មណ្ឌលគិរី ៖ កាលពីព្រឹកថ្ងៃទី២៨ មករា ២០១៦ក្បែរស្ពានអូរផ្លាយ ស្ថិតក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា បុរសម្នាក់ត្រូវបានគេឃើញដេកស្លាប់ក្នុងរថយន្ត បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលស្រែអំពូម ដែលបានពិនិត្យសាកសពជនរងគ្រោះឲ្យដឹងថា សមត្ថកិច្ចមិនបានរកឃើញស្លាកស្នាមអ្វីដែលពាក់ព័ន្ធជាមួយអំពើសម្លាប់ ឬធ្វើអត្តឃាតខ្លួនឯងនោះទេ តែជនរងគ្រោះអាចនិងស្លាប់ដោយសារខ្យល់គរ ទំនងដោយសារតែជនរងគ្រោះហត់នឿយជាមួយការងារពេក មិនមានពេលសម្រាកគ្រប់គ្រាន់ ហើយម្យ៉ាងទៀតគាត់សម្រាកក្នុងរថយន្តតែម្នាក់ឯង ។
ទោះជាយ៉ាងណា គេមិនបានដឹងថា គាត់បានស្លាប់តាំងពីម៉ោងប៉ុន្មានទេ រហូតទាល់តែមានអ្នកភូមិដើរទៅអើតមើលតាមបង្អូចទ្វាររថយន្តទើប ដឹងថាមានមនុស្សស្លាប់ក្នុងឡាន។
ជនរងគ្រោះមានឈ្មោះ ភាន់ ហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិពូរាំង ឃុំប៊ូស្រា ស្រុកពេជ្រាដា ជាថៅកែទិញដំឡូងមី។សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅ៕
ដោយ ៖ ហេង ចាន់ណុប




