កំពត ៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអំពាវនាវឲ្យប្រជាពរដ្ឋ សិស្ស និស្សិត មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ ឲ្យរួមគ្នាធ្វើអនាម័យ ថែរក្សាបរិស្ថានស្អាតនៅតាមបណ្តាស្រុក និងក្រុងទាំងអស់ទូទាំងខេត្ត។ ហើយថានៅពេលខាងមុខនេះ ក្រុងកំពតមិនអាចជាក្រុងលិចទឹក ក្រុងមានសំរាម និងមិនអាចជាទីក្រុងអណាធិបតេយ្យដោយសន្តិសុខនោះទេ។
ការលើកឡើងបែបនេះ ខណៈលោកអភិបាលខេត្ត បានថ្លែងនៅក្នុងពិធីអបអរសាទរខេត្តកំពតទទួលបានពានរង្វាន់ជ័យលាភីទីក្រុងស្អាត “ផ្ការំដួលបីទង” លើកទី២ (២០១៨-២០២១) ដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៨ ស្ថិតក្នុងបរិវេណដងព្រែកកំពង់បាយ លោកអភិបាលបានលើកឡើងថា នៅក្នុងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង ដែលយើងទាំងគ្នាត្រូវព្យាយាម ការពារនិងធ្វើយ៉ាងម៉េច ឲ្យមានស្ថេរភាព និងការរីកចម្រើន ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកកម្សាន្តនៅខេត្តកំពតកាន់តែច្រើនឡើងៗ។
នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានបញ្ជាក់ដែរថា យើងនឹងរួមគ្នាធ្វើឲ្យខេត្តកំពតស្ថិតនៅក្នុងស្ថានភាពមួយល្អប្រសើរជាងមុន បើទោះជាកន្លងមកថ្នាក់ដឹកនាំតែងតែខិតខំប្រឺងប្រែងអភិវឌ្ឍលើគ្រប់ផ្នែកគ្រប់វិស័យក៏ដោយ។
ក្នុងឱកាសដ៏មហោឡារឹកនោះ លោកក៏បានប្រាប់ដល់អាជ្ញាធរស្រុក-ក្រុងទាំងអស់ឲ្យថែរក្សាពានរង្វាន់ផ្ការំដួលបីទងឲ្យបាន កុំឲ្យធ្លាក់មកវិញ ព្រមទាំងការពារពន្ទុកុំឲ្យធ្លាក់ចុះផងដែរ។ ហើយនៅពេលខាងមុខយើងត្រូវរួមគ្នាធ្វើ រួមគ្នាសម្អាត ព្រោះក្រុងកំពតមិនអាច ជាក្រុងលិចទឹក ក្រុងមានសំរាម និងមិនអាចជាទីក្រុងអណាធិបតេយ្យដោយសន្តិសុខនោះទេ។
សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរនោះដែរក៏មានការដើរដង្ហែពានរង្វាន់ “ផ្ការំដូលបីទង” និង ការរួមគ្នាដើររើសសំរាម សម្អាតអនាម័យ តាមដងផ្លូវ សួនច្បារ និងទីសាធាណៈផ្សេងៗក្នុងក្រុងកំពត តាមទិសដៅទីតាំងនានាដែលបានកំណត់បែងចែកតាមការគ្រោងទុក។ក្រោយពេលការអានសាលិខិតសម្តេចអគ្គសសេនាបតីតេជោស្តីអពីទិវាទីក្រុងស្អាតលើកទី៦ និងការបញ្ចេញមតិសំណេះសំណាលរបស់លោកអភិបាលខេត្តរួច៕









