(កំពត)៖ សិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ សម្រាប់ខេត្តកំពត កែប កោះកុង និងព្រះសីហនុ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងសាលប្រជុំសាលាខេត្តកំពត ក្រោមវត្តមាន លោកស៊ុក សារ៉ាដ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោកចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក មាស សុខសេនសាន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងអស់លោកជាមន្ត្រីមកពីមន្ទីរអង្គភាពជំនាញ ក្នុងខេត្តកំពត កែប កោះកុង និងព្រះសីហនុផងដែរ។
លោក មាស សុខសេនសាន អគ្គលេខាធិការរង(អ.គ.ហ)បានឲ្យដឹងថា៖ទាក់ទិននឹងការកែទម្រង់នាពេលនេះ គឺមាន៣ទម្រង់ដែលត្រូវយកមកអនុវត្តរួមគ្នា គឺការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីថ្នាក់ក្រោមជាតិ កម្មវិធីកែទម្រង់តាមបែបលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។លោកបានបញ្ជាក់ថា៖ ការឈានមកដល់ការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុដំណាក់កាលទី៣ គឺការដាក់ចេញនិងជំរុញអនុវត្តកិច្ចការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធរណៈ ដោយឈរលើហេតុផលនិងវិចារណភាពច្បាស់លាស់ ប្រកបដោយភាពម្ចាស់ការ និងវីរភាព។លើសពីនេះ រាជរដ្ឋាភិបាលបានចាត់ទុកការងារកែទម្រង់ ជាការងារប្រចាំថ្ងៃរបស់យើង ដែលយើងត្រូវតែបន្តកែលម្អ ពង្រឹង និងធ្វើឲ្យកាន់តែសុីជម្រៅ ខណៈដែលយើងត្រូវបង្កើននិងពង្រីកសមត្ថភាព ដើម្បីប្រើប្រាស់ឲ្យបានកាន់តែប្រសើរបំផុតនូវសក្តានុពលនិងកាលានុវត្តភាពទាំងឡាយ ក្នុងគោលដៅតាមឲ្យទាន់សភាពការណ៍ និងដំណើរវិវត្តន៍ នៃសង្គមសេដ្ឋកិច្ចនិងនយោបាយ ទាំងក្នុងក្របខណ្ឌប្រទេស ក្របខណ្ឌតំបន់ និងក្របខណ្ឌសកលលោក។
លោកស៊ុក សារ៉ាដ អភិបាលរងខេត្ត បានលើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងដាក់ឲ្យអនុវត្តនូវដំណាក់កាលទី៣ គឺ”ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ”ដោយបានបោះជំហានដ៏សំខាន់ថ្មីមួយទៀត ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធ”ថវិកាកម្មវិធី”ពេញលេញនិងជាជំហានៗ ទៅតាមក្រសួង- ស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្នុងគោលដៅសម្រេចឲ្យបាននូវការប្រែក្លាយពី”ប្រព័ន្ធថវិកាផ្តោតលើធាតុចូល និងមជ្ឈការ”ទៅជា”ប្រព័ន្ធថវិកាផ្តោតលើលទ្ធផលឬធាតុចេញ និងវិមជ្ឈការ”នៅឆ្នាំ២០២០។ជំហានបន្ទាប់ តាមការគ្រោងទុកចាប់ពីឆ្នាំ២០២០រាជរដ្ឋាភិបាលនឹងបន្តពង្រីកការអនុវត្តប្រព័ន្ធថវិកាកម្មវិធី ផ្តោតលើធាតុចេញឬលទ្ធផល ឆ្ពោះទៅរក”ការបង្កើតគណនេយ្យ-ភាពសមិទ្ធកម្ម”នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល ឲ្យសម្រេចបាននៅឆ្នាំ ២០២៥ ដែលជាគោលដៅចម្បងក្នុងដំណាក់កាលចុងក្រោយ នៃកម្មវិធីកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោកបានសង្កត់ធ្ងន់ថា៖ សិក្ខាសាលានេះ មានគោលដៅបង្កើនការយល់ដឹង ការគាំទ្រនិងការចូលរួមយ៉ាងសកម្មពីមន្ត្រីជំនាញថ្នាក់ក្រោមជាតិក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣។ក្នុងស្មារតីនេះ ការយល់ដឹង និងការចូលរួមចំណែករបស់មន្ត្រីថ្នាក់ក្រោមជាតិ លើការងារកែទម្រង់ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់ធានាបាននូវចីរភាពនៃការអភិវឌ្ឍប្រទេសជាតិ។ ជារឿយៗ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតែប្រៀបធៀបការអនុវត្តកម្មវិធីកែទម្រង់នេះ ទៅនឹងដំណើរឆ្លងស្ទឹងដែលយើងចាំបាច់ត្រូវដើរមួយជំហានម្តងៗនិងត្រូវស្ទាបស្ទង់ដោយសន្សឹមៗ ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងខ្លួនយើងពីការធ្លាក់លង់ក្នុងទឹកជ្រៅ។អភិក្រមនេះទាមទារឲ្យយើងមានសេចក្តីក្លាហាន និងការប្តេជ្ញាខ្ពស់ដើម្បីបន្តដំណើរទៅមុខ តាមគោលនយោបាយ កម្មវិធី យុទ្ធសាស្ត្រនិងផែនការសកម្មភាពច្បាស់លាស់និងប្រទាក់ក្រឡាគ្នា។
នៅក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ រាជរដ្ឋាភិបាលត្រូវប្រមូលធនធានទាំងទម្រង់ជាពន្ធ និងមិនមែនពន្ធហើយបែងចែកឡើងវិញក្នុងទម្រង់ជាការចំណាយប្រតិបតិ្តការនិងចំណាយវិនិយោគ។ការប្រមូលធនធានរបស់រដ្ឋ គឺមានបច្ច័យដោយផ្ទាល់ទៅលើប្រជាជន ចំណែកការចំណាយទៅវិញ គឺត្រូវធានាឲ្យបាននូវប្រយោជន៍ជាអតិបរមាដល់ប្រជាជនវិញ។ក្នុងន័យនេះ ថវិកានឹងត្រូវដើរតួនាទីជាឧបករណ៍គោលនយោបាយក្នុងការបម្រើឧត្តមប្រយោជន៍យ៉ាងពិតប្រាដជូនប្រជាជាតិទាំងមូល៕ ណារិទ្ធ







