នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ជាប្រធានគណៈកម្មការ បានចុះពិនិត្យការផ្តល់សេវាសុខាភិបាល ការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញបច្ចេកទេស ព្រមទាំងការអនុវត្តច្បាប់និងគោលនយោបាយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅក្នុងវិស័យទទួលបន្ទុករបស់គណៈកម្មការទី៨។
លោកជំទាវ ឡោក ខេង ប្រធាន បានលើកឡើងពីគោលបំណងរបស់គណៈកម្មការនៅក្នុងការចុះបេសកកម្មនាពេលនេះ គឺស្វែងយល់ និងតាមដានការអនុវត្តន៍ច្បាប់ និងដើម្បីលើកកម្ពស់ការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលអណត្តិទី៧ នៃរដ្ឋសភា ដោយបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលផ្តោតសំខាន់ទៅលើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងស្របតាមអភិក្រម៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។




