(កំពត)៖ ជនបរទេសជាជនជាតិបារាំងម្នាក់បានជិះម៉ូតូម៉ាកអ៊ែប្លែតក្នុងស្ថានភាពស្រវឹងស្រាយ៉ាងជោគជាំលុះដល់ចំណុចផ្លូវបត់កែងដៃខាងត្បូងសាលាខេត្តបានជ្រុលចង្កូតទៅបុករបងថ្មរៀបឥដ្ឋបណ្តាលឲ្យបោកក្បាលស្លាប់យ៉ាងអណោចអធ័មនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៧ក្រោយពេលសមត្ថកិច្ចទទួលបានពត៌មានមកថា៖មានជនបរទេសម្នាក់ស្លាប់នៅលើផ្លូវកាច់ជ្រុងខាងត្បូងសាលាខេត្តកំពតស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ តាមរយៈនេះលោកវរសេនីយ៍ឯកសៅ សំអឿន ស្នងការរងខេត្តបានឲ្យដឹងថា៖ កំលាំងសមត្ថកិច្ចបានចុះពិនិត្យដើម្បីឲ្យដឹងហេតុការណ៍ក្រែង ជាករណីឃាតកម្មលើជនរងគ្រោះ។
លោកបានបន្តទៀតថា ៖ ក្រោយពីកំលាំងជំនាញចុះដល់កន្លែងកើតហេតុយើងទទួលបានលទ្ឋផលដូចខាងក្រោម៖ជនរងគ្រោះ ឈ្មោះPHILIPPE Medina, Emeric ភេទប្រុស កើត 01-02-1988 ជនជាតិ បារាំង កាន់លិខិតឆ្លងដែនលេខ 16CZ62385 , មុខរបរទេសចរណ៍។ នគរបាលជំនាញបច្ចេកទេស និងគ្រូពេទ្យជំនាញ ពិនិត្យសព ឃើញថា៖ ជនរងគ្រោះស្លាប់៥ ម៉ោងក្រោយពេលពិនិត្យ គឺប្រហាក់ប្រហែលម៉ោង១
ឬ២ទៀបភ្លឺ នៃព្រឹកថ្ងៃទី៣ខែធ្នូ ឆ្នាំ២០១៧ ដោយសសារ ដួលម៉ូតូ (មិនមែនជាករណីឃាតកម្មនោះទេ)។
លោកបានបន្តឲ្យដឹងពីដំណើររឿងថា ៖ បើតាមប្រភពព័ត៌មានពីកន្លែងជនរងគ្រោះស្នាក់នៅ គឺមុនពេលកើតហេតុជនរងគ្រោះនិងមិត្តភ្ក្តិម្នាក់ ទៀតឈ្មោះLAOENTHEOSភេទប្រុស កើត 5-10-1989 ជនជាតិរុស្សី កាន់លិខិតឆ្លងដែន17AK36290 បានជួលម៉ូតូ១គ្រឿង នាំគ្នាដើរលេង ហូបចុកជាមួយគ្នា លុះពេលរំលងអធ្រាត្រ ក៏បាននាំគ្នាជិះម៉ូតូទៅបន្ទប់ជួលវិញ ប៉ុន្តែដោយសារស្រវឹងខ្លាំងពេក ទើបជិះម៉ូតូ ហួសផ្លូវដែលបត់កែងដៃហើយជ្រុលចង្កូតបុកនឹងរបងថ្មដួលតែម្តង ប៉ុន្តែខណៈនោះមិត្តភក្តិជាជនជាតិរុស្សុី មិននឹកស្មានថាមិត្តភក្តិដែលផឹកសីុជាមួយគ្នាស្លាប់នោះទេ ណាមួយស្រវឹងខ្លាំងផង ក៏បានចោលម៉ូតូនៅកន្លែងកើតហេតុ ហើយ ដើរទៅផ្ទះជួល ទាំងវង្វេងទិស ដោយស្មានថាមិត្តភក្តិ ជាជនរងគ្រោះទៅជាមួយដែរ។ លុះព្រឹកឡើង ទើបដឹងថាជនរងគ្រោះជាមិត្តបានស្លាប់បាត់ទៅហើយ។
បច្ចុប្បន្ន ផែនអន្តោប្រវេសន៍បានទាក់ទងទៅស្ថានទូតសាម៉ី ដើម្បីបញ្ជូនសពទៅភ្នំពេញ (ពេទ្យរុស្សី) តាមជាក់ស្តែង។
គួររំលឹកថា៖ បើតាមប្រភពព័ត៌មានពីលោកអធិការក្រុងកំពតជនបរទេសដែលមកស្នាក់នៅក្នុងក្រុងកំពត ក្នុងនាមភ្ញៀវទេសចរណ៍ បានស្លាប់ ដោយករណីផ្សេងៗអស់ប្រមាណជិត១០នាក់ហើយ ក្នុងអំឡុងត្រីមាសចុងឆ្នាំ២០១៧នេះ ហើយការស្លាប់ភាគច្រើនគឺជម្ងឺគាំងបេះដូង លង់ទឹកព្រែក និងគ្រោះថ្នាក់ចរាចរណ៍ជាដើម៕ ណារិទ្ធ





