កំពត ៖ លោក ស៊ុក សារ៉ាដអភិបាលរងខេត្តតំណាង លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានថ្លែងបញ្ជាក់ថាវិស័យពន្ធដារ ឬរដ្ឋបាលសារពើពន្ធ បានដើរតួនាទីយ៉ាងសំខាន់នៃការរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ មិនថាតែនៅកម្ពុជាយើងទេ គឺ នៅគ្រប់បណ្ដាប្រទេសលើពិភពលោកតែងតែពឹងផ្អែកលើវិស័យនេះជានិច្ច។
លោក ស៊ុក សារ៉ាដ បានថ្លែងយ៉ាងដូច្នេះនៅក្នុងអង្គសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយច្បាប់ បទប្បញ្ញត្តិ នីតិវិធីពាក់ព័ន្ធនានា ស្ដីពីសារពើពន្ធ ក្រោមប្រធានបទ”វប្បធម៌បង់ពន្ធ និងការកែទម្រង់រដ្ឋបាលសារពើពន្ធ” ។ ដែលរៀបចំឡើងដោយអង្គភាពសាខាពន្ធដារខេត្តកំពតរយៈពេលមួយព្រឹក កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត ដោយមានសមាជិកចូលរួម ជាអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងអាជីវករអ្នកជាប់ពន្ធសរុបជិត៣០០នាក់។
លោក ស៊ុក សារ៉ាដ បានបន្តលើកឡើងទៀតថា ដោយឡែកសម្រាប់នៅព្រះរា
ជាណាចក្រកម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ។ ជាមួយនេះ រាជរដ្ឋាភិបាលតែងបានអនុវត្តនូវកម្មវិធីកែទម្រង់គោលនយោបាយសារពើពន្ធនិងរដ្ឋបាលសារពើពន្ធទទួលបានូវសមិទ្ធផលជាបន្តបន្ទាប់ និងបានរួមចំណែកយ៉ាងធំធេង ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជា រហូតបានសម្រេច ជាផ្លែផ្កា និងរក្សាលំនឹង នៃកំណើនសេដ្ឋកិច្ចជាតិជាប់ៗគ្នាជាបន្តបន្ទាប់ប្រកបដោយចីរភាព។ពិសេសធានាបាននូវការរួមចំណែករាល់ការចំណាយ របស់រាជរដ្ឋាភិបាលកម្ពុជាដូចជាការចំណាយ លើកិច្ចការពារជាតិ ការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈសង្គម ការបើកផ្ដល់ប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសង្គមនានាជាដើម។
លោកអភិបាលរងខេត្ត ក៏បានបន្តផ្ដាំផ្ញើដល់អង្គភាពសាខាពន្ធដារខេត្ត ពង្រឹងកិច្ចសហការ ជាមួយបណ្ដាមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធដែលជាប្រតិបត្តិករ អ្នកជាប់ពន្ធគ្រប់ប្រភេទ-អាជ្ញាធរមូលដ្ឋានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ដើម្បីធ្វើឲ្យទទួលបាននូវព័ត៌មានទិន្នន័យឲ្យបានគ្រប់គ្រាន់សម្រាប់ការគ្រប់គ្រង និងការផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយ សំដៅជម្រុញអោយមានការគាំទ្រ និងការចូលរួមគោរពប្រតិបត្តិច្បាប់បទប្បញ្ញត្តិនានាស្ដីពីសារពើពន្ធដែលមានចែងជាធរមាន។
លោក អ៊ូច គឹមស៊ាន ប្រធានសាខាពន្ធដារខេត្តក៏បានបញ្ជាក់ឲ្យដឹងពីគោលបំណងនៃអង្គសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយនូវវឌ្ឍនភាព នៃការកែទម្រង់គោលនយោបាយពន្ធដារ និងរដ្ឋបាលសារពើពន្ធ និងច្បាប់ពាក់ព័ន្ធនានាដើម្បីជំរុញឲ្យមានការគាំទ្រចូលរួមសហការ រវាងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាព សំដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងនិងប្រមូលចំណូលពន្ធគ្រប់ប្រភេទ និងការផ្ដល់សេវាជូនប្រជាជនអ្នកជាប់ពន្ធគ្រប់ប្រភេទដែលកំពុងប្រកបអាជីវកម្មក្នុងភូមិសាស្ត្រខេត្តកំពតឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
លោកប្រធានសាខាពន្ធដារខេត្តក៏បានធ្វើបទបង្ហាញពីលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រកៀងគរចំណូលរយៈពេលមធ្យម២០១៤-២០១៨ នៅខេត្តកំពតបានសង្កេតឃើញពីថវិកាចំណូលចូលរដ្ឋមានការកើនឡើងជាបន្តបន្ទាប់ជាលំដាប់៕
សេង ណារិទ្ធ





