(ខេត្តកែប)៖ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយកន្លែងត្រង់ចំណុចមុខសាលាក្រុងកែប ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ត្រូវមជ្ឃដ្ឋានក្នុងតំបន់លើកឡើងថា បានកើតឡើងជាងមួយឆ្នាំមកហើយ ប៉ុន្តែករណីវិវាទនេះ បែរជាមិនទាន់មានដំណោះស្រាយណាមួយពីអាជ្ញាធរក្រុងកែបនៅឡើយទេ បើទោះជាចំណុចដីទំនាស់ខាងលើនេះ មានប័ណ្ណកម្មសិទ្ធិរួចរាល់ទៅហើយក្តី។
ប្រភពដដែលបានបង្ហើបដែរថា ដើមចមនៃការវិវាទដ៏ក្តៅគគុកនេះ ផ្តើមឡើងដោយសារភាគី ឈ្មោះ កាម នឿន ដែលគាត់អះអាងថាបានអាស្រ័យផលនៅលើដីចំណីផ្លូវរបស់រដ្ឋតាំងពីយូរយារណាស់មកហើយ ទើបឈ្មោះ កាម នឿន បានប្តឹងទៅអាជ្ញាធរក្រុងកែប ឱ្យជួយចាត់ការ គឺមិនឱ្យម្ចាស់ប្លង់កម្មសិទ្ធិ ឈ្មោះ ហុង សារ៉េត ចាក់ដីឬដាក់លូ នៅចំណុចដីចំណីផ្លូវស្ថិតក្នុងប្លង់កម្មសិទ្ធិឡើយ។
ទាក់ទិននឹងករណីកម្រកលតឡើងនេះ មហាជនជាច្រើនកំពុងឆ្ងល់ថា តើអាជ្ញាធរក្រុងកែប គួរដោះស្រាយបែបណា? ខណៈ លោក កាម នឿន ត្រឹមជាអ្នកអាស្រ័យផល នៅលើប្លង់កម្មសិទ្ធិរបស់គេ បែរជាហ៊ានបញ្ជាទៅលោកស្រី អភិបាលក្រុងកែប ឱ្យបង្អាក់ដំណើរការចាក់ដី-ធ្វើលូ លើទីតាំង ដែលមានប្លង់កម្មសិទ្ធិស្របច្បាប់រួចទៅហើយនោះ។
មជ្ឈដ្ឋានដដែលបានបញ្ជាក់ផងដែរថា រឿងបញ្ហាដីធ្លី កន្លងមក ប្រមុខដឹកនាំខេត្ត តែងតែលើកឡើងនៅក្នុងកិច្ចប្រជុំនានាថា ការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានរួចរាល់ គឺបានបំបាត់នូវជម្លោះផ្សេងៗ ពោលគឺគ្មានអ្នកណាបំពានអ្នកណានោះទេ តែបើមានភាគីណាបង្កបញ្ហា ឬរំលោភបំពានលើប្លង់កម្មសិទ្ធិរបស់គេ ដាច់ខាតអ្នកទាំងនោះត្រូវតែមានទោសតាមច្បាប់ជាធរមាន។
ចំពោះករណីទំនាស់ដីធ្លីមួយកន្លែងខាងលើ ចំណុច(ផ្លូវជាតិលេខ33A) ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប អ្នកកាន់ប្លង់កម្មសិទ្ធិ ឈ្មោះ ហុង សារ៉េត បែរជាត្រូវរងនូវការបំពានពីភាគី ឈ្មោះ កាម នឿន ដោយបុគ្គលខាងលើនេះ បានរារាំងមិនឱ្យម្ចាស់ប្លង់កម្មសិទ្ធិប្រើប្រាស់ដីស្ថិតលើចំណីផ្លូវឡើយ ចុះបើមានករណីទន្ទ្រានមកលើប្លង់កម្មសិទ្ធិបែបនេះ តើត្រូវមានទោសដែរទេ? ។
ជុំវិញករណីវិវាទដីធ្លីខាងលើនេះ លោកស្រី ទិត សុខា អភិបាលក្រុងកែប បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ថា ទំនាស់វិវាទនេះបានកើតឡើងជាយូរមកហើយ ដោយរដ្ឋបាលក្រុងកែប បានរកដំណោះស្រាយ ៤ លើកមកហើយដែរ នៅតែមិនបានសម្រេច ដោយភាគីទាំងសងខាងនៅតែទាមទារចង់បានដីចំណីផ្លូវនេះជាកម្មសិទ្ធិដូចគ្នា ។ដូច្នេះ បើករដ្ឋបាលក្រុងអស់លទ្ធភាពដោះស្រាយហើយ មានតែរុញបន្តទៅឱ្យរដ្ឋបាលខេត្តចាត់ការវិញចុះ។
ទោះជាបែបនេះក្តី មជ្ឈដ្ឋានក្នុងតំបន់ នៅតែបន្តលើកឡើងថា អាជ្ញាធរក្រុងកែប ពិតជាមិនហ៊ានអារកាត់រកអ្នកឈ្នះ អ្នកចាញ់នោះឡើយ មិនខុសនឹងពាក្យថា”ហាស្លាក់ ខ្ជាក់ស្លែង” ទើបអ្នកអាស្រ័យផលដែលគ្មានប័ណ្ណកម្មសិទ្ធិអីផង ហ៊ានបំពានលើប្លង់កម្មសិទ្ធិរបស់គេ ដោយគ្មានខ្លាចញញើតនឹងច្បាប់បែបនេះ។
ទាក់ទិននឹងរឿងដែលមិនគួរកើតឡើងបែបនេះ ម្ចាស់ប្លង់កម្មសិទ្ធិ ឈ្មោះ ហុង សារ៉េត សំណូមពរយ៉ាងទទូចដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេស លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប មេត្តាជួយរកយុត្តិធម៌ជូនក្រុមគ្រួសារគាត់ផង៕ សេង ណារិទ្ធ



