ប្រតិបត្តិការចុះរុះរើផ្ទះសាងសង់យ៉ាងអនាធិបតេយ្យ ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាល ខណ្ឌព្រែកព្នៅ និងលោក ជា ខេមា អភិបាលរងខណ្ឌ ព្រមទាំងមានការចូលរួមពីកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន, កម្លាំង នគរបាល មន្ត្រីសង្កាត់ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាច្រើននាក់ទៀតផងដែរ ។
រដ្ឋបាលខណ្ឌព្រែកព្នៅ បានចុះរុះរើផ្ទះអនាធិបតេយ្យ និងបោះព្រំលើផ្ទៃបឹង សាងសង់លើបឹងតាមោគដើម្បីយកធ្វើ ជាកម្មសិទ្ធិផ្ទាល់ខ្លួនជាច្រើនគ្រួសារ ជាលើកទី២ ដែលប្រជាពលរដ្ឋបានសុំរុះរើដោយខ្លួនឯង តែមកដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ នេះ មិនមានការរុះរើតាមការសន្យានោះឡើយ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
លោកអភិបាលខណ្ឌ សុខ សម្បត្តិ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា បន្ទាប់ពីយើងទុកពេលឱ្យប្រជាពលរដ្ឋដែល សង់ផ្ទះអនាធិបតេយ្យលើផ្ទៃបឹងតាមោគរុះរើផ្ទះដោយខ្លួនឯង រយៈពេល២ថ្ងៃមកនោះ គិតមកដល់ពេលនេះ គឺរយៈពេល ១៤ថ្ងៃហើយ ហើយពួកគាត់ទាំងនោះ មិនបានរុះរើតាមការសន្យានោះទេ ហើយនៅថ្ងៃទី ១៨ ខែមករា នេះ រដ្ឋបាលខណ្ឌ ព្រែកព្នៅ បានចុះរុះរើតែម្តង លែងទុកពេលឱ្យពួកគាត់ទៀតហើយ ។
លោកបន្តទៀតថា នៅក្នុងការចុះរុះរើផងដែរ លោកបានបញ្ជាឱ្យកម្លាំងចម្រុះកាត់ទម្លាក់ទឹកចោលបើផ្ទះណាមិនព្រម រុះរើដោយខ្លួនឯងទេនោះ ចំណែកស៊ងចិញ្ចឹមត្រីទុករយៈពេលឱ្យពួកគាត់ ៤ខែ ត្រូវយកត្រីចេញឱ្យអស់ហើយរុះរើដោយខ្លួន ឯង បើមិនធ្វើតាមការសន្យាទេនោះ រដ្ឋបាលខណ្ឌនឹងចុះរុះរើបន្តទៀត ហើយបើមិនមានការខូចខាត ឬបាត់បង់សាលាខណ្ឌ មិនទទួលខុសត្រូវឡើយ ។
ក្នុងនោះផងដែរ លោកអភិបាលខណ្ឌព្រែកព្នៅ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត កុំព្យាយាមបោះតំរុយក្នុង បឹងតាមោគយកធ្វើជាកម្មសិទ្ធិទៀតអី ព្រោះបឹងតាមោគនេះ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ រាជរដ្ឋាភិបាល កម្ពុជាបានចេញអនុក្រឹត្យ ស្តីពីការកំណត់ផ្ទៃបឹងតាមោគ ឬបឹងកប់ស្រូវ ដែលមានក្រឡាផ្ទៃបឹងមានទំហំ ៣២៣៩,៧ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសាធារណៈរបស់រដ្ឋ មិនត្រូវឱ្យមានជនណាម្នាក់រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ ។
លោកបញ្ជាក់ថា តាមដំណឹងដែលទទួលបានពីប្រជាពលរដ្ឋដែលមកសង់ផ្ទះអនាធិបតេយ្យនៅលើបឹងតាមោគនេះ គឺមានអ្នកឋានន្តរស័ក្តិនៅពីក្រោយហើយលោកនឹងធ្វើការស្រាវជ្រាវការងារនេះបន្ថែមទៀត ដូច្នេះលោកក៏សូមធ្វើការអំពាវ នាវបន្ថែមទៀតផងដែរ សុំឱ្យបងប្អូនទាំងនោះកុំលូកដៃហើយយល់ថា នេះជាដីរបស់រដ្ឋអាចធ្វើអាជីវកម្មក្នុងកម្រិតមួយ គឺដាក់មងចងសន្ទូចតាមលក្ខណៈគ្រួសារ ប៉ុន្តែមិនអនុញ្ញាតឱ្យមានសំណង់ សង់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ទាំងនេះ គឺជាជំហររបស់គណៈបញ្ជាការខណ្ឌ ក៏ដូចជា គណៈបញ្ជាការរាជធានីភ្នំពេញ ។ ក្នុងករណីបើនៅតែមានអ្នកទន្ទ្រាន យកធ្វើជាកម្មសិទ្ធិទៀតនោះ លោកនឹងមានវិធានការតាមច្បាប់ហើយ ។
គួរបញ្ជាក់ថា ក្នុងការចុះរុះរើនេះប្រជាពលរដ្ឋមួយចំនួនក៏ចាប់ផ្តើមរុះរើដោយខ្លួនឯង ប្រមាណជា ២០ផ្ទះ ចំណែក មួយចំនួនទៀតមិនបានរុះរើរដ្ឋបាលខណ្ឌបានកាត់ផ្តួលរំលំចោលតែម្តង ៕




