ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
បាត់ដំបង៖ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមក្នុងខេត្តបាត់ដំបងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ជំនួបនេះធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
មានរបាយការណ៍ស្វាគមន៍ក្នុងឱកាសនោះ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង លើកឡើងថា នៅក្នុងខេត្តបាត់ដំបងមានប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប ដែលបម្រើលើការងារព័ត៌មាននិងសោតទស្សន៍ មានដូចជាស្ថានីយវិទ្យុFMសរុបមានចំនួន២៨ស្ថានីយ ស្ថានីយទូរទស្សន៍មានចំនួន២១ស្ថានីយ គេហទំព័រព័ត៌មានចំនួន៣៦។ ក្នុងនោះប្រតិបត្តិករ(អ្នកសារព័ត៌មាន) ដែលអនុវត្តនៅក្នុងវិស័យនេះមានចំនួនប្រមាណជិត២០០នាក់ និង អ្នកផលិតមាតិកាលើបណ្តាញសង្គមក្នុងខេត្តបាត់ដំបងមានយ៉ាងតិច៦០នាក់។ ភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយនេះ ឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួង និងរដ្ឋបាលខេត្តជាសេនាធិការក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។
លោក សុវណ្ណ វិទិត្យា ថ្លែងអំណរគុណជូនដល់មន្ត្រីគ្រប់រូបនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង អ្នកសារព័ត៌មាន អ្នកផលិតមាតិកាលើបណ្តាញសង្គម យុវជនសសយក តួអង្គពាក់ព័ន្ធ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុការងារ បន្តថែររក្សាជួយលើកស្ទួយកិច្ចការងារផ្សព្វផ្សាយរបស់ខេត្តបាត់ដំបងតាំងពីដើមរហូតមក ជាពិសេស ក្នុងអំឡុងពេលដែលប្រទេសជាតិរបស់យើងនិងខេត្តរបស់យើងរងនូវការឈ្លានពានពីសំណាក់អមិត្ត។ការចូលរួមគ្រប់ចំណែករបស់អ្នកទាំងអស់គ្នាបង្ហាញពីការពូនជ្រំសាមគ្គីគ្នាដែលមិនអាចកាត់ថ្លៃបានបង្ហាញជាគំរូដ៏ល្អក្រោមការដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ លើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាសូមចូលរួមផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ចរាចរណ៍ អនាម័យបរិស្ថាន និងបញ្ជ្រាបឱ្យប្រជាពលរដ្ឋបានយល់ដឹងពីរបៀបប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន ។
ឯកឧត្តម បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន និងអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមអភិបាលខេត្ត លើកឡើងបន្ថែមថា ខេត្តបាត់ដំបងបានទទួលគម្រោងធំៗចំនួន៣ដែលជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)អនុវត្តន៍គម្រោងដោយក្រសួងសាធារណការនិងដឹកជញ្ជូនរួមមាន៖ទី១.ការសាងសង់ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាមស្រុកបាណន់ដែលបាននិងកំពុងប្រើប្រាស់ដែលជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា,ទី២.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងបានសាងសង់រួចរាល់១០០ភាគរយបានប្រមូលទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ១០ហិកតា នៅស្រុកសង្កែមុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលឱ្យអាចប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ។ទី៣.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹងបានសាងសង់រួចរាល់ដែលត្រូវប្រមូលទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ៨,៩ហិកតា នៅស្រុកឯកភ្នំ។
ឯកឧត្តម គូសបញ្ជាក់ពីការរៀបចំសង្រ្កាន្តបាត់ដំបងឆ្នាំនេះធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ ព្រមទាំងកៀរគរធនធានដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ។
ឯកឧត្តម រំលេចបន្ថែមថា សង្ក្រាន្តបាត់ដំបងឆ្នាំនេះ មានរៀបចំកម្មវិធីសិល្បៈរួមមាន ការសម្ដែងល្ខោនខោល និងរបាំនានា ការប្រគំតន្ត្រីចង្វាក់ប្រពៃណី ការរាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំង បង្ហាញនូវផលិតផលនៃបណ្តាក្រុង-ស្រុកទាំង១៤ ការបង្ហាញរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង។
ឯកឧត្តម ជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឱ្យបានផុសផុលដើម្បីទាក់ទាញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានច្រើនកុះករ៕
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តបាត់ដំបងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
បាត់ដំបង៖ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តបាត់ដំបងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ពិធីសំណេះសំណាលនេះធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
មានរបាយការណ៍ស្វាគមន៍ក្នុងឱកាសនោះ លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការគ្រប់រូបដែលបានបំពេញភារកិច្ចយ៉ាងសកម្ម មិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងការបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង។ថ្វីត្បិតតែស្ថានភាពការងារប្រចាំថ្ងៃ និងកម្មវិធីរបស់រដ្ឋបាលខេត្តបាត់ដំបងមានភាពមមាញឹកច្រើនក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្តបានខិតខំបំពេញការងារ មានស្មារតីសាមគ្គីភាពខ្ពស់ មានឆន្ទៈរួមគ្នា និងសហការគ្នាយ៉ាងល្អសម្រេចរាល់កិច្ចការដែលថ្នាក់ដឹកនាំប្រគល់ជូន។
លោក យ៉ូវ សេងគុណ គូសបញ្ជាក់ថា ក្រោមការដឹកនាំដោយផ្ទាល់ពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត រួមទាំងគណៈអភិបាល ថ្នាក់ដឹនាំ មន្ត្រីរាជការទាំង ព្រមទាំងមានការចូលរួមយ៉ាងសស្រាក់សស្រាំពីប្រជាពលរដ្ឋ ពាណិជ្ជករ អាជីវករ និងគ្រប់សមាសភាព បានធ្វើឱ្យខេត្តបាត់ដំបងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស មានលំនឹងផ្នែកសេដ្ឋកិច្ច កសិកម្ម ទេសចរណ៍ គ្រប់គ្រងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមបានល្អព្រមទាំងទទួលបានគម្រោងអភិវឌ្ឍន៍ជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តជាដើម។
ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ និងសម្ដែងនូវការកោតសរសើរចំពោះមន្រ្តីរាជការគ្រប់រូបដែលបានខិតខំបំពេញការងារបានយ៉ាងល្អ និងត្រូវបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ឯកឧត្តម សុខ លូ ណែនាំដល់មន្រ្តីរាជការត្រូវពង្រឹងសាមគ្គីភាពជួយគ្នាទៅវិញទៅមកបង្កើនទំនាក់ទំនងល្អក្នុងកន្លែងការងារដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតនិងបន្តបំពេញបេសកកម្មការងារបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង ដោយឯកឧត្តមបានចាត់ទុកការហត់នឿយរបស់មន្រ្តីរាជការ គឺជាក្ដីសុខរបស់រាស្រ្ត។
ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមសុខរួមទុក្ខបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនក្នុងខេត្តបាត់ដំបងយ៉ាងសកម្មពេញមួយឆ្នាំកន្លងមកនេះ ពិសេសក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ និងការអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋភៀសសឹកក៏ដូចជាគ្រួសារកងទ័ព៕



