កំពត ៖ នៅរសៀលថ្ងៃអង្គារ៍ ៣រោចខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៣ខែមេសា ឆ្នាំ ២០១៨ រដ្ឋបាល ខេត្តកំពត បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។
កិច្ចប្រជុំនេះបានលើកជារបៀបវារៈរួមមាន៖
-ពិនិត្យ ពិភាក្សាលើ លើសេចក្ដីព្រាង របាយការណ៍ប្រចាំខែមីនា ស្ដីពីការអនុវត្តការងាររបស់ប្រជាពលរដ្ឋក្នុងខេត្ត។
-ពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
-ពិនិត្យពិភាក្សាលើការបែងចែកប្រាក់រង្វាន់លើកលឹកចិត្តជូនមន្ត្រីរាជការបុគ្គលិកសាលាខេត្តសម្រាប់ខែមីនាឆ្នាំ២០១៨។
-ពិនិត្យពិភាក្សាលើរបាយការណ៍ចុះថ្ងៃទី២៧ខែកម្ភៈឆ្នាំ២០១៨ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំពិនិត្យប្លង់បច្ចេកទេស លើការស្នើសុំវិនិយោគចំណតទូកទេសចរណ៍ក្រុងកំពត។
-បញ្ហាផ្សេងៗ៖
ការផ្សព្វផ្សាយលិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងស្ថាប័នមួយចំនួនពាក់ព័ន្ធការងារដែលត្រូវបន្តអនុវត្តនិងដោះស្រាយបន្ថែមទៀត។
មានមតិបូកសរុបបិទកិច្ចប្រជុំនាពេលនេះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបានថ្លែងការកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ បណ្ដាមន្ទីរ អង្គភាព ចំណុះសាលាខេត្ត និងជុំវិញខេត្តទាំងអស់ដោយមានការទទួលខុសត្រូវខ្ពស់ចំពោះតួនាទីភារកិច្ចរៀងៗខ្លួនដោយទទួលបានលទ្ធផលល្អប្រសើរឆ្លើយតបទៅនឹងកម្មវិធីនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងស្ថាប័ន សាម៉ីរបស់ខ្លួនបានដាក់ឱ្យអនុវត្ត។
ជាមួយនេះ លោក ជាវ តាយ ក៏បានក្រើនរំលឹក និងសំណូមពរផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរកិច្ចអភិវឌ្ឍខេត្តកំពតបានកាន់តែល្អប្រសើរថែមទៀត សម្រាប់ឆ្លើយតបសំណូមពរ នឹងតម្រូវការ ព្រមទាំងឈានឆ្ពោះទៅការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕
សេង ណារិទ្ធ






