(កំពត) ៖ ក្មេងស្រីវ័យជំទង់អាយុ១៤ឆ្នាំ ដែលជាមនុស្សគ ហើយមានសតិមិនល្អម្នាក់ ត្រូវបានក្មេងប្រុសវ័យ១៤ឆ្នាំនៅភូមិជាមួយគ្នាប៉ុនប៉ងចាប់ រំលោភ តែដោយសារនាងរើបម្រះ ក្មេងប្រុសសង្ស័យក៏រត់ទៅយកកាំបិតដែលគេទុកនៅក្បែរនោះ មកកាប់នាងចំនួនបីកាំបិតត្រង់កញ្ចឹងកខាងឆ្វេង២កន្លែងនិងភ្លៅ១កន្លែងបណ្តាលឲ្យក្មេងស្រីរងគ្រោះរបួសធ្ងន់នៅកណ្តាលស្រែ ហើយជនសង្ស័យក៏រត់ឡើងទៅលើភ្នំនៅក្បែរកន្លែងកើតហេតុដើម្បីគេចខ្លួន។
ករណីដ៏សាហាវខាងលើបានកើតឡើងនៅវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី២ ខែធ្នូឆ្នាំ២០១៧ ស្ថិតនៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ លោកវរសេនីយឯក សៅ សំអឿនស្នងការងទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តបានប្រាប់អ្នកយកព័ត៌មានថា៖កំលាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានរាយការណ៍ទាក់ទិននឹងករណីហិង្សាដោយចេតនាមួយបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នីចំណុចភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ បង្កឡើងដោយជនសង្ស័យឈ្មោះ អាន ដែន ហៅ
ប៉ាវ ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដោយកយកាំបិតទៅកាប់ប្រហារលើជនរង
គ្រោះឈ្មោះ ស្រី ខេម ភេទស្រី អាយុ១៤ឆ្នាំជាមនុស្សគ ថ្លង់ និងមានសតិមិនគ្រប់ផងដែរ បណ្តាលឲ្យនាងរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកំពត តែដោយរបួសធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យបានបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យភ្នំពេញនៅថ្ងៃដដែល។
បើតាមគ្រូពេទ្យនិយាយថា ស្ថានភាពជនរងគ្រោះមានសង្ឃឹមរស់តិចណាស់ ពីព្រោះរបួសមានស្ថានភាពធ្ងន់ធ្ងរពេក។ លោកបានបន្តថា៖ជនសង្ស័យក្រោយពីធ្វើសកម្មភាពរួចបានរត់ឡើងលើភ្នំនៅក្បែរកន្លែងកើតហេតុ ហៅថាភ្នំសេដាឱន ទើប កំលាំងអធិការដ្ឋានស្រុកទឹកឈូ បានធ្វើការលោមទព្ឋ័ភ្នំដែលជនសង្ស័យរត់ទៅលាក់ខ្លួននោះអស់រយៈពេលជាច្រើនម៉ោងទើបជនសង្ស័យចុះមកឲ្យចាប់ខ្លួននៅថ្ងៃដដែលរួច បញ្ជូនមកកាន់ស្នងការខេត្តដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ខាងលើបានសារភាពប្រាប់សមត្ថកិច្ចថា៖ការជ្រុលដៃកាប់ទៅលើក្មេងស្រីរងគ្រោះ គឺដោយសារតែខ្លួនមានចិត្តប៉ុនប៉ងចាប់នាងរំលោភតែមិនបានសម្រេច ដោយសារពេលធ្វើសកម្មភាពនាងស្រែកអុិស អ៊ូសនិងរើបម្រះ ទើបគេរត់ទៅយកកាំបិតមកកាប់តែម្តង ហើយខ្លួនក៏បានរត់ឡើងភ្នំដែលនៅក្បែរនោះដើម្បីគេចខ្លួនពីការប្រមាញ់របស់សមត្ថកិច្ច ប៉ុន្តែទីបំផុតនៅតែជាប់ទ្រុងដដែល។
ក្រោយពីស្រង់ចម្លើយសារភាពជនសង្ស័យត្រូវបានកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងពីបទករណីហឹង្សាចេតនាមានស្ថានទម្ងន់ទោសនិង(ឃាតកម្មគិតទុកជាមុន) ហើយបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពតដើម្បីអនុវត្តតាមនីតិវិធី៕ ណារិទ្ធ






