(កណ្តាល)៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២០នេះ លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង និងលោកស្រី សែម ចាន់ថូ អភិបាលរងស្រុកស្អាង ឧបនាយករដ្ឋមន្ត្រី ប្រាក់បសុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជន ប្រធានក្រុមការងាររដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្អាង លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងសម្រេចចិត្តក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកស្អាង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិ នារី ៨ មីនា ២០២០ ក្រោមប្រធានបទ៖ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» នៅសាលប្រជុំសាលាស្រុកស្អាង។
នៅក្នុងឱកាសនោះ លោកជំទាវប្រាក់ច័ន្ទណយរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកស្អាង បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី ១០៩ វិវាអន្តរជាតិ 8មីនាឆ្នាំ ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ជូនដល់អង្គពិធី។
លោកស្រី សែម ចាន់ថូ អភិបាលរងស្រុកស្អាង បានឡើងអានចំណាប់អារម្មណ៍សម្តែងនូវកោតសរសើរដល់នារីក្នុង ស្រុក ឃុំ ភូមិ ដែលបានចូលរួមជាមួយនារី ទូទាំងប្រទេស ដើម្បីរៀបចំពិធីនេះ ក្នុងគោលដៅ រំលឹកដល់ការតស៊ូ ព្យាយាម អត់ធ្មត់ និងចូលរួមធ្វើការកែប្រែឥរិយាបថ របស់មនុស្សឱ្យទទួលស្គាល់ និងផ្តល់ឱកាសដល់ស្ត្រី ទទួលបានអត្ថប្រយោជន៍ ពីធនធានសេដ្ឋកិច្ចសង្គម និងសិទ្ធិជាពលរដ្ឋស្មើគ្នាជាមួយបុរស ដើម្បីធ្វើឱ្យជីវិតរស់នៅឈានឆ្ពោះ ទៅរកភាពសុខដុមរម្យនា និងភាពសម្បូររុងរឿងរួចផុតពីភាពងាយរងគ្រោះ។
លោក ញឹម វណ្ណឌិន អភិបាល នៃគណៈអភិបាលស្រុកស្អាង បានលើកឡើងថា ប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមាសភាពយេន ឌ័រ» គឺបានផ្តល់ន័យយ៉ាងសំខាន់ និងទូលំទូលាយ ក្នុងការចូលរួមរបស់បុរស និងស្ត្រីដែលទទួលយកបាននូវសិទ្ធិស្មើគ្នាឱកាសដូចៗគ្នា ហើយជាដៃគូរដ៏សក្តិសម និងការទទួលបាន ដោយការគាំទ្រ យ៉ាងពេញទំហឹងពីរដ្ឋាភិបាលពីមជ្ឈដ្ឋានជាតិ អន្តរជាតិ និងសង្គមកម្ពុជាទាំងមូលជាពិសេស គឺស្ត្រីខ្លួនឯងផ្ទាល់ សម្រាប់ផ្តល់ជាធនធានមនុស្ស ប្រកបដោយសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីជំរុញ និងពន្លឿនកិច្ចរអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឱ្យឈាន ទៅរកភាពរីកចំរើនរុងរឿង ខណៈដែលប្រទេសជាតិយើងកំពុងទទួលបាននូវសុខសន្តិភាព ពេញផ្ទែប្រទេសនោះ។ ម្យ៉ាងវិញទៀត ការប្រារព្ធទិវាខាងលើនេះដែរ ក៏មានគោលបំណងបន្តរំលេចអំពីតម្លៃ ដែលមិនអាចកាត់ថ្លៃបាន នៃសន្តិភាព ដែលយើងទាំងអស់គ្នាកំពុងអរគុណសន្តិភាព។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអនុប្រធានក្រុមការងារបក្សអនុប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាលនិងជាប្រធានក្រុមការងារបក្សប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាងបានមានមតិសំណេះសំណាល
