ នយោបាយ សន្តិសុខ និងសេដ្ឋកិច្ច មានលក្ខណៈល្អប្រសើរប្រកបដោយស្ថេរភាព និងភាពរីកចម្រើនលើគ្រប់វិស័យឈានឡើងជាបន្តបន្ទាប់។ ដោយឡែក ក្នុងនោះវិស័យសេដ្ឋកិច្ចតាមរយៈវិស័យពន្ធដារក៏បានដើរតួនាទីសំខាន់ក្នុងការរួមចំណែកនៃកិច្ចពន្លឿនដំណើរការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ដោយផ្អែកលើចក្ខុវិស័យរបស់រដ្ឋបាលខេត្តកំពតសម្រាប់ បង្កើនការអភិវឌ្ឍន៍ខេត្តឱ្យបានកាន់តែរីកចម្រើនដើម្បីឆ្លើយតបបានតាមតម្រូវការចាំបាច់របស់ខេត្តក៏ដូចប្រជាពលរដ្ឋ។
លោក ជាវ តាយអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា៖បើទោះបីរាជរដ្ឋាភិបាលកាត់បន្ថយចេញនូវប្រភេទពន្ធតូចក្ដី ប៉ុន្តែរាជរដ្ឋាភិបាលក៏បានជំរុញការប្រមូលពន្ធទាំងឡាយណាជាប់ពន្ធធំឱ្យអស់លទ្ធភាពជាក់ស្ដែងដោយផ្អែកលើលក្ខណៈច្បាប់បទដ្ឋានដែលបានកំណត់។ លោកអភិបាលខេត្តក៏បានណែនាំដល់អង្គភាពសាខាពន្ធដារខេត្តកំពត បើទោះបីស្ថិតនៅក្រោមខ្សែបណ្ដោយរបស់អគ្គនាយកដ្ឋានពន្ធដារក៏ពិតមែនប៉ុន្តែអ្វីក៏ត្រូវតែសហការជាមួយរដ្ឋបាលខេត្តឱ្យបានរឹងមាំជាចាំបាច់ ដូច្នេះរាល់ឯកសារ លិខិតបទដ្ឋានផ្សេងៗពាក់ព័ន្ធវិស័យការងារពន្ធដារ ត្រូវតែធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ហើយទន្ទឹមនេះដែរ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក៏ត្រូវតែចូលរួមសហការជាមួយអង្គភាពពន្ធដារឱ្យបានកាន់តែជិតស្និទថែមទៀតដើម្បីធ្វើឱ្យការប្រមូលចំណូលចូលរដ្ឋមានប្រសិទ្ធភាព ហើយក៏ជាការងារសម្រាប់យកមកពន្លឿនកិច្ចការអភិវឌ្ឍន៍ក្នុងខេត្តបានកាន់តែរីកចម្រើនថែមមួយកម្រិតទៀត៕
សេង ណារិទ្ធ






