កំពត ៖ បន្ទាប់ពីលោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះសារក្នុងទំព័រFacebook របស់លោក ពីករណីយុវជនឆបោកយកម៉ូតូនៅកន្លែងកសិដ្ឋានមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ ហើយបានប្រកាសឱ្យសមត្ថកិច្ចជួយប្រមាញ់នោះ ឥឡូវត្រូវសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្របួចបានហើយ កាលពីព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចម្ការមួយកន្លែង ក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ពាក់ព័ន្ធនឹងករណីខាងលើ លោកវរសេនីយ៍ឯក សៅ សំអឿន ស្នងការរង ផ្នែកព្រហ្មទណ្ឌខេត្តកំពត បានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សាត់ ភត្ត្រា ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។បច្ចុប្បន្ន ស្នាក់នៅ និងគ្មានមុខរបរពិតប្រាកដ។លោកបានឲ្យដឹងទៀតថា ការឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ឈ្មោះ ជុំ ជីវ័ន្ត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិអូរពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយបានធ្វើបណ្តឹងមកសមត្ថកិច្ច ពីបទក្បត់ទំនុកចិត្ត ដោយជនសង្ស័យបានសុំខ្ចីម៉ូតូម៉ាកSuzuki .Lets ជិះទៅមួយភ្លែត កាលពីថ្ងៃទី២៤ខែមីនា ឆ្នាំ២០១៨ រួចគេចខ្លួនបាត់រហូត។លោកបានបញ្ជាក់ថា ក្រោយពីស្រាវជ្រាវតាមជំនាញ ទើបដឹងថាជនសង្ស័យបានមកសុំធ្វើជាកម្មករនៅក្នុងភូមិសាស្ត្រ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត សមត្ថកិច្ចក៏ឃាត់ខ្លួនមកសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា គេពិតជាសុំខ្ចីម៉ូតូ ម៉ាក SUZUKI-LETS ពីឈ្មោះ ជុំ ជីវ័ន្ត ជិះមែន ដោយខណៈនោះខ្លួនបានយកម៉ូតូនោះទៅបញ្ចាំនៅភ្នំពេញ បានប្រាក់ចំនួន៤៩៥ដុល្លា។ជនសង្ស័យបានសារភាពទៀតថា ក្រៅពីឆបោកម៉ូតូខាងលើ គេក៏ធ្លាប់ប្រព្រឹត្តរឿងដដែលនេះជាច្រើនលើក ច្រើនសារផងដែរ។
បន្ទាប់ពីស្រង់ចម្លើយសារភាព ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា ៖ ការឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយសារ មានសារបង្ហោះក្នុងទំព័រFacebook របស់លោកឧកញ៉ា ម៉ុង ឫទ្ធី គឺនៅថ្ងៃទី១៨ខែមីនា ឆ្នាំ២០១៨ យុវជនចិត្តចោរខាងលើ ចេះតែឆាតមករកលោកឧកញ៉ា ដើម្បីសុំរកការងារធ្វើ ដោយមិនយកកម្រៃអី្វឡើយ គឺសុំតែបាយហូបមួយចម្អែតក្រពះ ទីបំផុតលោកឧកញ៉ា ក៏មានការអាណិតអាសូរហើយព្រមទទួលឱ្យធ្វើការជាមួយកម្មករឯទៀត ដោយបានផ្តល់អាហារបីពេលក្នុងមួយថ្ងៃ និងមានកន្លែងស្នាក់នៅសមរម្យ ថែមទាំងផ្តល់ប្រាក់ខែចំនួន១៥០ដុល្លាក្នុងមួយខែទៀតផង។លុះដល់ថ្ងៃទី២៤ខែមីនា ឆ្នាំ២០១៨យុវជនចិត្តចោរម្នាក់នេះ ក៏បានខ្ចីម៉ូតូម៉ាក លែត ពីមិត្តរួមការងារ ហើយគេចខ្លួនបាត់រហូត ទើបលោកឧកញ៉ា បង្ហោះសារក្នុងទំព័រFacebook ថែមទាំងបង្ហាញរូបថតជនសង្ស័យដល់សមត្ថកិច្ចគ្រប់តំបន់ ឱ្យតាមឃាត់ខ្លួន ហើយលោកឧកញ៉ា ថានឹងផ្តល់រង្វាន់ចំនួន $1.000 បន្ថែមពីលើម៉ូតូដែលជនសង្ស័យយកតាមជាមួយ សម្រាប់លើកទឹកចិត្តផងដែរ៕
សេង ណារិទ្ធ