ក្នុងឱកាសនោះក៏បានលើកឡើងសំណូមពរទៅដល់ស្ត្រីទាំងអស់ ត្រូវចេះគិតគូរអំពីខ្លួនឯងជាមុនសិន ថ្វីត្បិតតែបញ្ហាស្ត្រី គឺជាបញ្ហា របស់យើងទាំងអស់គ្នាត្រូវគិត ពីព្រោះថាស្ត្រី គឺជាឆ្អឹងខ្នងនៃសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈនេះក៏សូមឱ្យបងប្អូនជាស្ត្រីគ្រប់ៗ គ្រប់រូបត្រូវពង្រឹងសមត្ថភាពការងារ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីមានចំណេះដឹង និងសមត្ថភាពខ្ពង់ខ្ពស់ ហើយទទួលឱកាសចូលរួមចំណែកក្នុងសកម្មភាពនានា ទាំងឆាកនយោបាយនិងសង្គម។ ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា ខួបលើកទី១០៩ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២០នេះ ក្រោមប្រធានបទ “ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ “ ក្នុងគោលបំណងបន្តរំលេចពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និង “ អរគុណសន្តិភាព” ដែលបានប្រែក្លាយប្រទេសកម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ និងបែកបាក់ទឹកដី ទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក។
ឯកឧត្ដមបន្តថា សមិទ្ធផលទាំងឡាយដែលសម្រេចបាន ពិតជាអាស្រ័យដោយប្រទេសជាតិមានសន្តិភាព សុវត្ថិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងមានការចូលរួមពីគ្រប់ស្ថាប័ន គ្រប់លំដាប់ថ្នាក់ ក្នុងនោះក៏មិនអាចកាត់ផ្តាច់ចេញបានពីការចូលរួមយ៉ាងសកម្មរបស់ស្ត្រីផងដែរ។
ឯកឧត្ដមបានអំពាវនាវ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ សូមបន្ត ចូលរួមការពារ និងថែរក្សា សន្តិភាព ស្ថេរភាព សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ឲ្យបានគង់វង្ស។ សន្តិភាពជាមូលដ្ឋានគ្រឹះ នៃការធានាបាននូវសមភាពយេនឌ័រ និងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចទាំងក្នុងវិស័យសាធារណៈ និងនយោបាយព្រមទាំងចូលរួមបន្តជំរុញការកែប្រែឥរិយាបថរបស់សង្គមដែលនៅមានការរើសអើងចំពោះស្ត្រី តាមរយៈការផ្តល់ការគាំទ្រ ការលើកទឹកចិត្ត ការផ្តល់ឱកាស ឲ្យស្ត្រីបានចូលរួមគ្រប់ដណើរការនៃកិច្ចអភិវឌ្ឍន៍សង្គមប្រកបដោយស្មើភាពជាមួយបុរសដោយចាត់ទុកស្ត្រីជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គម “ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច” “ជួយស្ត្រី គឺជួយខ្លួនឯង”។ស្ត្រីខ្លួនឯង ត្រូវខិតខំបង្កើននូវចំណេះដឹង ជំនាញ និងសមត្ថភាពព្រមទាំងរក្សាឲ្យបានប្រពៃនូវសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរដើម្បីធានាបាននូវការលើកកម្ពស់ សក្តានុពលរបស់ស្ត្រីក្នុងសង្គមជាតិ។
នេះសរបញ្ជាក់ថា ការលើកសមភាពយេនឌ័រកើតមាននៅក្នុងប្រទេសដែលមានសុខសន្តិភាព មានការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចកើនឡើង ហើយទាំងនោះផ្តល់ផលប្រយោជន៍ដល់ស្ត្រី។
ចុងបញ្ចប់ ក្នុងឱកាសនោះ ក្រុមការងារក៏បានជូនអំណោយដល់អ្នកចូលរួមម្នាក់ៗសារ៉ុងសូត០១និងប្រាក់ចំនួន៥ម៉ឺនរៀលថ្នាំដាក់ភ្នែកមួយខបផងដែរ សរុបចំនួនជាង ៥៥០នាក់ក្នុងនោះស្ត្រីមាន២៥៤នាក់៕
ដោយ ហុក វិបុល



















