កែប ៖ សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តកែបក្នុងឆ្នាំសិក្សា២០១៦-២០១៧ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ត្រូវបានធ្វើពិធីចែកវិញ្ញាបនបត្របណ្តោះអាសន្ន និងផ្តល់រង្វាន់ នៅព្រឹកថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៧។ ពិធីនេះបានរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកែប និងលោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ហែរហមដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ព្រមទាំងមានការចូលរួមពីសំណាក់អស់លោក ជាប្រធាន អនុប្រធានមន្ទីរអង្គភាពទូទាំងខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់អង្គភាព ក្រុមយុវជនកាយរិទ្ធ ក្រុមយុវជន ស ស យ ក លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តកែប។
តាមរបាយការណ៍របស់ លោក កែន សត្ថា អភិបាលខេត្តកែប បានឲ្យដឹងថា ជាទូទៅក្នុងឆ្នាំ២០១៧នេះ ខេត្តមានមណ្ឌលប្រឡងសរុបចំនួន០២មណ្ឌល ស្មើនឹង១៤បន្ទប់ គឺមណ្ឌលអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ផ្នែកខាងត្បូង(ថ្នាក់វិទ្យាសាស្ត្រសង្គម)មាន១១បន្ទប់និងអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ខាងជើង (ថ្នាក់វិទ្យាសាស្ត្រ)មាន០៣បន្ទប់ ដែលមានបេក្ខជនបានចុះឈ្មោះក្នុងបញ្ជីប្រឡងសរុបចំនួន៣២២នាក់ ស្រីមានចំនួន១៦៥នាក់ ហើយចំណោមនោះមានសិស្សវត្តមានមិនបានមកប្រឡងចំនួន០២នាក់។ចំពោះលទ្ធផលប្រឡងឆ្នាំនេះ មានសិស្សជាប់និទ្ទេស A ចំនួន០២នាក់ ស្រី០១ និទ្ទេស B មានចំនួន០៧នាក់ស្រី០៥នាក់ និទ្ទេស C មានចំនួន៣៣នាក់ ស្រី១៩នាក់ និទ្ទេស D មានចំនួន៦៨នាក់ ស្រី៣៧នាក់និងនិទ្ទេស E មានចំនួន១៧៩នាក់ស្រី៨៩នាក់។លោកបានបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០១៧ គឺមានបេក្ខជនប្រឡងជាប់រហូតដល់ទៅ២៨៩នាក់ ស្រី១៥១នាក់ ស្មើនឹង៩០.៣១ភាគរយ នេះបើប្រៀបធៀបនឹងឆ្នាំ២០១៦ គឺកើនឡើង ២៣.៨៨ភាគរយឯណោះ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានបញ្ជាក់យ៉ាងដូច្នេះថា នេះជាប្រវត្តិសាស្ត្រមួយរបស់ខេត្តកែប ដែលសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សា ឆ្នាំ២០១៧នេះទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយមានតួលេខឡើងខ្ពស់ហួសពីការស្មាន រហូតដល់៩០.៣១ភាគរយ ហើយនេះបើយើងរៀបធៀបជាមួយបណ្តាខេត្តនានាទូទាំងប្រទេសគឺទទួលបានចំណាត់ថ្នាក់លេខ២។លោកបានបន្ថែមថា ខេត្តកែបកន្លងមកមិនដែលមានបេក្ខជនណាប្រឡងជាប់និទ្ទេសល្អ(និទ្ទេស A) ដូចឆ្នាំនេះទេ នេះអាចចាត់ទុកជាប្រវត្តិសាស្ត្រមួយដែលក្នុងចំណោមសិស្សប្រឡងជាប់សញ្ញាបត្រចំនួន២៨៩នាក់ ទទួលបាននិទ្ទេស A រហូតដល់ពីរនាក់នោះ ។លោកថា ការប្រឹងប្រែងរបស់ក្មួយៗនឹងបានជួយលើកមុខមាត់ដល់លោកគ្រូ អ្នកគ្រូព្រមទាំងក្រុមគ្រួសារផងដែរ។ដូច្នោះដើម្បីលើកទឹកចិត្តដល់ក្មួយជាសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងបានពិន្ទុល្អបែបនេះ លោកនឹងផ្តល់រង្វាន់ម៉ូតូ(ZOOMER-X) ដល់សិស្សជាប់និទ្ទេស A ម្នាក់មួយគ្រឿង ។
ក្រៅពីនោះ លោកអភិបាលខេត្តកែបក៏បានផ្តល់រង្វាន់លើកទឹកចិត្តដល់ក្មួយដែលជាប់និទ្ទេស Aក្នុងម្នាក់ ថវិកាចំនួន១៥០០ដុល្លាអាមេរិកបន្ថែមទៀត។ដោយឡែកសិស្សដែលប្រឡងជាប់និទ្ទេស B .C.DនិងE ក៏ត្រូវបានទទួលការឧបត្ថម្ភពីគណៈអធិបតីផងដែរ។ក្នុងខណៈនោះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រុញដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំក្រោយ សូមខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីប្រឡងយកនិទ្ទេសល្អៗឲ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីជួយលើកកិតិ្តយសខេត្តកែប ពិសេសជួយជម្រុញការស្តារ និងអភិវឌ្ឃន៍ប្រទេសជាតិប្រកបដោយភាពរីកចម្រើន ៕
ណារិទ្ធ





