(ខេត្តកំពត)៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ប្រមាណជាង១០០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដើម្បីមកតវ៉ារឿងវិវាទដីធ្លី ដែលអាជ្ញាធរខេត្តកំពត ជាច្រើនជំនាន់ដោះស្រាយមិនចេញ ហើយវិវាទនេះក៏បានបន្តរហូតមកទល់បច្ចុប្បន្ន។
ទាក់ទិននឹងការប្រមូលផ្តុំគ្នានៅមុខសាលាដំបូងខេត្តនេះ តាមសំដីប្រជាពលរដ្ឋបានបញ្ជាក់អះអាងថា តាមការពិតពួកគាត់មិនចង់មកឈរនៅទីនេះទេ តែដោយសារតែកើតទុក្ខមិនសុខចិត្ត ព្រោះខណៈនេះតុលាការបានកោះហៅតំណាងរបស់ខ្លួនមកសាកសួរជាបន្តបន្ទាប់។ ពួកគាត់បានអះអាងទៀតថា ដីដែលកំពុងមានវិវាទនេះ មានបញ្ជីឈ្មោះប្រជាពលរដ្ឋចំនួន១៨៩គ្រួសារ ប៉ុន្តែខាងជំនាញរដ្ឋបាលព្រៃឈើខេត្តកំពតបែរជាដាក់បន្ទុកទៅលើពលរដ្ឋមួយចំនួនក្នុងចំណោមនោះថា បានរស់នៅ និងអាស្រ័យផលលើដីរដ្ឋ(គម្របព្រៃឈើ)ទៅវិញ ទើបគាត់បបួលគ្នាមកតុលាការខេត្ត ដើម្បីតវ៉ាតែម្តង។
ពាក់ព័ន្ធនឹងករណីខាងលើ លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត បានឱ្យដឹងថា តាមពិតប្រជាពលរដ្ឋដែលមកផ្តុំគ្នានៅមុខសាលាដំបូងខេត្តនេះ សុទ្ធសឹងជាមេខ្យល់ដើរញុះញង់ដើម្បីឱ្យប្រជាពលរដ្ឋទន្ទ្រានយកដីព្រៃរបស់រដ្ឋ(ដីគម្របព្រៃឈើ)ដែលត្រូវរក្សាការពារដោយជំនាញ ដោយពួកគាត់បានយករូបភាពពលរដ្ឋ១៨៩គ្រួសារមកធ្វើជាលេសប៉ុណ្ណោះ ហើយអំឡុងពេលថ្មីឺនេះ កម្លាំងក៏បាន ឃាត់មេខ្យល់ដែលតែងតែញុះញង់ចំនួន៦នាក់ ដើម្បីឱ្យស្ថាប័នច្បាប់ចាត់ការតាមនីតិវិធី។
សូមជម្រាបថា បើតាមប្រភពពីមជ្ឈដ្ឋាននានាបានលើកឡើងថា ករណីវិវាទដីធ្លីស្ថិតចំណុចភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពតនេះ បានកើតឡើងជាយូរលង់ ថែមទាំងបានក្លាយជាជំងឺរាុំរ៉ៃទៅហើយ ដោយកន្លងមកគេសង្កេតឃើញប្រជាពលរដ្ឋដែលអះអាងថាមានដីកំពុងអាស្រ័យផលនៅទីនោះ បាននាំគ្នាមតវ៉ានៅមុខសាលាខេត្តកំពត ដើម្បីសុំអន្តរាគមន៍ពីលោកអភិបាលខេត្តកំពតជាហូរហែរ។ប៉ុន្តែរហូតមកដល់ពេលនេះហាក់មិនទាន់មានការដោះស្រាយដ៏ជាក់លាក់ណាមួយនៅឡើយទេ ដោយគេកំពុងឆ្ងល់ថា តើមានវាំងននខ្មៅអីនៅពីក្រោយទៅ ទើបដំណោះស្រាយដីធ្លីនៅតំបន់នោះនៅតែបន្តអូសបន្លាយដ៏យូរអង្វែងបែបនេះអីញ្ចឹង!។
ជាមួយគ្នានេះ មហាជនពិតជាសង្ឃឹមជឿជាក់ថា លោក ជាវ តាយ អភិបាលខេត្តកំពត នឹងជួយរិះរកដំណោះស្រាយដោយតម្លាភាពនិងដោយយុត្តិធម៌ ដើម្បីព្យាបាលបញ្ចប់ជំងឺដ៏រ៉ាំរ៉ៃនេះ៕ សេង ណារិទ្ធ






