(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.ក.)។ កិច្ចប្រជុំនេះក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលើសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ការអនុវត្តច្បាប់ និងវិធានការឆ្លើយតបនានានាពេលកន្លងមក ដើម្បីពិនិត្យមើលចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈម ដែលត្រូវដោះស្រាយជាបន្ទាន់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍ និងណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់រាជធានី-ខេត្ត ឱ្យបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្តោតលើ ការកាត់បន្ថយអត្រាស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍, ការបង្កើនការអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឱ្យដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងការត្រួតពិនិត្យជាតិអាល់កុល និងល្បឿនបើកបរនៅតាមដងផ្លូវសំខាន់ៗ។
ជាការឆ្លើយតបលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានកត់ត្រានូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដើម្បីយកមកអនុវត្ត និងពង្រឹងកិច្ចសហការ រវាងកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងការធានាសុវត្ថិភាព សណ្តាប់ធ្នាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ឱ្យនៅកម្រិតទាបបំផុតផងដែរ៕

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


