កំពត ៖ ពលរដ្ឋចំនួន៤៥នាក់ ដែលរស់នៅក្នុងភូិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានលើកគ្នាមកកាន់សាលាដំបូងខេត្តកំពត កាលពីព្រឹកថ្ងៃទី ០៧ខែមីនា ឆ្នាំ២០១៨ ការមកផ្តុំគ្នានេះ ដើម្បីចង់ដឹងដំណើររឿង ខណៈតុលាការបានកោះហៅគូរកនម្នាក់មកបើកសវនាការនៅព្រឹក ថ្ងៃទី០៧ខែមីនា ឆ្នាំ២០១៨នេះ។
តាមប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តម្នាក់ បានបញ្ជាក់អះអាងថា ប្រជាពលរដ្ឋចំនួន៤៥នាក់ ដែលមកផ្តុំគ្នានៅមុខសាលាដំបូងខេត្តនាពេលនេះគឺតុលាការមិនបានកោះហៅនោះទេ គឺបានកោះហៅតែបុរសម្នាក់ ឈ្នោះ សោ ភី ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅក្នុងកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត តែម្នាក់ប៉ុណ្ណោះ តែប្រជាពលរដ្ឋចំនួន៤៥នាក់ខាងលើ បែរជាលើកគ្នាមកកាន់ទីនេះយ៉ាងពពាក់ពពូន ក្នុងគោលបំណងចង់ដឹងរឿងហេតុដែលតុលាការបើកសវនាការជំនំុជំរះនៅព្រឹកនេះ។
ទាក់ទិននឹងរឿងរ៉ាវខាងលើនេះ ប្រភពពីសមត្ថកិច្ចបានទម្លាយថា តាមការអង្កេតនោះ កាលពីថ្ងៃទី០៥ខែសីហា ឆ្នាំ២០១៤ ឈ្មោះ សោ ភី នេះបានលក់ដីមួយកន្លែងនៅចំណុចភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ឲ្យទៅឈ្មោះ ហ៊ាង គន្ធី ដោយមានលិខិតផ្ទេរកម្មសិទ្ធិកាន់កាប់ដីធ្លី ចុះថ្ងៃទី០៥ខែសីហា ឆ្នាំ២០១៤។លុះក្រោយមកឈ្មោះ សោ ភី បានប្រកាសនៅលើវេទិកាសាធារណៈថា ខ្លួនពុំដែលបានលក់ដីនេះទៅឲ្យឈ្នោះ ហ៊ាន គន្ធី នោះទេ។ប៉ុន្តែបើតាមចម្លើយសាក្សីជាមេភូមិ ឈ្មោះ ប្រាក់ នាគ និងឈ្មោះ តូច សារ៉ុម បានឆ្លើយប្រហាក់ប្រហែលគ្នាថា ពួកគាត់ពិតជាបានឃើញឈ្មោះ ហ៊ាន គន្ធី ប្រគល់ប្រាក់ថ្លៃទិញដីនៅចំណុចភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ឲ្យទៅឈ្មោះ សោ ភី ប្រាកដមែន តែក្រោយមកបែរជាបដិសេធថាខ្លួនពុំបានទទួលប្រាក់នោះទៅវិញ ទើបម្ចាស់លុយគេមិនសុខចិត្ត និងបានដាក់ពាក្យបណ្តឹងប្តឹងសមត្ថកិច្ចតែម្តង។
បើតាមសំដីប្រជាពលរដ្ឋដែលមកផ្តុំគ្នានៅមុខតុលាការខេត្តកំពត ដែលសុទ្ធសឹងជាពលរដ្ឋរស់នៅក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង បានឲ្យដឹងផងដែរថា ពួកគាត់មកកាន់ទីនេះគឺមានគោលដៅសំខាន់ពីរ ទី១-មកចង់ដឹងដំណើររឿង ដែលតុលាការបើកសវនាការលើបុគ្គលម្នាក់ឈ្មោះ សោ ភី ។ទី២-គឺមកជាតំណាងប្រជាពលរដ្ឋចំនួន១៨៩គ្រួសារ រស់នៅក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដើម្បីសុំអន្តរាគមន៍ពីអាជ្ញាធរខេត្តឲ្យជួយដោះស្រាយរឿងវិវាទដីធ្លី ដែលកំពុងរាំុរ៉ៃជាយូរមកហើយ។ ជាមួយនេះពួកគាត់បានសុំគោលការណ៍ចំនួនបីចំណុចធំៗដូចជា៖ សំណូមពរស្នើសុំក្នុងការពន្លឿនធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់។ សុំឲ្យខាងជំនាញវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិឲ្យបានឆាប់បំផុត និងសុំអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្លាត់ចំពោះឈ្មួញធ្វើអាជីវកម្មដីធ្លីនៅតំបន់ខាងលើ។
សូមបញ្ជាក់ថា៖ ករណីមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត គឺបានកើតឡើងជាច្រើនលើកច្រើនសារមកហើយ ពោលគឺតាំងពីជំនាន់អភិបាលខេត្តមុន បន្តមកដល់អភិបាលខេត្តនាពេលបខ្ចុប្បន្ន ហើយការលើកគ្នាមកតវ៉ានិងសុំអន្តរាគមន៍នេះ សុទ្ធសឹងពាក់ព័ន្ធនឹងការវិវាទដីធ្លីដែលកំពុងរាំុរ៉ៃ ព្យាបាលមិនជា ហើយអ្នកមកតវ៉ានេះជាមនុស្សមុខដដែលផងដែរ។
ចំពោះការមកផ្តុំគ្នាសុំអន្តរាគមន៍នេះ តំណាងអាជ្ញាធរខេត្តកំពត បាននិងកំពុងមកពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីយកដំណឹងនេះទៅជម្រាបជូនប្រមុខដឹកនាំខេត្តកំពតសម្រាប់រកវិធានការដោះស្រាយនាពេលខាងមុខ៕
សេង ណារិទ្ធ






