កែប ៖ គណៈកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៧ បានធ្វើកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យមើលទីតាំងសម្រាប់រៀបចំពិធីបុណ្យសមុទ្រ លើកទី៦ជុំទី២ នៅខេត្តកែប ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកយូ ស៊ុនឡុង រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប អមដំណើរដោយសហការីជាច្រើនរូប មកពីគ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធនានាផងដែរ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក អភិបាលនៃគណៈអភិបាល ទូទាំងខេត្តនៃតំបន់ឆ្នេរសមុទ្រ រួមមាន ខេត្តកំពត ព្រះសីហនុ និងកោះកុង មេបញ្ជាការកងកម្លាំងទាំងបី គណៈកម្មការ និងអនុគណៈកម្មការរៀបចំបុណ្យសមុទ្រ។
ជាកិច្ចចាប់ផ្តើម លោកកែន សត្ថា អភិបាលខេត្តកែប បានលើកឡើងយ៉ាងដូច្នោះថា៖ ការរៀបចំពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២នៅខេត្តកែប នឹងបានជម្រុញតាមយន្តការរបស់អង្គការអន្តរក្រសួង ដែលបានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗ ដូចជាការតុបតែង កែលម្អ សម្រាប់ញាំុងពិធីនោះ ប្រកបដោយភាពអធិកអធមបំផុត។លោកបានបញ្ជាក់ថា ការធ្វើពិធីបុណ្យសមុទ្រនេះស្ថិតក្រោមប្រធានបទ “ឆ្នេរសមុទ្របៃតង បច្ចុប្បន្នគឺអនាគត” ក្នុងន័យនេះសំដៅលើកកម្ពស់លើសក្តានុពល ដែលខេត្តកែបមានអំណោយផលផ្នែកបរិស្ថានធម្មជាតិ អាចជួយជម្រុញដល់ការអភិវឌ្ឍន៍តំបន់ទេសចរណ៍ឲ្យកាន់តែមានការលូតលាស់ថែមទៀត។
ជាមួយនេះដែរ លោកបណ្ឌិត ថោង ខុខ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា៖ ការរៀបចំពិធីបុណ្យសមុទ្រ ជុំទី២នៅខេត្តកែប ដែលនឹងត្រូវប្រព្រឹត្តរយៈពេលបីថ្ងៃចាប់ពី ថ្ងៃទី២២-២៤ខែធ្នូ ឆ្នាំ២០១៧ គឺសម្រាប់បង្ហាញផលិតផលសំខាន់ៗ ពិសេសផលិតផលក្នុងស្រុក ដើម្បីបញ្ជាក់ពីវិស័យអទិភាពជាច្រើន របស់ខេត្តទេសចរណ៍ សម្រាប់បង្ហាញជូនរដ្ឋាភិបាលបានឃើញពីភាពរីកចម្រើនស្តីពីផលិតផលក្នុងស្រុកដែលជាស្នាដៃរបស់កសិករយើង។លោកបណ្ឌិតបានបន្តថា ចំពោះស្តង់ដែលត្រូវដាក់តាំងពិព័រណ៍ពាណិជ្ជកម្មក្នុងពិធីបុណ្យសមុទ្រខេត្តកែប ឆ្នាំនេះមានចំនួន៤០០ស្តង់សម្រាប់ប្រកួតប្រជែង ក្នុងនោះផលិតផលក្នុងស្រុកមានចំនួន២០០ស្តង់ និងផលិតផលរបស់បរទេសមានចំនួន២០០ស្តង់។លោកបណ្ឌិតបានបញ្ជាក់ផងដែរថា៖ ក្នុងពិធីបុណ្យសមុទ្រខាងមុខនេះ មានការប្រកួតកីឡាចំនួន៧ប្រភេទ មានកីឡាលើទឹក កីឡាលើគោក និងកីឡាលើអាកាស។ ប៉ុន្តែក្នុចំណោមកីឡាទាំងនោះ លោកសូមជម្រុញដល់កីឡាលើទឹ(ទូកក្តោង)ត្រូវមានសកម្មភាពឲ្យបានផុលផុស ដើម្បីញាំុងពិធីបុណ្យនេះ ឲ្យកាន់តែមានភាពអធិកអធម។ម្យ៉ាងទៀតបុណ្យសមុទ្រឆ្នាំនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ដូច្នេះអនុគណៈកម្មការដែលបានធ្វើកិច្ចប្រជុំនាពេលនេះ ត្រូវតែអនុវត្តតាមតួនាទីរបស់ខ្លួនឲ្យបានហ្មត់ចត់ ជៀសវាងមានហេតុការណ៍ផ្សេងៗកើតឡើងជាហថាហេតុ។
ក្នុងឱកាសនោះ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ឆ្លងតាមរយៈកិច្ចប្រជុំខាងលើនេះ លោកសំណូមពរដល់កំលាំងរៀបចំសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យសមុទ្រ ត្រៀមលក្ខណៈ ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដូចជាការបែងចែកកម្លាំងការពារនៅតាមទីសាធារណៈ ពិសេសការត្រួតពិនិត្យលើគ្រប់ដងវិថី ដើម្បីជាសុវត្ថិភាពសម្រាប់ជូនថ្នាក់ដឹកនាំ ក៏ដូចជាមហាជនគ្រប់មជ្ឈដ្ឋាន ដែលគាត់បានមកចូលរួមក្នុងពិធីនេះផងដែរ ៕
ណារិទ្ធ





