កំពត ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កាលពីថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានបង្ក្រាបមុខសញ្ញាចែកចាយ ប្រើប្រាស់គ្រឿងញៀន ក្នុងស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ខេត្តកំពត ដោយឃាត់ខ្លួនមនុស្សប្រុស ស្រី ចំនួន៦នាក់ដែលពួកគេកំពុងជួញដូរនិងប្រើប្រាស់គ្រឿងញៀន ក្នុងគោលដៅ និងវេលាខុសគ្នា។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចស្រុកបន្ទាយមាសបានបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅចំណុចផ្លូវចូលរោងចក្រសីុម៉ងត៍ ខេសីុមែន ស្ថិតក្នុងភូមិត្រពាំងមន្ត្រី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ទី១-ឈ្មោះ វ៉ាន់ សុភ័ណ្ឌ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិលំទំពូង ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ទី២-ឈ្មោះ សុខ រ័ត្នមុន្នី (ហៅខួច) រស់នៅក្នុងភូមិកន្សោមអក ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ដោយដកហូតថ្នាំញៀនបានចំនួន០២កញ្ចប់តូច ព្រមទាំងដាវសាំម៉ូរ៉ៃចំនួន០២ដើម។លុះមួយម៉ោងក្រោយមក បន្ទាប់ពីស្រង់ចម្លើយជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចក៏បន្តទៅឃាត់ខ្លួនបក្សពួកបានចំនួន០២នាក់ទៀតរួមមាន៖ ទី១-ឈ្មោះ ម៉ាន់ សីហា (ហៅឈីត)ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអង្គម្លី ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស។ទី២-ឈ្មោះ ប៉ោ ចន្នី ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិព្រៃឫស្សី ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស និងដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់ ក្នុងនោះ១កញ្ចប់ធំ ដោយការបង្ក្រាបនេះស្ថិតក្នុងភូមកន្សោមអក ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា រហូតដល់ម៉ោង ១២និង៤០នាទីថ្ងៃដដែល សមត្ថកិច្ចស្នងការបានបន្តទៅបង្ក្រាបនៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យទៀត ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ុប មី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ដោយដកហូតថ្នាំញៀន០១កញ្ចប់ធំ។លុះដល់ម៉ោង ១៤និង៥០នាទី រសៀលសមត្ថកិច្ចក៏បានបន្តទៅបង្ក្រាបនៅភូមិក្រសាំងលើ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ណុប ពិសាល ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិ-ឃុំ ខាងលើ និងដកហូតថ្នាំញៀន០១កញ្ចប់តូច រួមនឹងសម្ភារៈពាក់ព័ន្ធគ្រឿងញៀនមួយចំនួនផងដែរ។
បច្ចុប្បន្ន ក្រុមជនសង្ស័យ រួមនឹងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
សេង ណារិទ្ធ









